ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ភ្នំ​ប្រសិទ្ធ​ក្លាយជា​ទីតាំង​ដែល​អ្នក​វិនិយោគ​កំពុង​សម្លឹង​ឃើញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​វិនិយោគ​ខាង​វិស័យ​ដីធ្លី​បាន​ងាក​ទៅ​រក​តំបន់​ភ្នំ​ប្រសិទ្ធ ដែល​ពួក​គាត់​មាន​សុទិដ្ឋិនិយម​ថា តំបន់​នេះ​កំពុង​មាន​សក្ដានុពល​ទៅ​លើ​វិស័យ​ឧស្សាហកម្ម និង​លំនៅ​ឋាន ដោយសារ​វា​ជា​តំបន់​ខ្ពង់រាប និង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ។…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​វិនិយោគ​ខាង​វិស័យ​ដីធ្លី​បាន​ងាក​ទៅ​រក​តំបន់​ភ្នំ​ប្រសិទ្ធ ដែល​ពួក​គាត់​មាន​សុទិដ្ឋិនិយម​ថា តំបន់​នេះ​កំពុង​មាន​សក្ដានុពល​ទៅ​លើ​វិស័យ​ឧស្សាហកម្ម និង​លំនៅ​ឋាន ដោយសារ​វា​ជា​តំបន់​ខ្ពង់រាប និង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១២ មក​រា ម្សិល​មិញ​​ថា តំបន់​នេះ​មាន​លក្ខខណ្ឌ​ច្រើន​ដែល​អ្នក​វិនិយោគ​ងាក​មក​ចាប់អារម្មណ៍ ។

លោក​ថា ៖« តំបន់​ភ្នំ​មួយ​នេះ​មាន​លក្ខខណ្ឌ​ច្រើន​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ងាក​មក​រក ដោយសារ​វា​ជា​តំបន់​ខ្ពង់រាប​នៅ​ជិត​ភ្នំ អំណោយផល​ទាក់ទង​ទៅ​នឹង​ភូមិសាស្ត្រ ដែល​​អ្នក​អភិវឌ្ឍន៍​ធ្វើ​ដី​ឡូត៍​ក្ដី ឬ​ជា​លំនៅ​ឋាន​ក្ដី មាន​ភាព​ងាយស្រួល​ត្រង់​ថា យើង​មិន​ចាំបាច់​ចំណាយ​ច្រើន​ក្នុង​ការ​ចាក់​ដី​បំពេញ​ដូច​តំបន់​មួយ​ចំនួន​ទេ ។ ម្យ៉ាងទៀត ដី​នៅ​តំបន់​នេះ​មាន​លក្ខណៈ​ធូរ​ថ្លៃ អាច​ថា​តម្លៃ​ចាប់ពី​១០ ទៅ​២០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ តែ​កន្លែង​ខ្លះ​អាច​ត្រឹម​៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រការ៉េ ក៏​មាន​ដែរ » ។

តំបន់​ភ្នំ​ប្រសិទ្ធ គឺជា​ជំហាន​បន្ទាប់ ក្រោយ​ពី​ការ​រីក​រាលដាល​នៅ​តំបន់​ទំនប់​កប់​ស្រូវ ដែល​​រុញ​ពី​ភ្នំពេញ​ថ្មី​ទៅ វា​ជា​តំបន់​អចលនទ្រព្យ​ក្ដៅ​ខ្លាំង ហើយ​ឥឡូវ​តំបន់​នេះ​ស្ទើរតែ​ពេញ​ហើយ​ចុង​ក្រោយ គឺ​តំបន់​ភ្នំ​ប្រសិទ្ធ​នេះ​តែ​ម្ដង ដែល​មាន​អ្នក​មក​វិនិយោគ​ច្រើន ។

លោក ង៉ែត ជូ បន្ត​ថា ៖« តំបន់​នេះ​នៅ​មាន​ដី​ទំនេរ​ច្រើន ទើប​ធ្វើ​ឲ្យ​តម្លៃ​នៅ​ទាប​ថ្ងៃ​ក្រោយ​​តំបន់​នេះ​អាច​ក្លាយជា​តំបន់ឧស្សាហកម្ម និង​លំនៅ​ឋាន តែ​សម្រាប់​កសិកម្ម គឺ​វា​មិន​អំណោយផល​ទេ ទាល់តែ​យើង​កែប្រែ​គុណភាព​ដី​នោះ​សិន » ។ ប៉ុន្តែ​ដោយសារ​តែ​វា​គ្មាន​មុខងារ​សម្រាប់​កសិកម្ម​បែប​នេះ​ហើយ ទើប​តំបន់​មួយ​នេះ​គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​អ្នកលក់ និង​អ្នកទិញ ។ នេះ​បើ​តាម​លោក ង៉ែត ជូ លើក​ឡើង ។

លោក​បញ្ជាក់​ថា ៖« សម្រាប់​លោក អ្វី​ដែល​ធំ​បំផុត​សម្រាប់​ភ្នំ​ប្រសិទ្ធ គឺ​វា​ជា​តំបន់​ខ្ពង់រាប​អាច​ជៀស​ផុត​ពី​ទឹកជំនន់ ចរាចរណ៍​ក៏​ល្អ មិនសូវ​ចំណាយ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ ហើយ​វា​ផ្ដល់​នូវ​ទំនុកចិត្ត​ក្នុង​ការ​រស់នៅ ជា​ពិសេស​មាន​ផ្លូវ​កាត់​ធំ​ៗ​នៅ​តំបន់​នេះ ។ សម្រាប់​ឧស្សាហកម្ម​វិញ នៅ​ថ្ងៃក្រោយ គេ​នឹង​ធ្វើការ​ថ្លឹងថ្លែង​កន្លែង​នេះ ព្រោះ​ការ​វិនិយោគ​របស់​គេ​មាន​រាប់រយ​លាន​ដុ​លា្ល​រ ហើយ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ៗ យើង​មិន​អាច​ពឹងផ្អែក​តែ​លើ​រាជរដ្ឋាភិបាល​ទេ គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​សហការ​ជា​មុន​សិន ទើប​តំបន់​នោះ​រីក​ចម្រើន​បន្ថែម​ទៀត » ។

បច្ចុប្បន្ន សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​តំបន់​នោះ​កំពុង​តែ​សកម្មភាព​មមាញឹក​ខ្លាំង ពិសេស​ការ​ពុះ​ដី​ឡូត៍​សម្រាប់​លក់ ។

ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូត៍​នៅ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​តំបន់​ទាំងនេះ​គ្រោង​នឹង​កាត់​ចូល​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ ហើយ​តម្លៃ​ដី​នៅ​ពេល​នេះ​ក៏​នៅ​ធូរ​ថ្លៃ​ផង​នោះ ទើប​ពលរដ្ឋ​ដែល​ចង់បាន​ដី​សម្រាប់​សង់ផ្ទះ​បាន​រក​ទិញ​ច្រើន ជា​ពិសេស ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​គ្មាន​លទ្ធភាព​ទិញ​ផ្ទះ​ស្នាក់​នៅ ឬ​គ្មាន​លទ្ធភាព​សូ​ម្បី​តែ​បង់​រំលស់​ផ្ទះ ។ ក្រៅពី​នោះ ក៏​មាន​ពលករ​នៅ​ក្រៅប្រទេស​ដូច​ជា ប្រទេស​កូរ៉េ ជាដើម មក​ទិញ​ដី​ឡូត៍​នៅ​តំបន់​នេះ​ដើម្បី​សង់ផ្ទះ នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ស្រុក​វិញ ឬ​ទុក​លក់​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត ។

លោក ជា កុយ ប្រធាន​ក្រុមហ៊ុន​នេះ បាន​ថ្លែង​កាលពីដើម​ខែធ្នូ កន្លង​ទៅ​ថា ៖« នៅ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ ក្រៅពី​ការ​ពុះ​ដី​ឡូត៍​លក់​ហើយ យើង​ក៏​មាន​គម្រោង​ជា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​មាន​សក្ដានុពល​សម្រាប់​ការ​រស់នៅ​ផង និង​អាជីវកម្ម​ផង ។

ជាក់ស្ដែង ពេល​នេះ យើង​បាន​និង​កំពុង​អភិវឌ្ឍន៍​ជា​ផ្សារ និង​តំបន់​ទេសចរណ៍​កែ​ច្នៃ​ជាដើម ដោយសារ​តែ​បច្ចុប្បន្ន កន្លែង​នេះ​ជា​តំបន់​ទេសចរណ៍​មួយ​បាត់​ទៅ​ហើយ​សម្រាប់​អ្នក​ភ្នំពេញ និង​អ្នក​ពី​បណ្ដា​ខេត្ត​មក​សម្រាកលំហែ​នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ និង​ថ្ងៃ​ឈប់​សម្រាក​ជាដើម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ