ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ហង់ ជួនណា​រ៉ុ​ន ពី​អ្នកយាម​ផ្ទះ​ឱ្យ​រដ្ឋមន្ត្រី ក្លាយជា​រដ្ឋមន្ត្រី​ល្បី​ខ្លាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​សព្វថ្ងៃ លោក​ហង់ ជួនណា​រ៉ុ​ន មិន​ត្រឹមតែ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ល្បីឈ្មោះ​ដោយសារ​តែ​បាន​កែទម្រង់​ការ​ប្រឡង​បាក់​ឌុ​ប​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​កីឡាករ​តេ​ក្វា​ន់​ដូ​ដែល​គ្រង​ខ្សែក្រវាត់​ខ្មៅ​គួរ​ឱ្យ​សរសើរ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​សព្វថ្ងៃ លោក​ហង់ ជួនណា​រ៉ុ​ន មិន​ត្រឹមតែ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ល្បីឈ្មោះ​ដោយសារ​តែ​បាន​កែទម្រង់​ការ​ប្រឡង​បាក់​ឌុ​ប​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​កីឡាករ​តេ​ក្វា​ន់​ដូ​ដែល​គ្រង​ខ្សែក្រវាត់​ខ្មៅ​គួរ​ឱ្យ​សរសើរ​ផង​ដែរ ។

លោក​នៅ​តែ​អះអាង​ថា ដោយសារ​តែ​ចំណូលចិត្ត​លើ​ផ្នែក​កីឡា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​លោក​មានឱកាស​បាន​យាម​ផ្ទះ​រដ្ឋមន្ត្រី​មួយ​រូប ហើយ​ក៏​មានឱកាស​បាន​ស្វែង​យល់​ពី​ការងារ និង​ការ​ទំនាក់ទំនង​រហូត​បាន​ក្លាយជា​រដ្ឋមន្ត្រី​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​។

លោក ហង់ ជួនណា​រ៉ុ​ន កើត​នៅ​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​១៩៦២ នៅ​សង្កាត់​លេខ​៥ ក្រុងភ្នំពេញ ដោយ​លោក​ក៏​ជា​ក្មេង​ដែល​មាន​ប្រវត្តិ​តស៊ូ​មិន​ខុស​ពី​កុមារ និង​យុវជន​ដ​ដៃ​ទៀត​ផង​ដែរ។ លោក​មាន​ឪពុក​ឈ្មោះ​ហង់ ជួន ជា​សាស្ត្រាចារ្យ​នៅ​សាលា​វិចិត្រសិល្បៈ នៃ​មហា​វិទ្យាល័យ​របាំ មុន​អំឡុង​ឆ្នាំ​១៩៧០ និង​មាន​ម្ដាយ​ឈ្មោះ ម៉ែ​ន សា​អ៊ុ​ន ជា​ស្ត្រី​មេផ្ទះ ។

ក្នុង​របប​ប៉ុ​ល​ពត លោក និង​ក្រុម​គ្រួសារ​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ភូមិ​ជ្រឹង ឃុំ​វាល​ម្លូ ស្រុក​តំបែរ ក្នុង​ខេត្ត​ត្បូងឃ្មុំ​សព្វថ្ងៃ​។ ក្នុង​ឆ្នាំ​១៩៨០ ឪពុក​របស់​លោក​មាន​តួនាទី​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​អប់រំ បន្ទាប់​ពី​រដ្ឋាភិបាល​ធ្វើការ​រៀបចំ​ក្រសួង​អប់រំ​ឡើង​វិញ ហើយ​លោក​ក៏​បាន​ចូល​សិក្សា​នៅ​វិទ្យាល័យ​កម្ពុជ​បុត្រ ដែល​ជា​សាលា​របស់​មេ​ខ្មែរក្រហម គឺ​លោក ខៀវ សំ​ផ​ន និង​ប៉ុ​ល​ពត បង្រៀន​នៅ​ទៅ​នោះ​កាលពី​ទស​វត្ស​ន៍​ឆ្នាំ​១៩៦០ ។

យ៉ាងណា​ក៏​ដោយ​លោក​បាន​ទទួល​ការ​សិក្សា​នៅ​ទីនោះ​បាន​ត្រឹមតែ​ថ្នាក់​ទី​៨​ប៉ុណ្ណោះ ក៏​ផ្លាស់​ទៅ​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ បន្ទាប់​ពី​លោក​បាន​ចូលរួម​រៀបចំ​វិទ្យាល័យ​នោះ​​ជាមួយ​ឪពុក​ផង ។ ក្នុង​ឆ្នាំ​១៩៨១ លោក​បាន​ប្រឡង​ជាប់​បាក់​ឌុ​ប ហើយ​បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ប៉ុន្តែ​សិក្សា​ទៅ​នោះ​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​សូ​វៀត ផ្នែក​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ ។

មក​ទល់​សព្វថ្ងៃ លោក​ជា​រដ្ឋមន្ត្រី​មួយ​រូប​ដែល​ចេះ​ស្ទាត់​ទាំង​សរសេរ និង​និយាយ​ភាសា​រុ​ស្ស៊ី ហើយ​ចំណេះដឹង​មួយ​នេះ ក៏​ជា​កត្តា​រុញ​ឱ្យ​លោក​បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ផង​ដែរ​។​ក្នុង​ពេល​សិក្សា​នៅ​ក្នុង​ឆ្នាំ​ដំបូង​ៗ លោក​ទទួល​រង​ការ​លំបាក​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ពេល​លោក​ត្រូវ​សិក្សា​ស្វែង​យល់​ភាសា​បារាំង និង​អង់គ្លេស​បន្ថែម​នោះ ។

ក្នុង​ឆ្នាំ​១៩៨៨ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ហើយ​ក៏​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ។ នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី លោក​គឺជា​អ្នក​សរសេរ​សុន្ទរកថា​មួយ​រូប​ដែល​មានការ​ទទួលស្គាល់ ដោយសារ​តែ​លោក​មាន​ស្នាដៃ​ក្នុង​ការ​ស្រាវជ្រាវ និង​មានចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស បារាំង និង​រុ​ស្ស៊ី​ច្បាស់លាស់​ផង​។

ក្រោយ​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ លោក​ក៏​បាន​ក្លាយជា​អ្នកបកប្រែ​ឱ្យ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដោយ​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ឱ្យ​ក្រសួងការបរទេស គឺ​លោក ហោ ណាំ​ហុង ដោយ​លោក​ក៏​ជា​អ្នក​សរសេរ​បកប្រែ​ផង និង​ជា​អ្នកបកប្រែ​ដោយ​ផ្ទាល់មាត់​ផង ។ បន្តបន្ទាប់​មក​លោក​ក៏​បាន​បម្រើ​ការ​នៅ​ក្នុង​ស្ថានទូត​អូស្ត្រាលី និង​បាន​ចូល​បម្រើ​ការ​នៅ​វិទ្យាស្ថាន CDRI​ក្នុង​តំណែង​ជា​អ្នកបកប្រែ​អង់គ្លេស និង​បាន​ក្លាយជា​មន្ត្រី​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋកិច្ច ន​យោបាយ​ពី​ឆ្នាំ​១៩៩៣​រហូត​ដល់​ឆ្នាំ​១៩៩៨ ។

ថ្ងៃ​ទី​១ មក​រា ឆ្នាំ​១៩៩៩ លោក​បាន​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​​លោក​ក៏​មាន​នាទី​សរសេរ​សុន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រី ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ អ៊ីចឹង​ហើយ​ទើប​លោក​កាន់តែ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​កត់សម្គាល់​ពី​សមត្ថ​ភាព និង​ចំណេះដឹង​បន្តិច​ម្ដង​ៗ ។ លោក​បាន​រៀប​ការ​ជាមួយ​អ្នកស្រី ប៉ែន វិមល និង​មានកូន​ប្រុស​២​នាក់ គឺ​កូនប្រុស​ច្បង​ឈ្មោះ​ហង់ វិ​រៈ​ឫទ្ធិ អាយុ​២៣​ឆ្នាំ និង​កូនប្រុស​ទី​២​ឈ្មោះ​ហង់ វិមលា អាយុ​២០​ឆ្នាំ ។ ភរិយា​របស់​លោក ក៏​ជា​មន្ត្រី​ក្នុង​នាយកដ្ឋាន​ផែនការ​របស់​ក្រសួងបរិស្ថាន​ផង​ដែរ ដោយ​លោក​ជំទាវ​គឺជា​កូនស្រី​របស់​លោក ប៉ែន ណា​វុ​ឍ អតីតរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​សិក្សាធិការ​នៅ​អំឡុង​ឆ្នាំ​១៩៨៤ ដល់​១៩៩៩​។

អំឡុង​ខែមករា ឆ្នាំ​១៩៧៩ ក្រោយ​ពី​ការ​ដួល​រលំ​របប​អាវ​ខ្មៅ លោក​ក៏​ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ក្នុង​សម័យ​នោះ គឺ​លោក ចាន់ វ៉ែន បាន​ចុះ​ទៅ​ជ្រើសរើស​យុវជន​ដើម្បី​ធ្វើ​ជា​អ្នកយាម​ផ្ទះ ហើយ​ក៏​បាន​ជ្រើសរើស​យក​លោក ដោយសារ​តែ​លោក​ក្រៅពី​មាន​រាង​កាយ​មាំមួន ក៏​ចេះក្បាច់គុន​ការពារ​ខ្លួន​ទៀត​ផង ។ លោក​គឺជា​អ្នកយាម​ផ្ទះ​វេន​យប់​ឱ្យ​រដ្ឋមន្ត្រី ដោយនៅ​ពេល​នោះ​ក៏​មាន​យុវជន​អាយុ​១៧​ឆ្នាំ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​ដែល​បាន​ធ្វើការ​ដូច​លោក ប៉ុន្តែ​លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យុវ​វ​ជន​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​លោក​យកចិត្តទុកដាក់​លើ​ការ​ហ្វឹកហាត់​ក្បាច់គុន ពិសេស​គឺ​តេ​ក្វា​ន់​ដូ​តាំងពី​ក្មេង ហើយ​មានការ​ស្វែង​យល់​ផ្នែក​ភាសាបរទេស និង​ប្រឹងប្រែង​សិក្សា​បាន​ខ្ពស់ ។ ក្រៅពី​ជា​អ្នកយាម​ផ្ទះ លោក​ក៏​ជា​អ្នក​បោសសំអាត​នៅ​តាម​សាលារៀន​ក្នុង​ពេល​ក្រសួង​អប់រំ​នា​ពេល​នោះ ចាប់ផ្ដើម​រៀបចំ​ប្រព័ន្ធ​អប់​រំជា​ថ្មី​ផង​ដែរ​។

បន្ថែម​ពីលើ​ប្រវត្តិ​ការងារ និង​ប្រវត្តិ​សិក្សា
គួរ​ឱ្យ​សរសើរ​របស់​លោក​នៅ​ក្នុង​វិស័យ​សិក្សា លោក ហង់ ជួនណា​រ៉ុ​ន ក៏​ជា​កីឡាករ​មួយ​រូប​ដែល​បាន​ប្រឹងប្រែង​ហ្វឹកហាត់​តេ​ក្វា​ន់​ដូរ​ហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ផង​ដែរ​កាលពី​ចុងឆ្នាំ​២០១៦​មុន​នេះ ។ លោក​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​នេះ​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា កន្លង​ទៅ ដោយនៅ​លើ​ផេ​ក​របស់​ក្រសួង​អប់រំ បាន​សរសើរ​ថា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រៅពី​មាន​សមត្ថភាព​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ឱ្យ​មានគុណ​ភាព​ក្នុង​រយៈពេល​ចុង​ក្រោយ ក៏​ជា​រដ្ឋមន្ត្រី​មួយ​រូប​ដែល​បាន​ស្វែង​យល់​ពី​វិស័យ​កីឡា​តាម​រយៈ​ការ​ឆ្លៀតពេល​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ បង្កើន​សមត្ថភាព​ដែល​ជា​ចំណូលចិត្ត​កាលពី​ក្មេង រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ផង​ដែរ ។

លោក​ធ្លាប់​បាន​បញ្ជាក់​ថា កីឡា​គឺជា​ចំណូលចិត្ត​របស់​លោក​តាំងពី​ក្មេង ហើយ​បើ​លោក​មាន​ពេលទំនេរ​មិន​រវល់​ដូច​រាល់ថ្ងៃ គឺ​លោក​នឹង​បន្ត​ហ្វឹកហាត់​ឱ្យ​បាន​ខ្សែក្រវាត់​ខ្មៅ​ខ្ពស់​បំផុត​នោះ​ផង ដោយសារ​តែ​លោក​យល់​ថា កីឡា ឬ​ក្បាច់គុន​ក្រៅពី​ធ្វើ​ឱ្យ​អ្នកតស៊ូ​ហ្វឹក​ហាត់​អាច​ការពារ​ខ្លួន ក៏​ជួយ​ឱ្យ​អ្នក​ហាត់​មាន​សុខភាព​ល្អ និង​មិន​ខុស​ពី​ការ​បំផុស​ឱ្យ​យុវជន​ងាក​មក​ហ្វឹកហាត់​ដើម្បី​លើក​ស្ទួយ​កីឡា និង​ដើម្បី​ជំរុញ​ដល់​សុខភាព​របស់​ខ្លួន​។​

លោក​បាន​ទទួល​ខ្សែក្រវាត់​ខ្មៅ​ផ្នែក​តេ​ក្វា​ន់​ដូ ដោយ​ខ្សែក្រវាត់​ដែល​លោក​ទទួល​បាន មិនមែន​ជា​ខ្សែក្រវាត់​កិត្តិយស​នោះ​ទេ ប៉ុន្តែ​ជា​ខ្សែក្រវាត់​ប្រយុទ្ធ​ដែល​លោក​បាន​ឆ្លងកាត់​ការ​ប្រកួត និង​មានការ​បំពាក់​ខ្សែក្រវាត់​ដោយ​លោក ឆ​យ យ៉ុ​ង​សុក គ្រូបង្វឹក​កីឡា​តេ​ក្វា​ន់​ដូ​ជម្រើសជាតិ​កម្ពុជា ។

លោក ហង់ ជួនណា​រ៉ុ​ន និយាយ​ថា ឱ្យ​តែ​លោក​ឆ្លៀត​បាន គឺ​លោក​នៅ​តែ​ឆ្លៀតពេល​ហ្វឹក​ហាត់ ដើម្បី​រំលឹក​ក្បាច់គុន​តេ​ក្វា​ន់​ដូ​ផង និង​ដើម្បី​សុខភាព​ផង ។ ដោយសារ​តែ​ចេះ​ក្បាច់គុន​តេ​ក្វា​ន់​ដូ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក​រឹង​មាំ​ផ្នែក​សុខភាព ហើយ​បំពេញ​កិច្ចការ​បាន​យ៉ាងច្រើន​តាំងពី​បាន​ក្លាយជា​រដ្ឋមន្ត្រី​ដែល​មាន​ការងារ​ដកឃ្លា​មិន​ចង់​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ