ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែន​ក៏​អី? កីឡាករ​-​កីឡាការិនី​ល្បី​ៗទទួល​ជោគជ័យ​ក្នុង​ការងារ​ក្រៅពី​អាជីព​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ​ភាគច្រើន​ទទួល​ជោគជ័យ​ក្នុង​ការងារ​ និង​មុខ​ជំនួញ​ខាងក្រៅ​គួរ​ឱ្យ​សរសើរ​ទើប​ធ្វើ​ឱ្យ​កីឡាករ​-កីឡាការិនី​មួយ​ចំនួន​សម្រេចចិត្ត​បោះបង់​អាជីព​កីឡា​តែ​ម្ដង ។ អាជីព​ខាងក្រៅ និង​មុខ​ជំនួញទាំងនោះ​បាន​ទាំង​ធ្វើ​ឱ្យ​ជីវភាព​ពួក​គេ​ម្នាក់​ៗ​មានការ​ឈាន​ឡើង​ដោយ​មិន​ខ្វល់​រឿង​មានការ​ប្រកួត ឬ​មាន​ប្រាក់ខែ​ពី​សហព័ន្ធ​ឬ​ក៏​អត់​នោះ​ផង…

រាជធានី​ភ្នំពេញ ៖ នា​ពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ​ភាគច្រើន​ទទួល​ជោគជ័យ​ក្នុង​ការងារ​ និង​មុខ​ជំនួញ​ខាងក្រៅ​គួរ​ឱ្យ​សរសើរ​ទើប​ធ្វើ​ឱ្យ​កីឡាករ​-កីឡាការិនី​មួយ​ចំនួន​សម្រេចចិត្ត​បោះបង់​អាជីព​កីឡា​តែ​ម្ដង ។

អាជីព​ខាងក្រៅ និង​មុខ​ជំនួញទាំងនោះ​បាន​ទាំង​ធ្វើ​ឱ្យ​ជីវភាព​ពួក​គេ​ម្នាក់​ៗ​មានការ​ឈាន​ឡើង​ដោយ​មិន​ខ្វល់​រឿង​មានការ​ប្រកួត ឬ​មាន​ប្រាក់ខែ​ពី​សហព័ន្ធ​ឬ​ក៏​អត់​នោះ​ផង បើ​ទោះជា​មានការ​លើក​ឡើង​ថា នោះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​កីឡាករ​-​កីឡាការិនី​ដែល​នៅ​បន្ត​អាជីព​កីឡា​ភាគច្រើន​ធ្លាក់ដៃ​ក្ដី ។

+ ប្រាក់ មុន្នី​ឧត្តម ៖ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​រូប​នេះ តាំងពី​មាន​ភរិយា​មក​លោក​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ដែល​ជោគជ័យ​ម្នាក់ ដោយសារ​តែ​លោក​ក្រៅពី​លេង​បាន​ល្អ ក៏​មាន​ជីវភាព​កាន់តែ​ប្រសើរ​ព្រោះតែ​បាន​ក្លាយជា​ម្ចាស់​ហាង​បោក​អ៊ុត​ធំ​មួយ​នៅ​ម្ដុំ​ផ្សារ​ចាស់ ។ មុខ​ជំនួញ​របស់​លោក និង​ភរិយា គឺជា​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ក្រោយ​ពេល​រៀប​ការ​តែ​ម្ដង ដោយ​មិនមែន​ជា​មុខ​ជំនួញ​របស់​គ្រួសារ​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​លោក​កាន់តែ​ឡូយឆាយ ហ៊ឺហា និង​មិន​ភ័យ​រឿង​អត់​លុយ ឬ​បើក​ប្រាក់ខែ​ពី​ក្លិប និង​ពី​សហព័ន្ធ​មិន​ទាន់​ដូច​មុន ។

លោក​បង្ហាញខ្លួន​នៅ​ក្នុង​ហាង​នោះ​យ៉ាង​សាមញ្ញ ដើម្បី​ប្រឹងប្រែង​រក​លុយ ដោយ​ក្រៅពី​ជួយ​មើល​ខុស​ត្រូវ​ហាង​នៅ​ពេល​ការងារ​ហ្វឹកហាត់ និង​ការងារ​ចេញ​ប្រកួត​មិន​ទាន់​មាន លោក​ជា​អ្នក​ចាត់ចែង​ការងារ​ទាំងស្រុង​ប្រចាំ​ហាង បូក​រួម​ទាំង​ការ​រាក់ទាក់​ភ្ញៀវ ការ​ទទួល និង​ប្រគល់​សម្លៀក​បំពាក់​ជូន​ភ្ញៀវ​វិញ គឺ​លោក​ធ្វើ​ដូច​គ្នា​នឹង​តួនាទី​របស់​ភរិយា​ដូច្នោះ​ដែរ ដោយ​មិន​ប្រកាន់​ថា​នោះ​ជា​មុខរប​របស់​ស្រី​ៗ ហើយ​លោក​ជា​កីឡាករ​បាល់ទាត់​គិតតែ​រឿង​ម្យ៉ាង គឺ​ប្រកួត និង​ហ្វឹកហាត់​គ្រប់គ្រាន់​នោះ​ទេ​។

មក​ទល់​ពេល​នេះ មានការ​អះអាង​ថា មុខរបរ​បើកហាង​បោក​អ៊ុត​របស់​លោក​ទទួល​បាន​ជោគជ័យ ហើយ​ភរិយា​របស់​លោក​ក្រៅពី​បាន​បន្ថែម​ម៉ាស៊ីន​បោក​អ៊ុត​ឱ្យ​បាន​ច្រើន ក៏​មាន​គម្រោង​ពង្រីក​សាខា​ថ្មី​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ផង​ដែរ​។

+ វ៉​ន វី​វ៉ា ៖ ក្រោយ​ពី​មាន​របួស​ឡើង​ប្រកួត​លែង​កើត លោក​បាន​ចាប់​អាជីព​ជា​អ្នក​រត់​តាក់ស៊ី​​គិត​ជា​គីឡូ ដោយ​មានការ​អះអាង​ថា លោក​មាន​រថយន្ត​ជួល​ឱ្យ​អ្នក​រកស៊ី​ដូច​ខ្លួន​គ្រាន់​បាន​ចំណូល​បន្ថែម​ផង ។ លោក​ទទួល​បាន​មុខរបរ​នេះ គឺ​បន្ទាប់​ពី​ត្រូវ​គេ​ដឹង​ថា​លោក​បាន​ប្រកាស​លក់​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ម្ដុំ​សហគមន៍​ក្រាំងធ្នុង និង​មានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​គ្រួសារ​ខាង​ភរិយា ដែល​ទទួល​បាន​លុយកាក់​មិន​តិច​ម៉ឺន​ដុល្លារ​ពី​ការ​ប្រកួត​ឈ្នះ​ម្ដង​ៗ ។

មក​ទល់​ពេល​នេះ មុខរបរ​របស់​លោក​មិនមែន​គ្រាន់តែ​ចេញ​រក​ឱ្យ​រស់​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មានការ​បញ្ជាក់​ថា គឺ​រកបាន​ប្រាក់​ចំណូល​ច្រើន​ៗ​ប្រចាំ​ថ្ងៃ​ប្រចាំខែ ទើប​ធ្វើ​ឱ្យ​លោក​លែង​​នឹកនា​តែ​ម្ដង​នៅ​ពេល​គិតដល់​ឱកាស​ចង់​វិល​ត្រឡប់​មក​កាន់​អាជីព​កីឡាករ​ប្រដាល់​​ជា​ថ្មី ។ លោក​ត្រូវ​គេ​អះអាង​ថា រកបាន​មិន​ក្រោម​ពាន់​ដុល្លារ​នោះ​ទេ​ក្នុង​១​ខែ​ពី​ការ​រត់​ឡាន​តាក់ស៊ី ដោយសារ​តែ​ក្នុង​មួយ​ថ្ងៃ​ៗ​លោក​មាន​សកម្មភាព​រស់​រវើក​ក្នុង​ការ​ដឹក​ភ្ញៀវ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ទទួល​បាន​ចំណែក​ពី​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​ប័ណ្ណ​ឱ្យ​លោក​ដឹក​ភ្ញៀវ​ទៀត​ផង ។

+ បងប្អូន​ត្រកូល​ស៊ន​៣​នាក់ ៖ ក្រៅពី​អាជីព​កីឡា នាង​ស៊ន សៀវ​ម៉ី ស៊ន ដា​វី​ន និង​លោក ស៊ន អេ​លី​ត គឺជា​មន្ត្រី​នគរបាល​នៅ​នាយកដ្ឋាន​អង្គរក្ស​នៃ​ក្រសួងមហាផ្ទៃ ដោយ​មុខ​តំណែង​របស់​អ្នក​ទាំង​៣​គឺ​ឡូយ​ឡើង​កប់​តែ​ម្ដង បើ​ធៀប​នឹង​កីឡាករ​ល្បីឈ្មោះ​មួយ​ចំនួន​ទៀត ដែល​មិន​មានឱកាស​បាន​ក្លាយជា​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ។ ប្រាក់ខែ​របស់​បង​ប្អូន​ត្រកូល​ស៊ន​ទាំង​៣​ក៏​ក្រែល​មិនធម្មតា​នោះ​ដែរ​ចាប់តាំងពី​បាន​ក្លាយជា​មន្ត្រី​រាជ​ការ​ពេញ​​សិទ្ធិ ។ អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​បងប្រុស​បងស្រី​ស៊ន សៀវ​ម៉ី សម្រេចចិត្ត​ឈប់​ធ្វើ​ជម្រើសជាតិ ហើយ​សកម្ម​នឹង​ការងារ​រដ្ឋ​របស់​ខ្លួន​ទាំងស្រុង ។

មុខ​តំណែង​ដែល​អ្នក​ទាំង​៣​ទទួល​បាន ធ្វើ​ឱ្យ​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​កីឡាករ​-​កីឡា​ការិនី​​ដូច​គ្នា ជា​ពិសេស​នៅ​ពេល​គេ​ឃើញ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​៣​តែ​ម្ដង បង្ហាញ​ខ្លួន​ជា​កងការពារ​គណៈប្រតិភូ​ធំ​ៗ​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។

+ ចូ​វ សុធា​រ៉ា ៖ អតីត​កីឡាការិនី​ល្បីឈ្មោះ​ខាង​ផ្នែក​ចំបាប់​រូប​នេះ ក៏​កាលី​ប​ណាស់​ដែរ ដោយសារ​តែ​នាង​បាន​ប្រឡង​ជាប់​ជា​គ្រូ​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ ហើយ​បាន​បង្រៀន​ខាង​មុខ​វិជ្ជា​កីឡា​នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ។ ថ្វី​ដ្បិតថា​មុខរបរ​របស់​នាង​នៅ​តែ​ពាក់ព័ន្ធ​នឹង​ការងារ​កីឡា​កន្លង​មក ប៉ុន្តែ​គេ​ចាត់​ទុក​ថា​ជា​មុខរបរ​ដែល​ដាច់​ចេញពី​ជំនាញ​ផ្នែក​ចំបាប់​​របស់​នាង​បាត់​ទៅ​ហើយ ក្នុង​ពេល​ដែល​នាង​បាន​សម្រេច​លាឈប់​ពី​ក្រុម​ជម្រើស​ជាតិ ក្រោយ​ពី​បាន​ប្រឡង​ចូល​គ្រូ​ក្របខ័ណ្ឌ​ខាង​ផ្នែក​កីឡា ហើយ​ក៏​បាន​ជាប់​ជា​ស្ថាពរ ដោយ​នាង​ក៏​បាន​ហ្វឹកហាត់ និង​ទទួល​បណ្ដុះបណ្ដាល​ខាង​ផ្នែក​ផ្សេង​ក្នុង​ការ​បង្រៀន​ដល់​សិស្ស ដែល​មិនមែន​ជា​ការ​បង្រៀន​ខាង​ផ្នែក​ចំបាប់​ដូចដែល​នាង​មាន​ជំនាញ​កន្លង​មក​។

នាង​ក៏​ចាត់​ទុក​ថា​ជា​កីឡាការិនី​ដែល​ជោគជ័យ​ម្នាក់​ក្រោយ​បាត់បង់​សមត្ថភាព​ឡើង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ដោយសារ​តែ​នាង​មានការ​ងារ​ជា​គ្រូបង្រៀន​នៅ​ក្នុង​វិទ្យាល័យ ហើយ​ធ្វើ​ឱ្យ​ជីវភាព​របស់​នាង​ល្អ​ប្រសើរ មិន​ដូច​កីឡាករ​-​កីឡាការិនី​មួយ​ចំនួន​ដែល​ក្រោយ​បោះបង់​អាជីព​សំខាន់​មួយ​នេះ​ក៏​ធ្លាក់ខ្លួន​លំបាក ឬ​ក្រីក្រ​នោះ ។ នាង​ក៏​ជិត​រៀប​ការ​ជាមួយ​គូ​ដណ្ដឹង​ដែល​បាន​ស្រឡាញ់​គ្នា​ជា​យូរ​មក​ហើយ​ផង​ដែរ ទើប​កាន់តែ​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​ជោគជ័យ​ទ្វេ​ដង បើ​ទោះជា​ស្នាដៃ​ក្នុង​ពិភព​ចំបាប់​ដែល​នាង​ធ្លាប់​សាង​ហាក់​ត្រូវ​បាន​គេ​បំភ្លេច​បន្តិច​ម្ដង​ៗ​ក្ដី​។

ក្រៅពី​កីឡាករ​-​កីឡាការិនី​ខាងលើ កីឡាករ​ផ្សេង​ទៀត​ក៏​ជោគជ័យ​សម្រាប់​ជីវិត​ខាង​ក្រៅ​មិន​ខុស​គ្នា​ផង​ដែរ ដោយ​គ្រាន់តែ​កីឡាករ​កីឡាការិនី​ផ្សេង​ទៀត​មិន​ល្បីឈ្មោះ និង​មាន​ស្នាដៃ​គួរ​ឱ្យ​កត់សម្គាល់​ដូច​អ្នក​ខាងលើ ទើប​ធ្វើ​ឱ្យ​ជីវិត​ឯកជន​របស់​ពួក​គេ​មិន​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ស្រទាប់​មហាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ