ខេត្តកំពង់ចាម ៖ សហគមន៍ចិនសាសនាព្រះម៉ែគង់ ស៊ីអីុម ក្នុងនោះ មានវេជ្ជបណ្ឌិតខ្មែរ ថៃ និងចិន បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ ព្រមទាំងពិនិត្យ និងព្យាបាលជំងឺដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០១២ នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកឧកញ៉ា ឌី វាសនា អគ្គនាយកក្រុមហ៊ុន FUGI ។
លោកយាយ សំ វិន អាយុ៨១ឆ្នាំ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ បានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីទទួលថ្នាំបុរាណចិនពីក្រុមគ្រូពេទ្យ គាត់រំពឹងថា អាការដែលធ្លាប់តែពិសាបាយមិនសូវបាន ព្រមទាំងឈឺត្រគាក នឹងធ្វើឱ្យសុខភាពរបស់គាត់ងាកមករកភាពប្រសើរវិញមិនខានឡើយ ហើយសូមឱ្យមានសកម្មភាពក្រុមគ្រូពេទ្យចិនចុះមកពិនិត្យសុខភាពជូនដល់ប្រជាពលរដ្ឋលើកក្រោយៗទៀត ។
ចំណែកលោកយាយ ដោក ប៉ុល អាយុ៧២ឆ្នាំ រស់នៅភូមិខាងលើ មានប្រសាសន៍ឱ្យដឹងដែរថា មុននេះគាត់មានជំងឺផ្តាសាយ ហើយបានទៅទិញថ្នាំពេទ្យយកមកពិសា តែមិនបានធូរស្រាលនោះទេ ស្រាប់តែព្រឹកឡើងលើកដៃជើងខាងស្តាំមិនរួចទាល់តែសោះចំនួន៥ថ្ងៃ ។ លុះនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ដឹងថា លោកឧកញ៉ា ឌី វាសនា នាំគ្រូពេទ្យសហគមន៍ចិនមកព្យាបាលដោយមិនគិតថ្លៃក៏ប្រញាប់ឱ្យកូនស្រីនាំទៅព្យាបាលតាមបែបក្បួនបុរាណចិន ប្រើម្ជុលតូចៗចាក់ដោតត្រង់កន្លែងឈឺទាំងក្បាល និងដៃជើងខាងស្តាំនោះធ្វើឱ្យបានធូរស្រាល និងកំរើកឡើងវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ