ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​មាន​ផែនការ​យុទ្ធសាស្ត្រ​អ្វីខ្លះ​ឆ្នាំ​នេះ​?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ក៏​ដូច​ជា​ការ​ធ្វើ​កំណែទម្រង់​ឱ្យ​បាន​ស៊ី​ជម្រៅ​​នៅ​ក្នុង​សហព័ន្ធ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​និង​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង តើ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​មាន​ផែនការ​យុទ្ធសាស្ត្រ​អ្វីខ្លះ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ លោក ប៊ុ​យ សោ​ភ័​ណ្ឌ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ក៏​ដូច​ជា​ការ​ធ្វើ​កំណែទម្រង់​ឱ្យ​បាន​ស៊ី​ជម្រៅ​​នៅ​ក្នុង​សហព័ន្ធ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​និង​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង តើ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​មាន​ផែនការ​យុទ្ធសាស្ត្រ​អ្វីខ្លះ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ សហព័ន្ធ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់​លាស់ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ផែនការ​រដ្ឋបាល និង​បច្ចេកទេស​ប្រកប​ដោយ​ទ​ម្លា​ភាព​។

កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ នៅ​ក្នុង​សហព័ន្ធ​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​ការ​ងារ​ហ្វឹកហាត់ ការងារ​រដ្ឋបាល​និង​បច្ចេកទេស​។​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ លោក​សន្យា​ថា​នឹង​រៀបចំ​ឱ្យ​មានការ​ធ្វើ​កំណែទម្រង់​ឡើង​វិញ មាន​នីតិវិធី​ក្នុង​ការ​ដឹកនាំ​គ្រប់​គ្រង​ច្បាស់លាស់ និង​មាន​ផែនការ​ថ្មី​ៗ​ជា​ច្រើន​ទៀត​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​មានការ​រីក​ចម្រើន​នៅ​ក្នុង​សហព័ន្ធ​។ ដើមខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ការ​ប្រមូលផ្ដុំ​កីឡាករ កីឡាការិនី​របស់​សហព័ន្ធ​កីឡា​ជាតិ​ហ្វឹកហាត់​ដែល​ជា​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ​ហើយ ។

ចំណែក​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ក៏​បាន​រៀបចំ​ខ្លួន​រួចរាល់​អស់ហើយ​ដែរ​ក្នុង​ការ​ត្រៀម​កីឡាករ កីឡាការិនី​ទាំង​ឈុត​ធំ​និង​ឈុត​តូច​ចំនួន​១៦​នាក់​ដែល​ក្នុង​នោះ​មាន​កីឡាការិនី​៥​នាក់​ដើម្បី​ធ្វើការ​ហ្វឹកហាត់​ជាមួយ​គ្នា ។ ចំពោះ​ការ​ប្រមូលផ្ដុំ​ឆ្នាំ​នេះ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា មាន​កីឡាករ​ថ្នាល​៨​នាក់​ក្នុង​នោះ​មាន​ស្រី​៣​នាក់ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ែន សុផល ជា​គ្រូបង្ហាត់​ក្រុមកីឡា​ប្រដាល់​សាកល​កម្ពុជា។ ដើម្បី​ឱ្យ​វិស័យ​កីឡាប្រដាល់​សាកល​មានគុណ​ភាព​ខ្ពស់ និង​ស្វែងរក​ធនធាន​កីឡា​ប្រកបដោយ​សក្ដានុពល សហព័ន្ធ​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​បំផុត​ដើម្បី​យក​មក​ហ្វឹកហាត់​។

​ម្យ៉ាងវិញទៀត គ្រូបង្ហាត់​តែ​ម្ដង​មិនមែន​ចេះ​តែ​ចាប់​ដាក់​ដូច​កាលពី​ឆ្នាំ​មុន​ៗ​នោះ​ទេ គឺ​ត្រូវ​ស្វែងរក​គ្រូបង្ហាត់​ណា​ដែល​មាន​ក្លិប​ត្រឹមត្រូវ និង​ជា​អ្នក​ដែល​មាន​ស្នាដៃ​ល្អ​និង​មាន​ជំនាញ​ច្បាស់លាស់ មានបទពិសោធន៍​ធ្លាប់​ធ្វើ​ជា​គ្រូបង្ហាត់​ជា​ច្រើន​ឆ្នាំ​ទៀត​ផង​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ឆ្នាំ​២០១៨​នេះ​មិន​ត្រឹមតែ​ពង្រឹង​លើ​ការ​ហ្វឹកហាត់ ការងារ​រដ្ឋបាល និង​ការងារ​បច្ចេកទេស​ឱ្យ​បាន​ល្អ​នោះ​ទេ សំខាន់​ជាង​នេះ​ទៅ​ទៀត​ឆ្នាំ​នេះ​សហព័ន្ធ​មាន​ផែនការ​ជា​ច្រើន​ដែល​ត្រូវធ្វើ​ដូច​ជា​ការ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស និង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ជាដើម ។ ក្នុង​នោះ​សហព័ន្ធ​ក៏​បាន​ត្រៀម​បញ្ជូន​កីឡាករ​ទាំង​ឈុត​ធំ​និង​ឈុត​តូច​ឱ្យទៅ​ចូលរួម​ប្រកួត​៣​ព្រឹត្តិការណ៍​នៅ​ក្រៅប្រទេស ដូច​ជា​ការ​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រដាល់​សាកល​អាស៊ី​នៅ​ប្រទេស​ថៃ​ជាដើម ដែល​ព្រឹត្តិការណ៍​បែប​នេះ​គេ​ធ្វើ​ឡើងជា​ច្រើន​លើក​រួច​មក​ហើយ​ប៉ុន្តែ​កម្ពុជា​យើង​ទើបតែ​ទៅ​ចូលរួម​ជា​លើក​ដំបូង​ប៉ុណ្ណោះ ទោះបី​យ៉ាងណា​យើង​សង្ឃឹមថានឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ត្រឡប់​មក​វិញ ។

មួយវិញទៀត សហព័ន្ធ​ក៏​បាន​ត្រៀម​កីឡាករ​ឈុត​ថ្នាល​មួយ​ចំនួន​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រដាល់​សាកល​អាស៊ាន​លើក​ទី​១​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន តែ​លោក​មិន​ទាន់​ដឹង​ថា​គេ​ធ្វើ​នៅ​ខែ​ណា​នោះ​ទេ ។ មួយ​ព្រឹត្តិការណ៍​ទៀត​សម្រាប់​ឈុត​ធំ​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួត​King Cup​នៅ​ប្រទេស​ថៃ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ។

សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​ក៏​បាន​ត្រៀម​ស្នើ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​បាន​បញ្ជូន​កីឡាករ​៥​នាក់​ទៅ​ហ្វឹកហាត់​រយៈពេល​កន្លះ​ឆ្នាំ និង​បញ្ជូន​គ្រូ​ពីរ​នាក់​ទៅ​ទទួល​ការ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ផ្កាយ​១​នៅ​ប្រទេស​ថៃ​ដែល​ត្រូវធ្វើ​ឡើង​នៅ​ខែមីនា​ខាង​មុខ​នេះ។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ បានឱ្យ​ដឹង​ទៀត​ថា ការ​បញ្ជូន​គ្រូ​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ផ្កាយ​១​នេះ​ទៀត​គឺ​ដោយសារ​តែ​យើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ថៃ គេ​ក៏​បាន​អញ្ជើញ​យើង​ឱ្យទៅ​ចូលរួម​តែ​ម្ដង ហើយ​លោក​ក៏​គិត​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​យើង​មាន​គ្រូបង្ហាត់​កម្រិត​អន្តរជាតិ ។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយសារ​តែ​ប្រទេស​កម្ពុជា​​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន តាម​រយៈ​ការ​ជួប​ពិភាក្សា​រវាង​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​គឺ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗកន្លង​មក​នេះ ដោយ​បាន​ស្នើ​ដល់​ភាគី​ចិន​ជួយ​ដល់​វិស័យ​កីឡា​កម្ពុជា កម្ពុជា​បាន​ត្រៀម​បញ្ជូន​កីឡា​១០​ប្រភេទ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​មាន​រយៈពេល​៥​ឆ្នាំ ក្នុង​នោះ​ក៏​មាន​ប្រភេទ​កីឡាប្រដាល់​សាកល​ផង​ដែរ ។

សហព័ន្ធ​ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​១០​នាក់​សម្រាប់​ទៅ​ហ្វឹក​ហាត់ ហើយ​ការងារ​នេះ​តាម​រយៈ​ការ​ទំនាក់ទំនង​រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ។ ប៉ុន្តែ​បើ​តាម​ការ​ឱ្យ​ដឹង ភាគី​ចិន​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​នោះ​ទេ ប្រហែលជា​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ