ខេត្តកំពង់ស្ពឺ ៖ ដោយសារតែជីវភាពខ្វះខាតគ្មានប្រពន្ធ គ្មានកូន ខ្លួនក៏ពិការជើងទាំងពីរអង្គុយលើរទេះរុញទៀតក៏បង្ខំចិត្តរុញរទេះតាំងពីស្រុកបសេដ្ឋនៃខេត្តកំពង់ស្ពឺ ចម្ងាយផ្លូវជាង៧០គីឡូម៉ែត្រ ដើម្បីសុំទានគេ គ្រាន់បានចិញ្ចឹមជីវិតរស់ ។

បុរសពិការជើងទាំងពីរ មានឈ្មោះ មិញ ម៉ន អាយុជាង៦០ឆ្នាំ មានស្រុកកំណើតនៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រាល់ថ្ងៃរូបគាត់មានការលំបាកខ្លាំងណាស់ ពិការជើងទាំងពីរ ដោយសារតែធ្វើសង្គ្រាមតាំងពីឆ្នាំ១៩៨០មកម្ល៉េះ ។

គាត់ក៏ធ្លាក់ខ្លួនពិការជើងទាំងពីរ គ្មានប្រពន្ធ គ្មានកូននោះទេ រស់នៅជាមួយបងប្អូន និងក្មួយៗ ដែលមានជីវភាពខ្វះខាត គាត់ក៏បង្ខំចិត្តជិះលើរទេះរុញដោយខ្លួនឯង ធ្វើដំណើរចេញពីស្រុកគងពិសី ដើម្បីមកសុំទានគេនៅក្នុងក្រុងច្បារមនទីរួមខេត្តកំពង់ស្ពឺ ដោយចម្លាយផ្លូវជាង៧០គីឡូម៉ែត្រ ។

លោក មិញ ម៉ន បន្តថា ក្នុងមួយថ្ងៃ គាត់សុំគេបានចាប់ពី២ទៅ៣ម៉ឺនរៀល ហើយយប់ឡើងត្រូវដេកតាមសំយ៉ាបផ្ទះគេ សុំទឹកគេងូតថែមទៀតផង ។ មកដល់ខេត្តកំពង់ស្ពឺ សុំគេបានមួយសប្តាហ៍ ឬ១០ថ្ងៃទើបធ្វើដំណើរទៅស្រុកកំណើតវិញ ។ លោកមិនតូចចិត្តទេ ធ្វើម៉េចបើពិការដូចនេះ មានតែព្យាយាម សុំគេដើម្បីចិញ្ចឹមជីវិតបានរស់នៅមើលប្រទេសជាតិមានការរីកចំរើន និងអភិវឌ្ឍន៍តទៅមុខតែប៉ុណ្ណោះ ៕







ចែករំលែកព័តមាននេះ