ខេត្តត្បូងឃ្មុំ ៖ ដោយសារតែទឹកទន្លេមេគង្គបន្តហក់ឡើងធ្វើឱ្យលិចភូមិឋាននានា ដែលនៅប្របតាមដងទន្លេមេគង្គ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំរាប់រយគ្រួសារ ត្រូវបានចាកចេញពីលំនៅឋានទៅកាន់ទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំទន្លេបិទចំនួនពីរកន្លែង និងទួលអង្ក្រងមួយកន្លែង ។ ជា មួយគ្នានោះ ជំនាញមន្ទីរសុខាភិបាលខេត្តក៏បានឲ្យគ្រូពេទ្យប្រចាំការមើលថែទាំសុខភាពពលរដ្ឋ រួមទាំងសមត្ថកិច្ចធានាសុវត្ថិភាពទាំងយប់ទាំងថ្ងៃផងដែរ ។

លោកទូច ឆៃងីម មេឃុំជីរោទ៏ទី១ មានប្រសាសន៍ហើយដឹងនាល្ងាចថ្ងៃទី ២៩កញ្ញាថា: បើគិតពីទឹកទន្លេបានឡើងមកលិចផ្លូវបេតុងនៅចំណុចភូមិរកាធំ ព្រែកតូច ជាហេតុធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវបានបង្ខំចិត្តបិទទ្វារទៅរស់នៅទីទួលសុវត្ថិភាពនៅក្នុងឃុំទន្លេបិទ ។បើគិតពីទឹកឡើងមកលិចផ្លូវរយៈពេលមួយសប្តាហ៍ហើយ ។

មេឃុំរូបនេះមានប្រសាសន៍បន្តថា រហូតមកដល់ថ្ងៃទី២៩ កញ្ញា ទឹកទន្លេមេគង្គបានស្រកប្រហែល៤ទឹក ធ្វើឲ្យទឹកបានស្រកពីលើផ្លូវបេតុងក្នុងភូមិរកាធំហើយបើនៅថ្ងៃទី៣០កញ្ញា ទឹកទន្លេបន្តស្រកទៀតនោះ នឹងធ្វើឲ្យផ្លូវបេតុងតភ្ជាប់ពីមុខសាលាឃុំរបស់លោកមកដល់គោលដៅប៉មទន្លេបិទ និងអាចជិះម៉ូតូបាន។ ជាមួយនឹងគ្រោះធម្មជាតិនេះបានធ្វើឲ្យពលរដ្ឋប្រមាណ៤០០ គ្រួសារត្រូវមករស់នៅលើទីទួលសុវត្ថិភាពក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ កញ្ញា កាកបាទក្រហមខេត្ត និងរៀបចំចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះទាំងនេះ។ ដោយមានការគិតគូរពីបញ្ហាសុខភាពលោកបញ្ជាក់បណ្ឌិតកែវ វណ្ណៈប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានចុះមកពិនិត្យមើលពីស្ថានភាពរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ជាមួយនោះក៏បានឲ្យក្រុមគ្រូពេទ្យនៅជាប្រចាំដើម្បីត្រៀមផ្ដល់ថ្នាំសង្កូវជូនពលរដ្ឋដែលអាចឈឺដោយប្រការណាមួយ ហើយជំនាញបានឲ្យពលរដ្ឋប្រកាន់ខ្ជាប់ខ្ជួន «ហូបស្អាត ផឹកស្អាត រស់នៅស្អាត»។

ចំណែកលោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំវិញបានឲ្យដឹងដែរថា ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២រសៀលកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានគៀងគរថវិកាពីសប្បុរសជននានា ក្នុងនោះ មានការចូលរួមពីសំណាក់លោកអភិបាលស្រុកត្បូងឃ្មុំព្រមទាំងមន្ត្រីសាលាស្រុកមួយចំនួន បាននាំយកអំណោយផ្ទាល់ខ្លួនរួមមាន ៖

-មីចំនួន ២២កេស
-ទឹកសុទ្ធចំនួន១១០យួរ
-នំបុ័ងចំនួន២៥០ ដើម

ព្រមទាំងថវិកាមួយចំនួន ចែកជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់និងបានមកស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាពរបស់ដីឧញ៉ា អាន ម៉ារឌី ស្ថិតក្នុងឃុំទន្លេបិទ មានចំនួន០២ឃុំ(ឃុំជីរោទ៍១ និងឃុំទន្លេបិទ ដែលមានប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ)។

ក្រៅពីកិច្ចការពារពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទើបរូបលោករៃអង្គាសថវិកាពីសប្បុរសជនមកចែកជូនដល់បងប្អូនទោះបីមិនបានច្រើនក៏អាចដោះស្រាយការលំបាកបានមួយគ្រាផងដែរ។








ចែករំលែកព័តមាននេះ