ខេត្តកំពង់ធំ ៖ ហេតុការណ៍ដ៏គួរឲ្យអស់សំណើចមួយ ដែលលោកជំទប់ទីមួយឃុំចំណាក្រោម លេងល្បែងចាញ់ (អាប៉ោង) អស់លុយក្នុងហោបាវដាក់ម៉ូតូបញ្ចាំអត់លុយលោះ លួចម៉ូតូជិះមកផ្ទះវិញត្រូវម្ចាស់បំណុលស្រែកថាចោរៗ ប្តឹងសមត្ថកិច្ចស្ទាក់ចាប់ ។
ប្រភពពត័មានពីសមត្ថកិច្ចបានឲ្យកោះសន្តិភាពដឹងថា បន្ទាប់ពីទទួលបានព័ត៌មានមកថា មានមុខសញ្ញាលួចម៉ូតូមកពីស្រុកជីក្រែង ខេត្តសៀមរាប ចូលមកខេត្តកំពង់ធំ កំម្លាំងនគរបាលស្រុកស្ទោង បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកដាក់បារ៉ាស ស្ទាក់ចាប់បានកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខណៈពេលដែលជនសង្ស័យជិះម៉ូតូមកដល់ក៏បុកបារ៉ាសដួលសន្លប់ ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្ទោង ក្រោយពីជនសង្ស័យបានដឹងខ្លួនឡើងវិញ បានសារភាពប្រាប់សមត្ថកិច្ចថា «គាត់មិនមែនជាចោរទេ គាត់ជាជំទប់ទីមួយឃុំចំណាក្រោម ស្រុកស្ទោង បានជិះម៉ូតូទៅលេងល្បែងនៅស្រុកជីក្រែង ខេត្តសៀមរាប នៅពេលដែលចាញ់លុយអស់ គាត់ក៏បានយកម៉ូតូទៅបញ្ចាំ១លានរៀលលេងចាញ់អស់ទៀត អត់លុយលោះ ខ្លួនមានកូនសោម៉ូតូពីរ ក៏យកទៅចាក់លួចម៉ូតូជិះមកផ្ទះវិញ ត្រូវម្ចាស់លុយប្ដឹងសមត្ថកិច្ចស្រុកជីក្រែង ថាមានចោរលួចម៉ូតូ ក៏ស្ទាក់ចាប់តែម្ដង ។
លោក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខេង ថា ភេទប្រុស អាយុ៥៧ឆ្នាំ ជាជំទប់ទី១ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ម៉ូតូនេះគឺគាត់យកទៅបញ្ចាំនឹងគេយកលុយមកលេងល្បែង ដល់ពេលអត់មានលុយលោះយកម៉ូតូមកវិញ គាត់មានកូនសោមួយទៀត ក៏ចាក់យកម៉ូតូជិះរត់មកផ្ទះនៅស្ពានគ្រងវិញ ត្រូវបានម្ចាស់ប្ដឹងសមត្ថកិច្ចនៅស្រុកជីក្រែងដេញតាមចាប់ថា គាត់ជាចោរលួចម៉ូតូ បន្ទាប់ពីឃាត់ខ្លួនបានសួរនាំរួច ក៏ប្រគល់ទៅឲ្យសមត្ថកិច្ចខាងស្រុកជីក្រែងចាត់ការ ពីព្រោះករណីខាងលើនេះបានកើតហេតុនៅទីនោះ ៕





ចែករំលែកព័តមាននេះ