ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ ចំរើន ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​អន្តរជាតិ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ មក​រា ឆ្នាំ​២០១៨ នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ មក​រា ឆ្នាំ​២០១៨ នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សង្វៀន​នេះ​ទើបតែ​ជម្រើស​បាន​ជើងឯក​ក្នុង​ចំណោម​៣២​រូប​ឱ្យ​ក្លាយជា​ម្ចាស់​ជើងឯក​កាលពី​២​ស​ប្ដា​ហ៍​មុន ។ កីឡាករ​កម្ពុជា អ៊ុំ ចំរើន បាន​ក្លាយជា​សមាសភាព​របស់​កម្ពុជា​តែ​មួយ​រូប​គត់ ដែល​នឹង​ស្វាគមន៍​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ​ជាមួយ​កីឡាករ​ថៃ ខណៈ​ដែល​ការ​ប្រកួត​ទាំងមូល​ក៏​នឹង​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត ដោយសារ​តែ​ក្រៅពី​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់​កីឡាករ​ទាំង​ពីរ ក៏​មានការ​ប្រកួត​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​ដែល​ទើប​ឈាន​ដល់​ការ​ជម្រុះ​ក្នុង​ស​ប្ដា​ហ៍​ទី​២ បន្ទាប់​ពី​រក​ឃើញ​កីឡាករ សៅ វ​ណ្ណា ឱ្យ​គ្រង​តំណែង​ជា​ជើងឯក​កាលពី​២​ស​ប្ដា​ហ៍មុន​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​តទៅ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​នោះ​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ព្រោះតែ​សំណង់​បុរី​ព្រោងព្រាត​នោះ​ផង ។ កីឡាករ​កម្ពុជា និង​ថៃ​២​រូប គឺ អ៊ុំ ចំរើន និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ សាំង យុទ្ធ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​មិត្តភាព ដើម្បី​បន្ត​ការ​ជម្រុះ​សម្រាប់​ស​ប្ដា​ហ៍​ទី​២​ផង​ដែរ បន្ទាប់​ពី​ព្រឹត្តិការណ៍​ថ្មី​ទើបតែ​ទម្លាក់​កីឡាករ​២​នាក់ និង​ជ្រើសរើស​បាន​អ្នក​ឈ្នះ​២​នាក់​ក្នុង​ចំណោម​៣២​នាក់​ឡើង​អង្គុយ​កៅអី​១៦​នាក់​ក្នុង​ជើង​ទី​១​។

ព្រឹត្តិការណ៍​តែង​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​រវាង​កីឡាករ​កម្ពុជា និង​ថៃ​មិន​ដែល​ខាន ទើប​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មួយ​នេះ ទទួល​បានការ​ចាប់​អារម្មណ៍​។

សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ក្នុង​ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះ​អាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀង​ខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់​អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ អ៊ុំ ចំរើន មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ថ្លែងប្រាប់​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នឹង​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​កាន់តែ​ល្អ​ថែម​ទៀត ក្នុង​ពេល​ដែល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ដែល​ទើប​ជម្រើស​ថ្មី និង​ទើប​ប្រកួត​បាន​មួ​យស​ប្ដា​ហ៍ក៏​ល្អ ដោយ​លោក​បញ្ជាក់​ថា អាច​ល្អ​ជាង​រដូវ​កាល​ទើបតែ​ចប់ ដ្បិតថា​ពួក​គេ​សុទ្ធតែ​ក្មេង ហើយ​ពេញកម្លាំង ។ ដើម្បី​រំលេច​ការ​ប្រកួត​ជម្រុះ​ក្នុង​ស​ប្ដា​ហ៍​នេះ​ឱ្យ​កាន់តែ​ទាក់ទាញ​ហ្នឹងហើយ​ទើប​លោក​សម្រាំង​យក​កីឡាករ អ៊ុំ ចំរើន ជា​ជើង​ខ្លាំង​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​ឱ្យ​ឡើង​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​ថៃ ។

បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អជា​គូប្រកួត​សម្រាប់​ការ​ប្រកួត​នេះ ក៏​លោក​នៅ​តែ​ប្រកាស​ថា អ៊ុំ ចំរើន គឺជា​ជើង​ខ្លាំង​ពោរពេញ​ដោយ​សមត្ថភាព ដែល​អាច​រំពឹង​ថា​ខ្លាំង​នៅ​លើ​សង្វៀន ។ ជំនួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សាំង យុទ្ធ ដែល​មិន​ធ្លាប់​ប៉ះ​គ្នា​នេះ គឺជា​ជំនួប​គូ​ឯក​អន្តរជាតិ ដោយ​ការ​ប្រកួត​របស់​ពួក​គេ​ក៏​មានការ​ចាប់​អារម្មណ៍​​មិន​តិច​នោះ​ដែរ ដើម្បី​រំលេច​ការ​ប្រកួត​របស់​ជើង​ខ្លាំង​៤​រូប​ដែល​ត្រូវ​ប្រកួត​គ្នា​សម្រាប់​វគ្គ​ថ្មី​ក្នុងស​ប្ដា​ហ៍​ទី​២ ។

លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ខ្លាំង​ជាង​មុន ។ ផ្ទុយ​ទៅ​វិញ​បើ​ចាញ់​ការ​ប្រកួត គឺ​ពិតជា​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​​អ្នក​ចូល​ចិត្ត​កីឡា​ឡើយ ។ ក្នុង​នោះ​កីឡាករ​កម្ពុជា​ក៏​ធ្លាក់​ចេញពី​ការ​ទុកចិត្ត​របស់​​អ្នកគាំទ្រ​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ ប្រសិនបើ​ការ​ប្រកួត​មិនល្អ ។

សម្រាប់​ការ​ប្រកួត​៤​នាក់​ជា​លក្ខណៈ​មិត្តភាព​ដែល​ជា​ការ​ប្រកួត​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​នៅ​ស​ប្ដា​ហ៍ទី​២​នេះ​វិញ​រួម​មាន​សុទ្ធសឹងតែ​ជា​កីឡាករ​ល្អ​ៗនៅ​ក្នុង​ពិភព​ប្រដាល់​តែ​ម្ដង ដោយ​តាម​ការ​ឱ្យ​ដឹង​គឺ​សមាសភាព​ថ្មី​ទាំង​៣២​រូប​នោះ មាន​ទាំង​កីឡាករ​ជើង​ចាស់ និង​កីឡាករ​ជើង​ថ្មី ។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ​ក៏​មិន​ខុស​ពី​រូបមន្ត​លើក​មុន​នោះ​ដែរ គឺ​អ្នក​ឈ្នះ​នឹង​បាន​ប្រកួត​បន្ត ហើយ​សម្រាប់​អ្នក​ចាញ់​នឹង​ធ្លាក់​ហាលអាវ ។

លោក​ចាត់​ទុក​ថា អ្នក​ឈ្នះ​ពីរ​នាក់​ដែល​បាន​ឡើង​អង្គុយ​ក្នុង​វគ្គ​បន្ត​គឺជា​ធនធាន​កីឡាករ​ដ៏​កម្រ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​សង្វៀន​ប្រដាល់ បើ​ទោះជា​គេ​មិន​ទាន់​ល្បី​ឈ្មោះ និង​ស្ទើរ​បទ​ពិសោធន៍​ធៀប​នឹង​ក្រុម​រៀមច្បង​ក្ដី ។

លោក​ថា ភាគី​ម្ខាង​ៗ​សុទ្ធតែ​បាន​ត្រៀមខ្លួន តែ​គេ​មិន​ទាន់​ប្រាកដ​ថា​តើ​ការ​តាំងចិត្ត​របស់​កីឡាករ​រូប​ណា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​នៅឡើយ​ទេ ក្នុង​ពេល​​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​ម្ខាង​ៗ សម្រាប់​ការ​ប្រកួត ។ ដោយឡែក​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចំនួន​២​សង្វៀន គឺ​រសៀល​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ