ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ រឿង​ព្រំដែន ឲ្យ​តែ​យោធា​ថៃ បើក​ឯកតោភាគី​មុន កម្ពុជា​បើក​តាម​ក្រោយ មិន​ចាំបាច់​ចរចា​ទេ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា កម្ពុជា មាន​សម្បទាន​ខ្លាំង​ណាស់ ទៅ​លើ​បញ្ហា​ច្រកព្រំដែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា កម្ពុជា មាន​សម្បទាន​ខ្លាំង​ណាស់ ទៅ​លើ​បញ្ហា​ច្រកព្រំដែន ជា​ពិសេស​ការ​នាំ​ទំនិញ​ចេញចូល តាម​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដោយសារ​តែ​កងទ័ព​ថៃ ជា​អ្នក​បិទ​ច្រក​ដោយ​ឯកតោភាគី​ដោយ​ខ្លួនឯង ដូច្នេះ​គ្រាន់តែ​បើក​ដោយ​ឯកតោភាគី ដោយ​ខ្លួនឯង​ឡើង​វិញ ដោយ​ស្ថានភាព​វិល​ទៅ​រក​ដូច​ដើម មុន​ថ្ងៃ​ទី​៧​មិថុនា គឺ​ចប់​រឿង មិនបាច់​ចរចា​ច្រើន​នោះ​ទេ ខណៈ​ដែល​កម្ពុជា រង​ចាំ​ឆ្លើយ​តប​ទៅ​វិញ ។

ថ្លែង​ក្នុង​ពិធី​បិទ មហាសន្និបាត​វិសាមញ្ញ​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ថា ភាគី​ថៃ បាន​ស្នើ​សុំ​ឱ្យ​កម្ពុជា លើកយក​បញ្ហា​ច្រកព្រំដែន នៃ​ប្រទេស​ទាំង​ពីរ មក​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ JBC កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា កន្លង​ទៅ ដោយ​សម្តេច​បាន​ឆ្លើយ​តប​វិញ​ភ្លាម​ៗ ថា វា​មិនមែន​ជា​កិច្ចការ​របស់ JBC ដោយសារ​តែ JBC ទទួលខុសត្រូវ​តែ​រឿង​បច្ចេកទេស​ព្រំដែន ។

សម្ត​ចប​វរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា វា​សាមញ្ញ​បំផុត ពេល​ដែល​កងទ័ព​ថៃ បិទ​ព្រំដែន​ដោយ​ឯកតោភាគី អត់​មាន​ប្រាប់​កម្ពុជា​នោះ​ទេ ហេតុ​ដូច្នេះ វា​ស្រួល​ណាស់ បើក​វិញ​ឯកតោភាគី​ទៅ​ចប់​ហើយ កម្ពុជា​ចាំតែ​ទទួល​ទេ ខណៈ​ដែល​សម្តេច​ធិ​បតី អះអាង​ថា កម្ពុជា​គ្មាន​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​បងប្អូន ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន និង​គ្មាន​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម និង​ទំនាក់ទំនង​នោះ​ទេ ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី​ថ្លែង​បញ្ជាក់​ថា ៖ “​កម្ពុជា ក៏​មិន​ចង់​រករឿង​ដែល​យើង​សម្បទាន​ដល់​ប៉ុណ្ណឹង យើង​សម្បទាន​ថា រឿង​នេះ យើង​អត់​ចរចារ​ទេ ប៉ុន្តែ​បើសិនជា​ថៃ បើក​វិញ​ដោយ​ឯកតោភាគី យើង​នឹង​បើក​ឡើង​វិញ​ដែរ ៥​ម៉ោង​ក្រោយ ដើម្បី​ឱ្យ​លំហូរ នៃ​ទំនិញ នៃ​ប្រជាជន​បាន​ដូច​ដើម យើង​សម្បទាន​ដល់​ប៉ុណ្ណឹង ព្រោះ​កម្ពុជា មាន​សិទ្ធិ​បើក​មិន​បើក ប៉ុន្តែ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ប៉ុន្តែ​បើ​ហៅ​មក​អង្គុយ​គ្នា​ចរចា​បើក​គឺ​អត់​ទេ ថៃ​បិទ​មុន បើក​មុន​ទៅ​ចប់​ហើយ អា​នឹង​រឿង​មាន​ប៉ុណ្ណឹង​តើ​” ។

ក្នុង​នោះ សម្តេច​បវរ​ធិ​បតី ក៏​បាន​បញ្ជាក់​ដែល​ថា សម្តេច​បវ​ត​ធិ​បតី ក៏​បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ នាយក​រដ្ឋមន្ត្រី​ថៃ នូវ​កិច្ចចរចា​ផ្សេង​ៗ រួម​ទាំង​កិច្ចការ​ទាហាន និង​ទាហាន ដើម្បី​កែសម្រួល​កងទ័ព​ទាំង​សងខាង កុំឱ្យ​ប្រឈម​មុខ​ដាក់​គ្នា ដោយ​កិច្ចការ​ទាំងនេះ ត្រូវ​ផ្អែក​ទៅ​លើ​ទំនុក​ទុក​ចិត្តជា​បុ​រេល​ក្ខ័​ខណ្ឌ ។ បុ​រេល​ក្ខ័​ខណ្ឌ នូវ​ទំនុកចិត្ត​នេះ គឺ​ត្រូវ​ឱ្យ​ភាគី​ថៃ ធ្វើ​មុន​កម្ពុជា ដោយ​បើក​ច្រកព្រំដែន ឱ្យ​វិល​ទៅ​រក​ស្ថានភាព​ដូច​ដើម មុន​ថ្ងៃ​ទី​៧​មិថុនា ដែល​ថៃ បាន​ធ្វើ​ដោយ​ឯកតោភាគី មក​លើ​កម្ពុជា នោះ​ទើប​អាច​ឈាន​ទៅ​កិច្ចចរចា រឿង​កងទ័ព​បន្ថែម​បាន ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​បន្ថែម​ថា កម្ពុជា អត់​ស្រលាញ់​សង្គ្រាម​ទេ ត្រូវ​បង្ហាញ​នូវ​សុច្ឆន្ទៈ​មុន​សិន បង្ហាញ​នូវ​ភាព​បុ​រេ​សកម្ម បុ​រេល​ក្ខ័​ខណ្ឌ​គឺ​ព្រំដែន​ត្រូវ​បើក​ទាំង​សងខាង ទៅ​ល​ក្ខ័​ខណ្ឌ​ដូច​ដើម​វិញ ហើយ​ដើម្បី​ឱ្យ​ព្រំដែន​នេះ បើក​ទៅ​ធម្មតា​វិញ មិនបាច់​ចរចា​គ្នា​ទេ សូម​ឱ្យ​កង​ព័​ទ​ថៃ​បើក​ទៅ ព្រោះ​បិទ​បិទ​តែ​ខ្លួនឯង បើក​តែ​ខ្លួនឯង​ទៅ កម្ពុជា នឹង​ឆ្លើយ​តប​ទៅ​វិញ កម្ពុជា សុំ​តែ​ប៉ុណ្ណឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ