ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ ផាត់​យុទ្ធ ប៉ះ​ថៃ ក្នុង​ពេល​កីឡាករ​2​រូប​ទៀត​ប៉ះ​គ្នា​ដណ្ដើម​តំណែង​ជើងឯក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៣ មក​រា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ​។ កីឡាករ​កម្ពុជា​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ល្បីឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៣ មក​រា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ​។ កីឡាករ​កម្ពុជា​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ល្បីឈ្មោះ និង​វ័យក្មេង​ពេញកម្លាំង ផា​ន់ ផាត់​យុទ្ធ នឹង​ក្លាយជា​សមា​សភាព​​របស់ កម្ពុជា​តែ​មួយ​រូប​គត់ ដែល​នឹង​ស្វាគមន៍​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ​ជាមួយ​កីឡាករថៃ ។

ការ​ប្រកួត​ទាំងមូល​ក៏​នឹង​ទទួលបានការ​ចាប់អារម្មណ៍​ថែម​ទៀត​ដោយ​សារ​តែ​កីឡាករ​កម្ពុជា​២​រូប​គឺ​សៅ វ​ណ្ណា និង អ៊ុំ វ​ណ្ណេ​ត ក៏​នឹង​ឡើង​ប្រកួត​ដណ្ដើម​ជើងឯក​លេខ​១ និង​លេខ​២​ចុង​ក្រោយ​នៅ​ថ្ងៃ​នោះ​ដែរ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​ស្អែក​នេះ កីឡាករ​កម្ពុជា​និង​ថៃ​២​រូប​គឺ
ជើង​ខ្លាំង​ផា​ន់ ផាត់​យុទ្ធ និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Khi Ba នឹង​ក្លាយជា​គូ​ប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ចុង​ក្រោយ នៃ​ការ​ដណ្ដើម​ខ្សែក្រវាត់​ផង​ដែរ ដោយ​ការ​ប្រកួត​របស់​គូ​ខ្មែរ​មួយគូ​នោះ ហាក់​មានការ​ចាប់អារម្មណ៍​ជាង​គូ​អន្តរជាតិ​នោះ​ផង​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​ត្រូវ​ប្រកួត​គ្នា​យក​តំណែង​ជើងឯក ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​ថៃ ២​រូប​ដែល​មានឈ្មោះ​ល្បី ដែល​ភាគី​កម្ពុជា គឺ​តំណាង​ដោយ​កីឡាករ ផា​ន់ ផាត់​យុទ្ធ ផង​ដែរ ។ បើ​ទោះជា​ការ​ប្រកួត​នេះ គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ ក៏​លោក​នៅ​តែ​ជឿជាក់​ថា កីឡាករ​ជើង​ខ្លាំង​ដែល​មាន​សមត្ថភាព​រូប​នេះ នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​មិន​ខាន ។

ការ​ប្រកួតរវាង​កីឡាករ​ទាំង​ពីរ​ទទួល​ការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ​ដោយសារ​តែ​មានការ​ប្រកួត​របស់​ជើង​ខ្លាំង​៤​រូប​ជា​លក្ខណៈ​ដណ្ដើម​ជើងឯក​នៅ​ថ្ងៃ​នោះ​ផង​ដែរ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​ការ​ប្រកួត​ធម្មតា​នោះ​ទេ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ដូច​គ្នា ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​តែ​ម្ដង​ក្នុង​ចំណោម​អ្នកគាំទ្រ​ភាគច្រើន​ដែល​តាមដាន​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ ។

លោក​ថា កីឡាករ ផា​ន់ ផាត់​យុទ្ធ អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​របស់​គេ​ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។

លោក​ជឿជាក់​យ៉ាង​ពេញទំហឹង​ចំពោះ​ផា​ន់ ផាត់​យុទ្ធ សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​មួយ​នេះ ដោយ​លោក​រំពឹង​ខ្ពស់​ថា​គេ​នឹង​មិន​លាក់​ថ្វីដៃ​តាំងពី​ទឹក​ទី​១​នោះ​ផង ដោយសារ​តែ​កីឡាករ​ថៃ គឺ​លោក​បាន​ស្គាល់​រួច​មក​ហើយ​ថា​ជា​កីឡាករ​ល្អ​ម្នាក់ ហើយ​មាន​ទម្លាប់​មិន​លាក់​ថ្វីដៃ​ប្រកួត​ដូច​គ្នា ។ អ្វី​ដែល​សំខាន់ គឺ​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ប្រវត្តិ​ប្រកួត​លើ​រេញ​អន្តរជាតិ​ច្រើន​លើក​រៀងខ្លួន ។

សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​ក្នុង​វគ្គ​ដណ្ដើម​ជើងឯក គឺ កីឡាករ អ៊ុំ វ​ណ្ណេ​ត ប្រកួត​ជម្រុះ​ជាមួយ​កីឡាករ សៅ វ​ណ្ណា ដោយ​អ្នក​ទាំង​ពីរ​សុទ្ធតែ​មិន​ទាន់​ស្គាល់​ចាញ់​ការ​ប្រកួត​ជម្រុះ​​នៅ​ប៉ុស្ដិ៍​លេខ​៥​ដូច​គ្នា ទើប​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ដែល​ជា​អ្នក​តាមដាន ។ នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ដ៏​សំខាន់ ដែល​អ្នក​ឈ្នះ​មិន​ត្រឹមតែ​បាន​ឈាន​ឡើងជា​កីឡាករ​ល្បីឈ្មោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ទទួល​ប្រាក់​លាន និង​ក្លាយជា​​ម្ចាស់​ជើងឯក​ដ៏​មាន​កិត្តិយស​គួរ​ឱ្យ​សរសើរ​ផង​ដែរ ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​គូ​នេះ ម្នាក់​ៗ​មានការ​ត្រៀម​ទុក​សម្បើម​ណាស់ ដោយសារ​តែ​អ្នក​ដែល​បាន​ឈ្នះ គឺ​មាន​ន័យ​ថា​ជា​ជើងឯក​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥ ដែល​កីឡា​ករ​ទាំង​ពីរ​សុទ្ធតែ​ចង់​គ្រប់គ្រង ។ ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ភាគី​ទាំង​ពីរ​សុទ្ធតែ​អះអាង​ថា​ត្រូវ​តែ​ដណ្ដើម​ឱ្យ​បាន​ដាច់ខាត​នូវ​កៅអី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​តែ​ប្រឹង​តស៊ូ ។ លោក​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ​គឺជា​ធនធាន​កីឡាករ​ដ៏​កម្រ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​សង្វៀន​ប្រដាល់ ហើយ​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ក៏​ជា​ការ​កំណត់​ជោគវាសនា​ក្នុង​អាជីព​របស់​អ្នក​ទាំង​២​ផង​ដែរ ។

ចំណែក​កីឡាករ គឹ​ម វាសនា និង​ង៉ែ​ត្រ រ​ដ្ឋា ត្រូវ​ប្រកួត​គ្នា​យក​ចំណាត់ថ្នាក់​លេខ​៣ ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​អះអាង​ថា​នឹង​បញ្ចប់​ការ​ប្រកួត​ដោយ​បង្ហាញ​ភាពស្វិតស្វាញ​មិន​ខុស​គ្នា​នោះទេ ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ចង់បាន​ចំណាត់ថ្នាក់​ល្អ​ដើម្បី​រក្សា​លំនឹង​កេរ្តិ៍ឈ្មោះ​ឱ្យ​បាន​យូរ​ក្នុង​ពិភព​ប្រដាល់ ។ ដោយឡែក​នៅ​លើ​សង្វៀនទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ ទាំង​សង្វៀន​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ តាម​ពេលវេលា​ដែល​បាន​ប្រកាស​ឡើង​គឺ​ពេល​រសៀល​ម៉ោង​២ និង​យប់​ម៉ោង​៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ