ខេត្តកំពង់ស្ពឺ ៖ បុរសជាប្ដីត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ប្រពន្ធ ខណៈដែលប្ដីបានផឹកស៊ីជាមួយអ្នកជិតខាង ហើយប្រពន្ធទៅហៅឲ្យត្រឡប់មកផ្ទះ ដោយសារតែខឹងសម្បា ប្ដីចោទថា មិនទុកមុខឱ្យ មិនឲ្យរាប់អានញាតិទើបឈានទៅដល់វាយ និងយកកាំបិតផ្គាក់កាប់សម្ភារៈរងការខូចខាត ថែមទាំងគំរាមសម្លាប់ប្រពន្ធចោលទៀតផង ដោយសារទ្រាំនឹងទង្វើរបស់ប្ដីលែងបាន ក៏ប្តឹងឲ្យនគរបាលឃាត់ខ្លួន ។

នគរបាលស្រុកគងពិសីបាននិយាយដឹងថា ការឃាត់ខ្លួនបុរសជាប្ដីដែលប្រើអំពើហិ.ង្សាក្នុងគ្រួសារកើតឡើង កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកគងពិសីបាននិយាយដឹងថា បុរសជាប្ដីដែលនគរបាលឃាត់ខ្លួន មានឈ្មោះ សាន់ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ រស់នៅក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកប្រពន្ធរងគ្រោះមានឈ្មោះ ភឹម ហឿន អាយុ២៤ឆ្នាំ រស់នៅជាមួយប្ដីក្នុងភូមិ/ឃុំខាងលើរងរបួសឈាមមាត់ ។
នគរបាលស្រុកគងពិសីបានបន្តឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លួនបុរសជាប្ដីដៃដល់វាយប្រពន្ធនិងគំរាមសម្លាប់ប្រពន្ធខ្លួនឯងចោលនោះ គឺកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រពន្ធ(ជនរងគ្រោះ) បានដើរទៅហៅប្តី (ប្តីជនដៃដល់)ដែលកំពុងផឹកស៊ីនៅផ្ទះក្បែរគ្នានៅក្នុងភូមិជាមួយគ្នា ពេលទៅដល់បានហៅប្តីឲ្យមកផ្ទះ ព្រោះព្រឹកឡើងទៅធ្វើការងារផង ប៉ុន្តែពេលទៅហៅនោះ ប្តីខ្លួនមិនបានមកជាមួយទេ។

លុះដល់វេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ដដែល ប្តីរបស់ខ្លួនបានដើរមកផ្ទះវិញ ហើយខឹងនឹងប្រពន្ធនិងស្តីឱ្យប្រពន្ធថា ឯងអត់ចង់ឱ្យខ្ញុំរាប់អានញាតិមែន! បានទៅហៅអញនៅមុខគេមុខឯងចឹង ហើយបានឈ្លោះក្រកែកជាមួយប្រពន្ធ ក៏បានទាញកាំបិតផ្គាក់កាប់បំផ្លាញទៅលើបន្លែដែលទិញមកទុកស្លខ្ទេចខ្ទីររាយប៉ាយពេញផ្ទះ កាប់ ម៉ូតូ និងរបស់សម្ភារដែលដាក់នៅលើគ្រែខ្ទេចអស់ ។
បន្ទាប់មកទៀត បុរសជាប្តីបានដេញវាយទៅលើប្រពន្ធ បណ្តាលឲ្យបែកបបូរមាត់ហូរឈាម ហើយបានគំរាមថា សម្លាប់ចោលថែមទៀតផង ។ ពេលនោះ បង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលជំនាញស្រុកគងពិសី បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃញាតិ កម្លាំងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យជាប្ដីបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសីសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ