រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរថ្មី លោកជំទាវអ្នកឧកញ៉ា ស្រីតូច ចំណាន បានបំពេញបេសកម្មភាពរបស់ខ្លួនជាលើកដំបូង ក្នុងនាមជាប្រធានសមាគមតាមរយៈការចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលកំពុងសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។
លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ជាមួយក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែងដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ប្រកបដោយសេចក្ដីព្រួយបារម្ភជាទីបំផុត។
នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែលោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ ព្រមទាំងបាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។
នាឱកាសនោះដែរ លោកជំទាវបានគោរពជូនពរដល់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដោយសង្ឃឹមថា សុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ ខណៈសមាគមក៏កំពុងត្រៀមរៀបចំកម្មវិធីដ៏ធំមួយសម្រាប់ជួយដល់សិល្បកររៀមច្បង ហើយលោកជំទាវអ្នកឧកញ៉ាពិតជាចង់ឃើញព្រឹទ្ធាចារ្យ គង់ ណៃ បង្ហាញវត្តមាននាឱកាសនោះផងដែរ។
លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានបង្ហាញអារម្មណ៍រីករាយដោយបានដឹងថា វត្តមានរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក ព្រមទាំងបានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់លោកព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ ។
គួរបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ស្រីតូច ចំណាន ត្រូវបានបោះឆ្នោតឲ្យជាប់ប្រធានសមាគមសិល្បះកេខ្មែរអាណត្តិថ្មី ជំនួសអ្នកនាង ចន ច័ន្ទលក្ខិណា ដែលត្រូវបញ្ចប់អាណត្តិ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ជាប់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមនៅអណត្តិថ្មីនេះ លោកជំទាវបានសន្យាថា នឹងប្រឹងប្រែងធ្វើការងារមួយនេះឲ្យបានល្អ ខណៈពេលដែលលោកជំទាវក៏មិនបោះបង់ចោលប្រធានចាស់សម្រាប់ជួយសម្របសម្រួលធ្វើកិច្ចការងារសម្រាប់សមាគមជាមួយនឹងលោកជំទាវផងដែរ ព្រោះអ្នកចាស់មានបទពិសោធន៍ក្នុងការងារមួយនេះ ។
លោកជំទាវអ្នកឧកញ៉ា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែអាណត្តិថ្មីនេះ លោកជំទាវសូមស្នើសុំដល់អ្នកសិល្បៈទាំងអស់មេត្តាបន្តគាំទ្រដល់សមាគមមួយនេះ ដើម្បីឲ្យសមាគមមានការររីកចម្រើនបន្តទៅមុខទៀត ជៀសវាងការវាយប្រហារគ្នាតាមរយៈបណ្តាញសង្គមនានា ដោយគ្មានក្រមសីលធម៌ ៕
ចែករំលែកព័តមាននេះ