រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ជីកលេណដ្ឋាន បានធ្វើការចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៧មិថុនា បានជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីការវិវត្ត ថ្មីៗ នៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ថា កម្ពុជាមានបំណងរក្សាសុខសន្តិភាព និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈតុលាការ អន្តរជាតិ (ICJ) នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយសន្តិវិធី និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ។
ក្រៅអំពីនេះ កម្ពុជាបានរៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយបានឯកភាពគ្នា លើកិច្ចការដែលភាគីកម្ពុជា-ថៃត្រូវបំពេញបន្តទៀត ។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្តាយ ដែលភាគីថៃ មិនបានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នា ឆ្នាំ២០០០ (MOU2000) ។
ក្រសួងបានបញ្ជាក់ថា ៖ ” ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៃប្រទេសទាំងពីរ” ។
ក្រសួងបានអះអាងថា កងទ័ពកម្ពុជា គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និងប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេស ណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ ។
បើតាមការលើកឡើងរបស់ក្រសួងការពារជាតិ ពីការបង្កើនសកម្មភាព រួមនិងកម្លាំងទ័ពថៃនេះ គឺថា ភាគីថៃបានកំពុងមានល្បិចលកជាមិនខាន ដោយសារពេលថ្មីៗ មេយោធាថៃ ដែលចង់បានទឹកដីកម្ពុជា ដោយបំពានច្បាប់នោះ បានប្រកាសឲ្យមានការបន្ថយកងទ័ព ប៉ុន្តែផ្ទុយទៅវិញ បែរជាបន្ថែមកម្លាំងទ័ពខ្លួនឯងទៅវិញ ៕
ចែករំលែកព័តមាននេះ