រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានសួរថា ហេតុអ្វីចាំបាច់ខ្លាចហ្វេសប៊ុករបស់ខ្ញុំ? ក្រោយការចុះផ្សាយរបស់កាសែតថៃ ដឺណេសិន (The Nation) ថា ភាគីថៃកំពុងបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមសម្តេចតេជោ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេច យ៉ាងដូច្នេះថា ៖ «ថ្ងែនេះ កាសែត The Nation របស់ថៃ បានចេញផ្សាយ អំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ។
ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!
ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិត កើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស ។
ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារ ដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន» ៕
ចែករំលែកព័តមាននេះ