ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្មលើក​ពាន​ជើងឯក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​វត្តមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួងការពារជាតិ​ជា​អធិបតី ការ​ប្រកួត​កីឡា​កង​យោធពល​ខេ​មរ​ភូម​មិ​ន្ទ​២០១៨ ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​៧​មក​រា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ក្រោម​វត្តមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួងការពារជាតិ​ជា​អធិបតី ការ​ប្រកួត​កីឡា​កង​យោធពល​ខេ​មរ​ភូម​មិ​ន្ទ​២០១៨ ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​៧​មក​រា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ឆ្នាំ​២០១៨ គេ​បាន​រក​ឃើញ​ជ័យ​លា​ភី​ជើងឯក​នៅ​ក្នុង​ការ​ប្រកួត​ហើយ គឺ​លេខ​១​បាន​ទៅ​លើ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, លេខ​២​បាន​ទៅ​លើ​កងពលតូច​ទ័ព​ពិសេស​ឆត្រ​យោង និង​លេខ​៣​បាន​ទៅ​លើ​សាលា​នាយទាហាន​សកម្ម ។

កម្មវិធី​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១២, ១៣ និង​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ ហើយ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​អប​អរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា (៧ មក​រា ១៩៧៩-៧ មក​រា ២០១៨) ដើម្បី​រំលឹក​ឡើង​វិញ​នូវ​គុណូបការៈ​របស់​មហា​វីរភាព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​ដើម្បី​បង្ហាញ​នូវ​សមត្ថភាព ចំណង​សាមគ្គីភាព​រវាង​កងកម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ រួម​ជាមួយ​មហាជន និង​យុវជន ។ ការ​ប្រកួត​កីឡា​កង​យោធពលខេមរ​ភូមិន្ទ ក៏​ដើម្បី​បង្ហាញ​ទំនើប​កម្ម​របស់​កង​យោធពលខេមរភូមិន្ទ ដោយ​មានការ​ដាក់​តាំង​ពិព័រណ៍​សម្ភារ​យោធា ដូច​ជា​យន្តហោះ រថក្រោះ រថពាសដែក កាំភ្លើងយន្ត និង​សម្ភារ​កងទ័ព​ជា​ច្រើន​ទៀត ដែល​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​កងទ័ព ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​ប្រធាន​ដឹក​នាំ​កម្មវិធី​បាន​លើក​ឡើង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍ និង​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ឆ្នាំ​២០១៨​ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ ៧​មក​រា និង​ដើម្បី​ប្រមូល​​មូលនិធិ​គាំទ្រ​ដល់​សមាគម​ជាតិ​អតីត​យុទ្ធ​ជន​កម្ពុជា​នេះ គឺជា​ការ​រៀបចំ​លើក​ទី​២​ហើយ ដែល​ក្រុមការងារ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួងការពារជាតិ និង​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធពល​ខេ​ម​ភូមិន្ទ ដោយ​អនុញ្ញាត​ឲ្យ​មានការ​ចូលរួម​ពី​មហាជន សិស្ស​និស្សិត និង​យុវជន យុវនារី ។ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨​នេះ ក្រុមការងារ​បាន​រៀបចំ​ឲ្យ​មានការ​ដាក់​តាំងពិព័រណ៍​នូវ​ផលិតផល​ពាណិជ្ជកម្ម និង​យុទ្ធោបករណ៍​របស់​កងទ័ព​ជាមួយនឹង​ផលិត ផល​របស់​ស្ថាប័ន​ផ្សេង​ៗ​ទៀត និង​ដោយ​មាន ការ​សំដែង​សិល្បៈ​កម្សាន្ត​ផ្សេង​ៗ​សម្រាប់​មហាជន​ក៏​ដូច​ជា​កុមារ​រយៈពេល​៣​ថ្ងៃ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​បាន​បន្ត​ថា ការ​ប្រកួត​កីឡា​កង​យោធពល​ខេ​មរ
ភូមិន្ទ​ឆ្នាំ​នេះ ក៏​ដូច​ជា​ឆ្នាំ​មុន​ដែរ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចំនួន​៤៖

ទី​១-​ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​៧​មក​រា លើក​ទី​៣៩ ដែល​បាន​រំដោះ​ប្រជាជាតិ យើង​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍

ទី​២-​ដើម្បី​រំលឹក​ដល់​គុណូបការៈ​នៃ​អតីត​យុទ្ធ​ជន​ខ្មែរ​យើង​ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ហើយ​កម្មវិធី​នេះ ក៏​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​អតីត​យុទ្ធ​ជន​ផង​ដែរ

ទី​៣-​ដើម្បី​ឲ្យ​មហាជន ជា​ពិសេស​យុវជន​ស្គាល់​អំពី​តម្លៃ​កងទ័ព និង​សិក្សា​ស្វែង​យល់​ពី​តួនាទី និង​ភារកិច្ច កាតព្វកិច្ច​របស់​កងទ័ព ដែល​ជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់ នៅ​ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី ការ​ចូលរួម​រាល់​ដំណើរការ​កសាង​សន្តិភាព​ជូន​មាតុ​ភូមិ និង​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ និង

ទី​៤-​ដើម្បី​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​កងទ័ព មហាជន មន្ត្រីរាជការ​ស៊ី​វិល និង​យុវជន​យើង​តាម​រយៈ​ការ​ប្រកួត​កីឡា​រួម​គ្នា ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​កោតសរសើរ​ដល់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​នេះ ដោយ​អះអាង​ថា ដើម្បី​ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ឬ​ជា​ទិវា​ជាតិ​ប្រចាំឆ្នាំ និង​ជា​វេទិកា​​ជំនួប​រវាង​កងទ័ព និង​ប្រជាជន ។ លោក​បញ្ជាក់​ដែរ​ថា ការ​យក​វិស័យ​កីឡា​ជា​ស្ពាន​​ចម្លង​ទំនាក់ទំនង​សង្គម នយោបាយ សេដ្ឋកិច្ច គឺជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​ស្វែងរក​ចំណង​សាមគ្គីភាព ពន្លឺ​សន្តិភាព តាម​រយៈ​វិស័យ​កីឡា ។ លោក​បន្ត​ថា វិស័យ​កីឡា​នេះ ក៏​ធ្វើ​ឲ្យ​កងទ័ព​មាន​សុខភាព​ល្អ រឹង​មាំ និង​បាន​ជំរុញ​ទឹកចិត្ត​ស្នេហា​ជាតិ​ស្រឡាញ់​​ប្រជាជន ទឹកដី និង​ធ្វើ​អ្វី​ៗ​ទាំងអស់​ដើម្បី​ជាតិ និង​មាតុភូមិ ។ កងទ័ព​ជា​ឆ្អឹង​ខ្នង​​ដ៏​រឹង​មាំ​របស់​ប្រទេស​ជាតិ និង​ជា​សសរស្ដម្ភ​នៃ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​។

នា​ឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់​សា​ជា​ថ្មី​ថា ការ​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​កងទ័ព​ជា​រៀង​រាល់​ឆ្នាំ​នេះ​ក្នុង​គោលបំណង​អបអរសាទរ​ខួប​លើក​ទី​៣៩​ថ្ងៃជ័យ​ជម្នះ​៧​មក​រា និង​រម្លឹក​ឡើង​វិញ​នូវ​គុណូបការៈ​វរ​កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ អាយុជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​សំខាន់​​រំដោះប្រទេស​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ។ ទន្ទឹម​នឹង​នោះ ក៏​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ផ្សារ​ភ្ជាប់​អំពី​តួនាទី​ភារកិច្ច​របស់​យុទ្ធ​ជន​យុទ្ធ​នារី​ជំនាន់​មុន​និង​ជំនាន់​នេះ​តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​កងទ័ព​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​កីឡា​កងទ័ព​នា​ពេល​នេះ​ក៏​បាន​រំលេច​ឲ្យ​ឃើញ​នូវ​កម្លាំង​មហា​សាមគ្គី​ដ៏​រឹង​មាំ​របស់​សង្គម​ជាតិ​ទាំងមូល​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លង​ទៅ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ ។ លោក​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​ដែល​មានគំនិត​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​កងទ័ព​ដ៏​មាន​សារៈសំខាន់​នេះ​និង​មានការ​ចូលរួម​ពី​កងទ័ព​គ្រប់​លំដាប់ថ្នាក់​ពី​ស្ថាប័ន​ស៊ី​វិល​រួម​ទាំង​មហាជន​យុវជន​និង​ដំណើរការ​ប្រកួត​ប្រកបដោយ​ជោគជ័យ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់​ទុក​ព្រឹត្តិការណ៍​កីឡា​កងទ័ព និង​ការ​តាំង​ពិព័រណ៍​​កងទ័ព​ឆ្នាំ​នេះ​គឺជា​ការ​ផ្តល់​ឱកាស​និង​លទ្ធភាព​ច្រើន​ដល់​ស្រទាប់​យុទ្ធ​ជន យុទ្ធ​នារី សិស្ស និស្សិត ប្រជាជន​ទូទៅ​បាន​សិក្សា​ស្វែង​យល់​អំពី​តួនាទី​ភារកិច្ច​របស់​កង​យោធ​ពលខេមរភូមិន្ទ ហើយ​តាម​រយៈ​នោះ​នឹង​បង្កើត​នូវ​ទឹកចិត្ត​គោរព​ស្រឡាញ់​កងទ័ព យល់​ដឹង​អំពី​ការ​អភិវឌ្ឍ​កងទ័ព​និង​ការ​អភិវឌ្ឍ​ប្រទេស​។

សម្តេច​ឧបនាយករដ្ឋមន្ត្រី​បាន​កត់​សម្គាល់ថា ព្រឹត្តិការណ៍​កីឡា​កងទ័ព​ឆ្នាំ​២០១៨​នេះ កីឡាករ​បាន​លើកយក​មក​បង្ហាញ​នូវ​ប្រភេទ​កីឡា​ជា​ច្រើន​ដែល​ទាក់ទង​នឹង​កងទ័ព ប៉ុន្តែ​កីឡា​ដែល​សំខាន់​នោះ​គឺ​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​កេរដំណែល​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​កងទ័ព​បាន​ប្រើប្រាស់​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

ទាក់ទង​វិស័យ​កងទ័ព​នេះ​ផង​ដែរ សម្តេច​ក៏​បាន​បញ្ជាក់​ថា តួនាទី​ភារកិច្ច​របស់​កងទ័ព​ក្រៅពី​ការងារ​ស្នូល​ការពារ​បូរណភាព​ទឹកដី ការ​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​ឧបាយកល ចលនា​បដិវត្ត​ពណ៌​របស់​គណ​បក្សប្រឆាំង​នោះ កង​យោធពលខេមរភូមិន្ទ​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ រួម​ទាំង​ការ​ចូលរួម​ចំណែក​ជា​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ថែម​ទៀត​។

ជា​ការ​កត់សម្គាល់​ក្រសួងបរិស្ថាន​ក្រោម​ការ​ដឹកនាំ​របស់​លោក​សាយ សំ​អាល់ ជា​រដ្ឋ​មន្ត្រី ក៏​បាន​ចាត់​បញ្ជូន​លោក​ជា សំអាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ លោក សុខ​ខេ​ង ន​វិន្ទ អគ្គនាយករង ព្រម​ទាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ ។ ក្រសួង​បរិស្ថាន​​បាន​ជ្រើសរើស​វិញ្ញាសា​ប្រភេទ​១​ក្នុង​ចំណោម​២​ប្រភេទ​ដែល​មាន​២២​អង្គភាព​ចូល​រួម​​ប្រកួត ភាគច្រើន​ជា​អង្គភាព​កងកម្លាំង​ប្រដាប់​អាវុធ​មក​ពី​អង្គភាព​នានា​ទូ​ទាំង​ប្រទេស​ប្រកួត​លើ​វិញ្ញាសា​ក​ម្ម៉​ង់​ដូរ​ត់​ចម្ងាយ​៤​គីឡូម៉ែត្រ សែង​ប្រង់​ការ​រត់​ចម្ងាយ​២​គីឡូម៉ែត្រ និង​ឆ្លងកាត់​ឧបសគ្គ​៧​កន្លែង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ