រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាពជាមួយនឹងស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្ដៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ។

ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់ និងពិភពលោក ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវ សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដើម្បីធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
តាមរយៈការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន ភាគីអន្តរជាតិ ផ្នែកឯកជនបានបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានា សុវត្ថិភាព និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរទាំងអស់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែល ស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅ ។
ជាមួយគ្នានេះ ក្រសួងក៏សូមអំពាវនាវភ្ញៀវទេសចរទាំងអស់បន្តគាំទ្រ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានទូលំទូលាយអំពីកម្ពុជាដែលជាទឹកដីអច្ឆរិយៈពោរពេញដោយសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទេសភាពធម្មជាតិដ៏ស្រស់ស្អាត សង្គមប្រកបដោយសុខដុមនីយកម្ម និងប្រជាជន មានភាពរួសរាយរាក់ទាក់ ៕
ចែករំលែកព័តមាននេះ