ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រ៉េ​មី ប្រាប់​មូលហេតុ​តស៊ូ​ហ្វឹកហាត់​តេ​ក្វា​ន់​ដូរ​ហូត​បាន​ខ្សែក្រវាត់​ខ្មៅ​5​ដាន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​កត់សម្គាល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចំនួន​៦​រូប បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅផ្នែក​កីឡា​ប្រយុទ្ធ​នៅ​ក្នុង​កាលៈទេសៈ​ដែល​មន្ត្រី​ទាំងនោះ​សុទ្ធតែ​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​មានការ​ងារ​រវល់​ពេញទំហឹង ប៉ុន្តែ​នៅ​តែ​បន្ត​តស៊ូ​ហ្វឹកហាត់ និង​ប្រឡង​រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​តាម​កម្រិត​នីមួយ​ៗ ។ មន្ត្រី​ដែល​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ទាំង​នោះ​រួម​មាន…

រាជធានី​ភ្នំពេញ ៖ មានការ​កត់សម្គាល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចំនួន​៦​រូប បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅផ្នែក​កីឡា​ប្រយុទ្ធ​នៅ​ក្នុង​កាលៈទេសៈ​ដែល​មន្ត្រី​ទាំងនោះ​សុទ្ធតែ​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​មានការ​ងារ​រវល់​ពេញទំហឹង ប៉ុន្តែ​នៅ​តែ​បន្ត​តស៊ូ​ហ្វឹកហាត់ និង​ប្រឡង​រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​តាម​កម្រិត​នីមួយ​ៗ ។

មន្ត្រី​ដែល​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ទាំង​នោះ​រួម​មាន លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋ​មន្ត្រី​ក្រសួង​​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៧​ដាន់​ផ្នែក​កា​រ៉ា​តេ​ដូ​,
លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ផ្នែក​តេ​ក្វា​ន់​ដូ​, លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម គ្រង​ខ្សែ​ក្រវាត់​ខ្មៅ​កម្រិត​៦​ដាន់​ផ្នែក​កា​រ៉ា​តេ​ដូ​, លោក ប៉ាន់ សូរ ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គ្រង​ខ្សែ​ក្រវាត់​ខ្មៅ​កម្រិត​២​ដាន់​ផ្នែក​កា​រ៉ា​តេ​ដូ​, លោក​រដ្ឋលេខាធិការ កែវ រ៉េ​មី ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា អនុប្រធាន​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​តេ​ក្វា​ន់​ដូ​អា​ស៊ី​អាគ្នេយ៍​គ្រង​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​ផ្នែក​តេ​ក្វា​ន់​ដូ និង​លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រង​ខ្សែក្រវាត់​ខ្មៅ​៨​ដាន់​ផ្នែក​កា​រ៉ា​តេ​ដូ ។

ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​ដែល​គ្រង​ខ្សែ​ក្រវាត់​ខ្មៅ​ផ្នែក​កីឡា​ប្រយុទ្ធ​ទាំង​៦​រូប​នោះ​លោក កែវ រ៉េ​មី បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​តស៊ូ​ហ្វឹកហាត់​កីឡា​មួយ​នេះ រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ដែល​ជា​ខ្សែក្រវាត់​ផ្នែក​ប្រយុទ្ធ មិនមែន​ជា​ខ្សែក្រវាត់​កិត្តិយស​នោះ​ទេ ។

លោក កែវ រ៉េ​មី មាន​ប្រសាសន៍​ថា ក្នុង​វ័យ​កុមារភាព លោក​គឺជា​ក្មេង​ដែល​មាន​ចំណូល​ចិត្តនឹង​ក្បាច់គុន​ចិន​ហុងកុង​ជាទី​បំផុត​ដោយសារ​តែ​ក្នុង​សម័យ​នោះ លោក​ជា​ក្មេង​ចូល​ចិត្ត​មើល​រឿង​វ៉ៃតប់ ដូច​ជា​រឿង​ចិនដីគោក និង​ចិន ហុងកុង​ជាដើម ។ គាប់​ជួន​ជា​ក្នុង​ពេល​​នោះ​លោក​ក៏​ជា​ក្មេង​ដែល​មាន​សុខភាព​ទន់ខ្សោយ​ឧស្សាហ៍​ឈឺ​ផង ទើប​ឪពុក​ម្ដាយ​របស់​លោក​សម្រេច​ឱ្យ​លោក​ចូល​ហាត់​តេ​ក្វា​ន់​ដូ​ដើម្បី​សុខ​ភាព​ក៏​ដូច​ជា​ទុក​ការ​ពារ​​ខ្លួន​ផង ។

លោក​ថា​កាលពី​ក្មេង​លោក​ឧស្សាហ៍​ឈឺ ដល់​ពេល​លោក​ចូល​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ​លោក​ចាប់ផ្ដើម​រឹង​មាំ និង​មាន​សុខភាព​ល្អ ។ លោក​ថា ការ​ហ្វឹកហាត់​នៅ​ក្នុង​ពេល​នោះ មិន​បាន​លទ្ធផល​ជា​ដុំ​កំភួន​នោះ​ទេ ដោយសារ​តែ​លោក​ហ្វឹកហាត់​ជា​របៀប​ក្មេង​លេង​ច្រើន​ជាង គឺ​រហូត​ដល់​ធំ​ពេញវ័យ​បន្តិច​ទើប​លោក​ចេះ តែ​ភាគច្រើន​ចេះ​តែ​ក្បាច់គុន​ដែល​បាន​ហ្វឹកហាត់​ប៉ុណ្ណោះ ។ ក្នុង​សម័យ​ប៉ុ​លពត លោក​មិន​បាន​ហ្វឹកហាត់​ទៀត​ទេ តែ​លោក​នៅ​តែ​លួច​រំលឹក​ក្បាច់គុន​ដោយ​ខ្លួនឯង ដោយ​សារ​តែ​លោក​មិន​ចង់ឱ្យ​ក្បាច់គុន​ដែល​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ត្រូវ​រលាយ​បាត់បង់​ទៅ​វិញ ។

លោក​បាន​ហ្វឹកហាត់​កាន់តែ​សកម្ម​ឡើង​វិញ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា បាន​មួយ​ប្រាវ ហើយ​ជា​ភ័ព្វសំណាង​លោក​ក៏​បាន​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ដោយ​បាន​ទៅ​រស់នៅ​ពេញ​សិទ្ធិ​នៅ​ទីនោះ​មុន​មក​កាន់​កម្ពុជា​វិញ ។ លោក​ថា ពេល​ក្លាយជា​ពលរដ្ឋ​អា​មេ​រិ​ក លោក​បន្ត​ការ​សិក្សា​ផង ធ្វើការ​ផង ហើយ​បាន​សម្រេចចិត្ត​ចូល​ហ្វឹកហាត់​ជាមួយ​គ្រូ​តេ​ក្វា​ន់​ដូរ​បស់​កូរ៉េ​តែ​ម្ដង ដោយ​លោក​ចាប់ផ្ដើម​ហ្វឹកហាត់​តាំងពី​ខ្សែក្រវាត់​ស​ឡើង​វិញ បើ​ទោះជា​នៅ​កម្ពុជា​លោក​ធ្លាប់​បាន​ចំណាយពេល​ហ្វឹកហាត់​រហូត​បាន​ខ្សែក្រវាត់​ពណ៌​មួយ​ចំនួន​រួច​ទៅ​ហើយ​។

លោក​បាន​ចំណាយពេល​ហ្វឹកហាត់​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​លោក​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៣​ដាន់ ដែល​ខ្សែក្រវាត់​នោះ​គឺ​លោក​ទទួល​បាន​ដោយ​ការ​ប្រកួតប្រជែង និង​មានការ​ផ្ដល់​ពិន្ទុ​ដោយ​សហព័ន្ធ​តេ​ក្វា​ន់​ដូរ​បស់​កូរ៉េ​តែ​ម្ដង​។

លោក​ថា ជីវិត​នៅ​ក្នុង​ពេល​នោះ​លោក​រវល់​មិន​ខុស​គ្នា​ក្នុង​ពេល​នេះនោះ​ទេ ប៉ុន្តែ​លោក​នៅ​តែ​ស្រឡាញ់​កីឡា ដោយសារ​យល់​ថា ព្រោះតែ​បាន​ហ្វឹកហាត់​ក្បាច់គុន​តេ​ក្វា​ន់​ដូ ទើប​ធ្វើ​ឱ្យ​រាង​កាយ​របស់​លោក​រឹង​មាំ មាឌធំ​សម​ជាង​មុន ខុស​កាលពីមុន​គឺ​មាន​រាង​តូច​ដែល​លោក​និយាយ​ថា​មិនសូវ​មាំមួន ។ លោក​បាន​បោះបង់​ការ​ហ្វឹក​ហាត់​តេ​ក្វា​ន់​ដូ​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ពេល​លោក​ចុះ​មក​ប្រឡូក​នយោបាយ​នៅ​កម្ពុជា តែ​នៅ​អំឡុង​ឆ្នាំ​២០១៦ លោក​ក៏​សម្រេចចិត្ត​ចូល​ហ្វឹក​ហាត់​វិញ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ ដោយ​សារ​តែ​បានដឹង​ថា លោក​ធ្លាប់​គ្រង​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ផ្នែក​តេ​ក្វា​ន់​ដូ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។

លោក​ថា ការ​តស៊ូ​ជា​ថ្មី​បាន​ជួយ​ឱ្យ​លោក​ត្រូវ​បាន​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា​មើល​ឃើញ ហើយ​ក៏​បាន​បង្វឹក​លោក​បន្ថែម និង​បានឱ្យ​លោក​ប្រកួត​ផ្លូវការ ហើយ​ជា​លទ្ធផល​ក៏​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៤​ដាន់ និង​៥​ដាន់​លើ​ផ្នែក​ប្រយុទ្ធ ដោយ​មិនមែន​ជា​ខ្សែក្រវាត់​កិត្តិយស ដូចដែល​អ្នកខ្លះ​យល់​ច្រឡំ​នោះ​ទេ ។

លោក កែវ រ៉េ​មី បញ្ជាក់​ថា លោក​ទើបតែ​បាន​ដាច់​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់​ប្រមាណ​ជា​២​ខែ​ចុង​ក្រោយ​ប៉ុណ្ណោះ ដោយ​តាំងពី​លោក​ត្រូវ​បាន​បំពាក់​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​កាលពី​ចុង​ឆ្នាំ​​២០១៦ គឺ​លោក​ចូល​សហព័ន្ធ​តេ​ក្វា​ន់​ដូ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​ហ្វឹកហាត់​រាល់​ល្ងាច ដោយ​ទោះ​រវល់​យ៉ាងណា​ក៏​លោក​ចំណាយពេល​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង​កន្លះ​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ​ដើម្បី​សុខភាព​នោះ​ដែរ ។

មក​ទល់​ពេល​នេះ​លោក​ថា ខ្លួន​មាន​អាយុ​៥៤​ឆ្នាំ​ហើយ ប៉ុន្តែ​លោក​នៅ​តែ​យល់​ថា​ខ្លួន​អាច​​ទៅ​រួច​ជាមួយ​កីឡា​តេ​ក្វា​ន់​ដូ ដោយ​លោក​នៅ​តែ​អាច​ទាត់​បំបែក​ក្ដារ​ប្រភេទ​ស្ដង់ដារ​ដែល​គេ​ប្រើ​សម្រាប់​ទាត់​នៅ​ក្នុង​កីឡា​តេ​ក្វា​ន់​ដូ ឱ្យ​បែក​បាន​នៅឡើយ ខណៈ​ដែល​លោក​​ក៏​នៅ​មាន​កម្លាំង​លោត​ហក់ និង​ចាប់​ឃ្លេ​បាន​ល្អ​មិនធម្មតា ។

លោក​ថា ការ​តស៊ូ​របស់​លោក​រាល់ថ្ងៃ​ជាមួយ​តេ​ក្វា​ន់​ដូ មិនមែន​ចង់​ល្បី​នៅ​ក្នុង​អាជីព​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់បាន​នោះ​គឺ​សុខភាព​នៅ​តែ​មាំមួន ដោយ​លោក​បាន​ចាត់​ទុក​ថា ក្នុង​ពេល​ឃ្លាតឆ្ងាយ​ពី​ការ​ហ្វឹកហាត់ គឺ​ធ្វើ​ឱ្យ​លោក​ធ្វើទុក្ខ នូវ​ផ្នែក​សុខភាព​នោះ​ផង ។

ម្យ៉ាង​មក​ពី​លោក​ចង់​បង្ហាញ​ក្បាច់​គ្រឹះ និង​ចង់​បណ្ដុះបណ្ដាល​ដល់​ក្មេង​ជំនាន់​ក្រោយ ទើប​លោក​នៅ​តែ​ឆ្លៀតពេល​ចូល​ក្លិប​តេ​ក្វា​ន់​ដូ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ដើម្បី​ហ្វឹកហាត់​ខ្លួនឯង​ផង និង​ចង់​ចំណាយពេល​បង្វឹក​ដល់​ក្មេង​ជំនាន់​ក្រោយ​ផង ។ អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​បំផុស​ឱ្យ​យុវវ័យ​ងាក​មក​ស្រឡាញ់​កីឡា​ដើម្បី​សុខភាព និង​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។

លោក​ថា ការ​បង្ហាញមុខ​នៅ​ក្នុង​វិស័យ​តេ​ក្វា​ន់​ដូរ​បស់​លោក បាន​ជំរុញ​ឱ្យ​ក្មេង​ៗ​កាន់តែ​ច្រើន​ស្រឡាញ់​វិស័យ​កីឡា ជា​ពិសេស​កូនសិស្ស​របស់​លោក​ដែល​បាន​ហ្វឹកហាត់​ក្នុង​ក្លិប គឺ​រមែង​រង់ចាំ​ការ​បង្វឹក​របស់​លោក​ជា​ប្រចាំ​នោះ​ផង ទើប​លោក​ទោះជា​រវល់​យ៉ាង​ណា ក៏​នៅ​តែ​ចំណាយពេល​រាល់ពេល​ព្រលប់​ត្រឹម​មួយ​ម៉ោង​យ៉ាងតិច​ទៅ​បង្វឹក​ពួក​គេ គឺ​លើកលែងតែ​២​ខែ​ចុង​ក្រោយ​ដែល​លោក​ដកឃ្លា​មិន​រួច​ទាល់តែ​សោះ ។

លោក​ថា ក្មេង​ៗ​ដែល​ហាត់រៀន​ជា​មួយ​លោក លោក​អត់​មាន​លាក់​ចំណេះ​ទេ គឺ​ប្រាប់​ជា​ប្រចាំ​ពី​របៀប​ការពារ​ខ្លួន​យ៉ាងម៉េច ពី​វិធី​ការពារ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ពី​របៀប​ទប់ទល់​នឹង​សត្រូវ​នៅ​ចំពោះ​មុខជា​ច្រើន​ទៀត ដែល​សុទ្ធតែ​ក្បាច់​សំខាន់​ៗ​នៅ​ក្នុង​ផ្នែក​តេ​ក្វា​ន់​ដូ ។ លោក​មិន​ទាន់​ច្បាស់​ថា​នឹង​បន្ត​ប្រកួត​យក​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៦​ដាន់​រហូត​ដល់​៩​ដាន់ ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​លោក​ដកឃ្លា​មិន​ទាន់​រួច និង​បារម្ភ​ខ្លាច​ថាបើ​លោក​ប្រឹង​ហ្វឹកហាត់​យក​ដល់​ខ្សែក្រវាត់​កម្រិត​ខ្ពស់​នោះ តើ​វា​អាច​ប៉ះពាល់​កម្លាំង និង​វ័យ​របស់​លោក​ឬ​អត់​។

ទោះបី​យ៉ាងណា​លោក​ថា បើ​លោក​មាន​ពេល គឺ​លោក​នៅ​តែ​អាច​ហ្វឹកហាត់​យក​ខ្សែ​ក្រវាត់​​កម្រិត​ខ្ពស់​បាន​នៅឡើយ​ទេ ដោយសារ​តែ​លោក​ប៉ាន់​ស្មាន​ដឹង​ថា​សុខភាព​របស់​លោក​គឺ​នៅ​តែ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ