រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់អន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី២៨ មករា គេឃើញកីឡាករកម្ពុជា និងថៃ២រូបធ្វើឱ្យបែកផ្កាភ្លើងពេញក្នុងសង្វៀនគួរឱ្យភ្ញាក់ផ្អើលដោយសារតែកីឡាករម្ខាងៗសុទ្ធតែបានបញ្ចេញសមត្ថភាពហើយប្រឹងប្រែងប្រកួតរៀងខ្លួនធ្វើឱ្យអ្នកទស្សនាពេញចិត្ត ។ ការប្រកួតមួយនេះ មនុស្ស១០ទាំង១០បានអះអាងថា កីឡាករកម្ពុជានឹងឈ្នះការប្រកួត១០០ភាគរយ ប៉ុន្តែនៅពេលការប្រកួតជាក់ស្ដែងបែរជាបានត្រឹមស្មើគ្នាហើយស្មើទាំងត្រូវគេមើលឃើញថា ចាញ់ប្រៀបថៃនោះទៅទៀត ។ ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីពាក់ព័ន្ធ២រូបបានទម្លាយឱ្យដឹងពីអាថ៌កំបាំង។
គ្មានអ្នកណាមិនស្រែកហ៊ោកញ្ជ្រៀវចំពោះការប្រកួតរវាងកីឡាករកម្ពុជាដែលត្រូវគេ
ស្គាល់ថាធ្លាប់ទទួលខ្សែក្រវាត់អន្តរជាតិមកពីប្រទេសថៃ មឿន សុខហ៊ុច ជាមួយនឹងកីឡាករថៃឈ្មោះYorth Sensak កាលពីរសៀលថ្ងៃអាទិត្យទី២៨ មករា នោះទេ ដោយសារតែកីឡាករទាំងពីរគឺគ្រាន់តែបើកឆាកភ្លាមធ្វើឱ្យម្នាក់ៗស្រឡាំងកាំងមិនហ៊ានប្រិច
ភ្នែកតែម្ដង ។ កីឡាករកម្ពុជាហាក់បង្ហាញអំនួតថា នឹងផ្ដួលកីឡាករថៃឱ្យសន្លប់ ឬឱ្យបោះបង់មុនចប់ទឹក ហើយក៏ប្រើបច្ចេកទេសវាយសម្រុកធ្វើឱ្យគូភាគីម្ខាងទៀតក្ដៅស្លឹកត្រចៀក ។ ប៉ុន្តែគោលបំណងមិនបានសម្រេចងាយៗនោះទេ ដោយសារតែកីឡាករថៃក៏ធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្តចំពោះការបង្ហាញខ្លួនដូចគ្នា ដោយបានធ្វើឱ្យកីឡាករកម្ពុជាបះជើងតាំងពីទឹកទី២ និងត្រូវរាប់ដល់៨ ប៊ិះនឹងបោះបង់ការប្រកួតនោះផង ។
ការប្រកួតរបស់អ្នកទាំងពីរកាន់តែក្ដៅគគុកចាប់ពីទឹកទី៣ ដោយកីឡាករកម្ពុជាបើកឆាកប្រយុទ្ធញាក់សាច់ទៅលើគូប្រកួត ហើយធ្វើឱ្យផ្ទុះសម្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងតែម្ដង ដោយសារតែលោកងើបពីរាប់គឺពោរពេញដោយកម្លាំង និងកំហឹងក្នុងការវាយលុកតែម្ដង ទើបធ្វើឱ្យការប្រកួតក្លាយជាឆាកប្រយុទ្ធទាក់ទាញសម្រាប់ជំនួបនោះ។
យ៉ាងណាមិញ ក្នុងទឹកទី៤ កីឡាករថៃបានក្លាយជាអ្នកវាយសង្គ្រុបបានល្អវិញ ដែលរឹតតែធ្វើឱ្យសំឡេងគាំទ្រផ្ទុះពេញសង្វៀនព្រោះតែកញ្ជ្រោលនឹងគូប្រកួតទាំងមូល ។ ក្នុងទឹកទី៥ ថ្វីដ្បិតថាម្នាក់ៗអស់កម្លាំងរៀងខ្លួន ប៉ុន្តែមិនធ្វើឱ្យម្នាក់ៗខកចិត្តនឹងការអត់ប្រយោជន៍ដូចជំនួបកីឡាករផ្សេងនោះទេ ដោយសារតែអ្នកទាំងពីរនៅតែខ្លាំងដដែល
ក្នុងការបើកឆាកប្រយុទ្ធ ។
យ៉ាងណាមិញ គេនៅតែមើលឃើញថា កីឡាករកម្ពុជាចាញ់ប្រៀបសម្រាប់ការប្រកួត ដោយទី១ត្រូវរាប់មួយលើក ទី២ដួលច្រើនលើកនៅលើសង្វៀន ហើយបើទោះជាលោកវាយល្អនៅទឹកទី៣ និងដើមទឹកទី៤ តែបើសម្លឹងមើលការប្រកួតទាំង៥ទឹកគឺកីឡាករថៃឈ្នះដាច់ ។ អ៊ីចឹងហើយទើបការផ្ដល់ពិន្ទុឱ្យស្មើបានក្លាយជាប្រធានបទមួយដែលធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត នៅពេលភាគីទាំងនោះយល់ថាការផ្ដល់ពិន្ទុគួរតែកុំយោគយល់ ។ ប៉ុន្តែក្រុមអ្នកគាំទ្រមួយក្រុមទៀត ក៏យល់ថា ការផ្ដល់ពិន្ទុដែលបានធ្វើឡើងគួរសម្រេចបែបនេះផងដែរ ដោយសារតែកីឡាករ មឿន សុខហ៊ុច បញ្ចេញថ្វីដៃបានល្អ ។
ពាក់ព័ន្ធនឹងហេតុផលឱ្យស្មើនេះក៏មានការបញ្ជាក់ពីគណៈកម្មការដែលបើកការប្រកួតផងដែរ ថាហេតុអ្វីបានជាសម្រេចឱ្យស្មើ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករថៃដែលបានមកប្រកួតជាមួយកីឡាករ មឿន សុខហ៊ុច គឺជាកីឡាករគូឯកនៅក្នុងប្រទេសថៃ ដោយតម្លៃខ្លួនរបស់កីឡាកររូបនេះក៏ខ្ពស់ជាងកីឡាករថៃដែលទូរទស្សន៍អាស៊ីអាគ្នេយ៍ធ្លាប់បាន
យកមកផងដែរ ។ លោកថា នៅក្នុងប្រទេសថៃ កីឡាករ Youth Sensak ឡើងប្រកួតតែគូឯកលើសង្វៀន និងគូឯកអន្តរជាតិប៉ុណ្ណោះ ដោយការប្រកួតរបស់គេក៏ត្រូវអ្នកគាំទ្រប្រដាល់ថៃកត់សម្គាល់ និងគាំទ្រខ្លាំងដែរ ។
អ៊ីចឹងហើយទើបកីឡាករថៃរូបនេះកម្រទទួលប្រកួតនៅក្នុងប្រទេសកម្ពុជា ដោយការមកប្រកួតម្ដងៗក៏លុះត្រាតែខាងសង្វៀននៅកម្ពុជាហ៊ានចំណាយខ្ពស់លើតម្លៃខ្លួន ហើយកីឡាករដែលត្រូវប្រកួតជាមួយគេក៏ត្រូវតែជាកីឡាករល្បីឈ្មោះ និងខ្លាំងដូចជាមឿន សុខហ៊ុច ជាដើម ។ លោកថា ហេតុផលដែលគូនេះត្រូវស្មើគឺជារឿងសមស្របបំផុត ដោយសារតែកីឡាករថៃគឺជាជើងខ្លាំងម្នាក់នៅក្នុងប្រទេសថៃ ដែលការឱ្យចាញ់លុះត្រាតែចាញ់ប្រៀបច្រើន ខណៈដែលកីឡាករកម្ពុជាក៏ជាកីឡាករល្បីឈ្មោះដែលពិបាកបំបាក់ទឹកចិត្ត ។
លោកថា ផ្អែកតាមការប្រកួត កីឡាករថៃពិតជាមានប្រៀបជាងទាំងសន្ទុះក្នុងការវាយលុក និងមានប្រៀបជាងទាំងការឱ្យកីឡាករកម្ពុជាត្រូវរាប់មួយលើក តែកីឡាករកម្ពុជាក៏ល្អក្នុងទឹកទី៣ និងដើមទឹកទី៤ដោយវាយសន្ធាប់បានល្អ និងត្រូវចំគោលដៅផងដែរ ទើបលោកសម្រេចឱ្យស្មើដើម្បីឱ្យភាគីខាងណាក៏អស់ចិត្តសម្រាប់ការប្រកួតក្រោយត្រូវបញ្ចប់ ។
លោកអះអាងថា ការប្រកួតគូនេះ បើឱ្យកីឡាករថៃឈ្នះនោះកីឡាករខាងកម្ពុជានឹងរិះគន់ថាមិនយល់មុខកីឡាករជាតិសាសន៍ខ្លួនឯង ហើយបើឱ្យកីឡាករខាងកម្ពុជាឈ្នះ ក៏ពិតជាថាស្ថាប័នរបស់លោកជាស្ថាប័នអយុត្តិធម៌ដូចគ្នាផងដែរ ។ អ៊ីចឹងហើយទើបលោកយល់ថា មានតែលទ្ធផលស្មើគ្នាតែមួយប៉ុណ្ណោះដែលអាចធ្វើឱ្យភាគីអ្នកគាំទ្រទាំង២អស់ចិត្ត ហើយមិនមានប្រតិកម្មណាមួយ បើទោះជាការផ្ដល់ពិន្ទុបែបនេះអាចធ្វើឱ្យកីឡាករថៃ និងក្រុមដែលដឹកនាំមកថាមិនសមបន្តិចក៏ដោយ។
លោក រាជ សូផែន ប្រធានគណៈកម្មការវិនិច្ឆ័យប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករទាំងពីរបើឱ្យអ្នកណាចាញ់គឺពិតជាមានប្រតិកម្ម ហើយលោកនៅតែមានការគាំទ្រដើម្បីឱ្យស្មើ ដោយសារតែការប្រកួតជាក់ស្ដែងគឺអត់មានអ្នកណាចាញ់ប្រៀបអ្នកណាទេ ទាំងបច្ចេកទេស និងការវាយសម្រុក ។
លោកអះអាងថា បើទោះជាកីឡាករកម្ពុជាត្រូវរាប់មួយលើកដែលនាំឱ្យមានការកាត់ពិន្ទុ ប៉ុន្តែសន្ទុះក្នុងការវាយចេញ និងត្រូវគោលដៅក៏លុបនឹងអ្វីដែលបានកាត់ពិន្ទុផងដែរ ទើបលោកយល់ថា មានតែលទ្ធផលស្មើប៉ុណ្ណោះដែលអាចជម្រះមន្ទិលហ្មងសៅរបស់កីឡាករទាំងពីរឱ្យចប់សព្វគ្រប់ ៕
ចែករំលែកព័តមាននេះ