ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នរដ្ឋ​ចំនួន​3 ចាប់ផ្តើម​ប្រើ QR Code ដើម្បី​គ្រប់គ្រង​ការងារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ផ្ដល់​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​វិស័យ​សាធារណៈ និង​ឯកជន​ក្នុង​ការ​អនុវត្ត​ការងារ និង​អាជីវកម្ម ។ បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មិន​ថា​ក្រុមហ៊ុន សហគ្រាស ឬ​ស្ថាប័នរដ្ឋ​ទេ…

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ផ្ដល់​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​វិស័យ​សាធារណៈ និង​ឯកជន​ក្នុង​ការ​អនុវត្ត​ការងារ និង​អាជីវកម្ម ។ បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មិន​ថា​ក្រុមហ៊ុន សហគ្រាស ឬ​ស្ថាប័នរដ្ឋ​ទេ កំពុង​ងាក​មក​ប្រើ​បច្ចេកវិទ្យា​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ខ្លួន ក្នុង​នោះ​គេ​សង្កេត​ឃើញ​ស្ថាប័នរដ្ឋ​ចំនួន​៣ រួម​មាន ក្រសួងកសិកម្ម​, ក្រសួង​សាធារណការ និង​ក្រសួង​រៀបចំ​ដែនដី ដែល​កំពុង​ផុសផុល​ជាងគេ​ទៅ​លើ​ការ​ប្រើ​ប្រព័ន្ធ QR Code ដើម្បី​គ្រប់គ្រង​ការងារ ។ តើ​ស្ថាប័ន​ទាំងនោះ​ប្រើ​ប្រព័ន្ធ QR Code គ្រប់គ្រង​ទៅ​លើ​អ្វីខ្លះ ?

យោង​តាម​អនុប្រធាន​ការិយាល័យ​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ហ៊ាន សេរី​វុ​ធ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ មក​រា ម្សិលមិញ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្ដី​ពី​ប្រព័ន្ធ​គ្រប់គ្រង​ការ​អនុវត្ត​កសិកម្ម​ល្អ​តាម​ប្រព័ន្ធ QR Code នេះ​ផង​ដែរ ដើម្បី​ផ្ដល់​ព័ត៌មាន និង​តាមដាន​ប្រវត្តិ ក៏​ដូច​ជា​កំណត់​អត្តសញ្ញាណ​ផលិតផល​កសិកម្ម ដែល​លក់​នៅ​ទីផ្សារ​ដោយ​មាន QR Code ហើយ​វា​ក៏​ជា​យន្តការ​ក្នុង​ការ​ត្រួតពិនិត្យ និង​តាមដាន​កសិដ្ឋាន​ដែល​យល់​ព្រម​អនុវត្ត​កសិកម្ម​ល្អ ។ ទោះបី​យ៉ាងណា ក្រសួង​ពុំ​ទាន់​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នៅឡើយ​ទេ ។

លោក​ថ្លែង​ថា ៖« អគ្គនាយកដ្ឋាន​មិន​ទាន់​ដាក់​ឱ្យ​អនុវត្ត​កសិកម្ម​នៅឡើយ​ទេ នូវ​ប្រព័ន្ធ QR Code នេះ ។ វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ តែ​យ៉ាងណា លោក​រំពឹង​ថា អាច​នឹង​ប្រើប្រាស់​បាន​នា​ពេល​ឆាប់​ៗ » ។

លោក​បន្ត​ថា ប្រព័ន្ធ QR Code នេះ វា​ជួយ​បាន​ច្រើន​ទៅ​ដល់​អ្នក​បរិភោគ ព្រោះ​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ាន ក៏​បាន​អនុវត្ត​ច្រើន​ដែរ ។ ពេល​អ្នក​ប្រើប្រាស់ ឬ​អ្នក​បរិភោគ​ទាំងអស់​ឃើញ​មាន QR Code បិទ​នៅ​លើ​ផលិតផល ពេល​នោះ​នឹង​បានដឹង​ពី​ប្រភព​នៃ​ការ​ផលិត​​តាម​រយៈ​ស្កេ​ន QR Code នេះ ។

លោក​លើក​ឡើង​ថា ៖« បច្ចុប្បន្ន កម្ពុជា យើង​អត់​ទាន់​មាន​ផលិតផល​កសិកម្ម​ណាមួយ បិទ QR Code ទេ ។ ដូច្នេះ ទើប​យើង​រៀបចំ​បង្កើត​ឡើង​ដើម្បី​លើក​ស្ទួយ​កសិផល​របស់​កសិករ និង​ចូលរួម​ចំណែក​ឱ្យ​អ្នក​បរិភោគ​ទាំងអស់​មាន​ភាព​ជឿជាក់ និង​ជា​ផ្នែក​មួយ​លើកទឹកចិត្ត​ដល់​កសិករ​ដែល​បាន​អនុវត្ត​កសិកម្ម​ល្អ​ឱ្យ​កើនឡើង​បន្ថែម​ទៀត » ។

ចំណែក​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន លោក ហ៊ា​ង សុ​ន្ធា​យុ​ត្តិ បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ប្រើ​បច្ចេកវិទ្យា QR Code នេះ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​យានយន្ដ ។ លោក​ថា ៖ «ស្លាក​លេខ​រថយន្ត និង​ម៉ូតូ ដែល​ក្រសួង​ចេញ​ឱ្យ​ប្រើប្រាស់​ដោយ​មាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា QR Code នេះ ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​របស់​រថយន្ត និង​ម៉ូតូ​, កាត់​បន្ថយ​ភាព​ភ័យ​ព្រួយ​របស់​ប្រជាពលរដ្ឋ​ពី​ការ​លួច​ស្លាក​លេខ ។ លើស​ពី​នេះ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មន្ត្រី​ប៉ូលិស​ក្នុង​ការ​ផ្ទៀងផ្ទាត់ ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង » ។

លោក​បញ្ជាក់​ថា ៖« បន្ទាប់​ពី​ក្រសួង​ចេញ​ឱ្យ​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​មាន QR Code កាលពី​ខែកក្កដា ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ទោចក្រយានយន្ត​ជាង​១០​ម៉ឺន​គ្រឿង​ហើយ ក្នុង​នោះ​រថយន្ត​មាន​ប្រមាណ​៣,៥​ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ប្រហែល​៧​ម៉ឺន​គ្រឿង ។​ស្លាក​លេខ​ប្រើ QR Code នេះ​ចែក​ជា​២​ប្រភេទ គឺ QR Code ប្រើ​នៅ​លើ​ប័ណ្ណ​សម្គាល់ និង QR Code ប្រើ​លើ​ស្លាក​លេខ​រថយន្ត​និង​ម៉ូតូ អាច​បញ្ជាក់​ភាព​ត្រឹមត្រូវ​ស្របច្បាប់​បាន​សម្រាប់​អ្នក​ប្រើប្រាស់ » ។

ដោយឡែក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​កំពុង​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ និង​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​សង្ខេប តាម​រយៈ QR Code នៅ​លើ​ប័ណ្ណកម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ក្នុង​គោលដៅ​ងាយស្រួល​គ្រប់គ្រង​, កាត់​បន្ថយ​បញ្ហា​ជម្លោះ​ដីធ្លី​, អំពើ​ពុក​រលួយ និង​កៀរគរ​ចំណូល​ថវិកាជាតិ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​កន្លង​មក លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ការ​គ្រប់គ្រង​មាន​ភាព​ងាយ​ស្រួល និង​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​ការ​រក​ចំណូល​ចូល​ថវិកាជាតិ ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ QR Code នៅ​លើ​ប្លង់​កម្មសិទ្ធិ​អចលនទ្រព្យ ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ការ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ដី និង​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​សង្ខេប តាម QR Code លើ​ប័ណ្ណកម្មសិទ្ធិ​នេះ​ជា​ចំណុច​សំខាន់​ណាស់​សម្រាប់​ឆ្នាំ​២០១៨ ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​គ្រប់គ្រង​, ធានា​បាន​នូវ​សុវត្ថិភាព ហើយ​ការ​បម្រើសេវា​សាធារណៈ​របស់​យើង​បាន​ទៅ​ដល់​មនុស្ស​ម្នាក់​ៗ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ