ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៅ វ​ណ្ណា ធ្វើ​ឱ្យ​គេ​ក្ដុក​ក្ដុល​ទៀត​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ឡើង​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​ទាំងអស់ ចាប់តាំងពី​ស្ថាប័ន​មួយ​នេះ​បើក​ប្រកួត​ជ្រើសរើស​ជើងឯក​ពី​៣២​នាក់​មក​សល់​ត្រឹម​២​នាក់​ចុង​ក្រោយ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃ​ទី​៣១ ធ្នូ គេ​ចាត់​ទុក​ថា​មាន​តែ​កីឡាករ សៅ វ​ណ្ណា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ឡើង​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​ទាំងអស់ ចាប់តាំងពី​ស្ថាប័ន​មួយ​នេះ​បើក​ប្រកួត​ជ្រើសរើស​ជើងឯក​ពី​៣២​នាក់​មក​សល់​ត្រឹម​២​នាក់​ចុង​ក្រោយ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃ​ទី​៣១ ធ្នូ គេ​ចាត់​ទុក​ថា​មាន​តែ​កីឡាករ សៅ វ​ណ្ណា ទៀត​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្ដាប់​ហើយ​ចង់​ស្រក់​ទឹកភ្នែក​ផង និង​ហួសចិត្ត ព្រោះតែ​ការ​ប្រឹងប្រែង​របស់​លោក ។

នេះ​ជា​ការ​ប្រកាស​ជា​ថ្មី​បន្ទាប់​ពី​លោក​ទើបតែ​បាន​ប្រកាស​ថា ខ្លួន​ជា​កីឡាករ​ក្រីក្រ​មាន​លទ្ធភាព​ជួល​ផ្ទះ​រស់នៅ​ភ្នំពេញ​ត្រឹមតែ​មួយ​ខែ​១០​ម៉ឺន​រៀល និង​ទើប​ភរិយា​មានកូន​ដំបូង​នៅ​ក្នុង​ជីវិត ហើយ​មាន​ជីវភាព​ខ្វះខាត​។

អ្នក​ទស្សនា​ច្រើន​នាក់​នៅ​តែ​ចង​ចាំ​ពាក្យ​សម្ដី​របស់​កីឡាករ សៅ វ​ណ្ណា ក្រោយ​ត្រូវ​បាន​ប្រកាស​ថា​ឈ្នះ​ការ​ប្រកួត​លើ​កីឡាករ ពុ​យ វណ្ណៈ ក្នុង​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់ កាលពី​២​ស​ប្ដា​ហ៍​មុន ដែល​ក្នុង​ជំនួប​កាលនោះ​គឺ​ការ​ប្រកួត​រវាង​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង ។ ក្រោយ​ពី​ទទួល​ជ័យជម្នះ សៅ វ​ណ្ណា បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ចំពោះ​មុខ​មហាជន ធ្វើ​ឱ្យ​មាន​ការ​អាណិតអាសូរ​ដោយសារ​តែ​លោក​ក្លាហាន​ហ៊ាន​បង្ហាញ​ពី​ស្ថានភាព​ពិត​ដែល​លោក​បាន​ជួប​ប្រទះ ក្នុង​ពេល​ដែល​លោក​ប្រកាស​ថា​មិន​សម​ថា​លោក​ឈ្នះ​នោះ​ទេ ក្នុង​ពេល​ដែល​លោក​នៅ​ក្នុង​ពេល​នោះ​គឺ​មិន​មាន​ពេល​ហ្វឹកហាត់​ត្រៀមខ្លួន​ទាល់តែ​សោះ ស្រាប់​តែ​បាន​ជ័យជម្នះ ។

រំលឹក​គ្រានោះ លោក​បាន​អះអាង​ថា តាំងពី​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ជើង​ឯក​ចាញ់​ធ្លាក់​ៗ​នៅ​ប៉ុស្ដិ៍​លេខ​៥ គឺ​មាន​តែ​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ក្នុង​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់​នោះ​ប៉ុណ្ណោះ ដែល​លោក​បាន​ហ្វឹកហាត់​តែ​២​ថ្ងៃ​គត់​មុន​ពេល​ឡើង​រេញ ។ លោក​ថា​ហេតុផល​ដែល​លោក​អត់​បាន​ហ្វឹកហាត់​ដិត​ដល់ គឺ​ដោយ​សារ​​តែ​ក្នុង​ប៉ុន្មាន​ថ្ងៃ​នោះ លោក​មានការ​រវល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ភរិយា​របស់​លោក​ទើបតែ​កើតកូន​ប្រុស និង​កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​ថា ដោយសារ​ភរិយា​មានធុរៈ​ប្រសូត​កូនប្រុស​ដំបូង គឺ​លោក​អត់​មាន​ពេលវេលា និង​កម្លាំងចិត្ត​ក្នុង​ការ​ហ្វឹកហាត់​នោះ​ទេ ដោយ​ត្រូវ​រត់​ចុះ​រត់ឡើង​ទៅ​ពេទ្យ​កាល់​ម៉ែ​ត​ផង និងរ​ត់ទៅ​ហ្វឹកហាត់​ផង ហើយ​ព្រលឹង និង​បេះដូង​ក៏​មិនសូវ​មាន​ស៊ប់​នឹង​ការ​ហ្វឹកហាត់​ដូច​មុន ។ ងាក​មក​កាន់ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ឯណេះ​​វិញ លោក​ក៏​បាន​ពោល​ពាក្យ​ដូច​គ្នា​ផង​ដែរ ថា​មុន​ពេល​ឡើង​ប្រកួត​ក្នុង​វគ្គ​ដ៏​សំខាន់​មួយ​នេះ រូប​លោក​ក៏​បាន​ឡើង​ហ្វឹកហាត់​ផង​ដែរ ។

លោក​ថា មក​ទល់​ពេល​នេះ កូនប្រុស​របស់​លោក​ចេញពី​មន្ទីរពេទ្យ​បាន​ប្រមាណ​ជា​១០​ថ្ងៃ​ហើយ តែ​នៅ​ថ្ងៃ​ដែល​លោក​ជិត​ប្រកួត កូនប្រុស​របស់​លោក​មាន​ជំងឺ​រហូត​ធ្វើ​ឱ្យ​លោក​​មិន​អាច​ហ្វឹកហាត់​ទៅ​កើត ។ លោក​ថា ការ​ប្រកួត​កាលពី​២​ស​ប្ដា​ហ៍​មុន លោក​គ្រាន់​បាន​ហ្វឹកហាត់​២​ថ្ងៃ តែ​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ទើប​បញ្ចប់ គឺ​លោក​ហ្វឹកហាត់​បាន​តែ​ប៉ុន្មាន​ម៉ោង​គត់​ក្នុង​មួយ​ថ្ងៃមុន​ប្រកួត​ប៉ុណ្ណោះ ដោយ​សារ​រវល់​យក​កូន​ទៅ​ពេទ្យ​ចុះឡើង​ៗ ។ អ្វី​ដែល​លោក​ភ្ញាក់ផ្អើល គឺ​លោក​នៅ​តែ​មាន​សំណាង​បាន​ឈ្នះ​ការ​ប្រកួត​ជា​ថ្មី​ម្ដងទៀត ក្នុង​ពេល​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​សំខាន់​មិនធម្មតា ។

លោក​នៅ​ចាត់​ទុក​ថា ជ័យជម្នះ​ដែល​ទើប​កើតឡើង គឺជា​កម្លាំងចិត្ត​ដែល​កើត​ចេញពី​កូន ព្រោះតែ​លោក​ឡើង​វ៉ៃ​ដោយ​កម្លាំងចិត្ត និង​ថា​ដោយសារ​តែ​លោក​ត្រូវការ​ឈ្នះ​ដើម្បី​បាន​លុយ​ច្រើន​យក​លុយ​ទៅ​ព្យាបាល​កូន ទើប​ធ្វើ​ឱ្យ​លោក​បាន​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​២​ស​ប្ដា​ហ៍​ក្រោយ ។ ការ​ប្រកាស​ជា​ថ្មី​របស់​លោក​នៅ​តែ​ធ្វើ​ឱ្យ​សៅ វ​ណ្ណា បន្ត​កន្ត្រាក់​អារម្មណ៍​មហាជន​បាន​ច្រើន ហើយ​ក៏​នៅ​បន្ត​រក្សា​តំណែង​កីឡាករ​ទី​១ ដែល​ឆ្លង​ផុត​ការ​ប្រកួត​ជម្រុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​មិន​គួរ​ឱ្យ​ជឿ​ក្នុង​ពេល​ដែល​លោក​បាន​អះអាង​ថា ស្ទើរ​អត់​បាន​ហ្វឹកហាត់​ទាល់តែ​សោះ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា សៅ វ​ណ្ណា ក្រោយ​ទទួល​បាន​ជ័យជម្នះ​ជា​លើក​ទី​២ លោក​ចាត់​ទុក​ថា​ជា​រឿង​សំណាង ដោយសារ​តែ​គេ​មានធុរៈ​ចាំ​បាច់​មិន​អាច​ឱ្យ​គេ​មានចិត្ត​ហ្វឹកហាត់ ។ ប៉ុន្តែ​លោក​ថា ជ័យជម្នះ​ដែល​បាន​កើតឡើង​ក៏​មាន​ន័យ​ថា នឹង​ធ្វើ​ឱ្យ​សៅ វ​ណ្ណា ក្លាយជា​កីឡាករ​ដែល​អាច​មើល​ស្រាល​ការ​ប្រកួត​ផង​ដែរ ដោយសារ​គេ​ឡើង​ប្រកួត​២​លើក​ចុង​ក្រោយ ក្នុង​វគ្គ​សុទ្ធតែ​សំខាន់ សៅ វ​ណ្ណា ស្ទើរ​តែ​គ្មាន​ការ​ហ្វឹកហាត់​មុន​ឡើង​រេញ ។

លោក​ថា បើ​ទោះជា​កីឡាករ​រូប​នេះ នៅ​បន្ត​មាន​សំណាង តែ​លោក​មិន​គាំទ្រ​នោះ​ទេ ក្នុង​ពេល​ដែល​គេ​ចេះ​តែ​បន្ត​យក​លេស​ធុរៈ​នេះ​ធុរៈ​នោះ ហើយ​ក្លាយជា​កីឡាករ​មើល​ស្រាល​​ការ​ប្រកួត​ម្ដង​បន្តិច​ៗ ដែល​ស្ថានភាព​នេះ​នឹង​ក្លាយជា​ទម្លាប់​អាក្រក់​មួយ ។

យ៉ាងណាមិញ លោក​ចាត់​ថា ជា​រឿង​កម្រ​មួយ​ដែល​កីឡាករ​មួយ​រូប​មាន​ឆន្ទៈ​ឡើង​ប្រកួត​​បាន​ជោគជ័យ ក្នុង​ពេល​ដែល​គេ​ស្ថិត​ក្នុង​ស្ថានភាព​ប្រពន្ធ​ត្រូវ​កើតកូន និង​កូន​ឈឺ​ដេកពេទ្យ ដោយ រត់​ទៅ​មើល​កូន​ផង ហើយ​នៅ​ឆ្លៀតពេល​មក​ប្រកួត​ផង​ដើម្បី​យក​លុយ​ទៀត ។

លោក​ថា​អ្នកខ្លះ​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​បាត់​ហើយ ហើយ​បើ​ទោះជា​បាន​បង្ហាញ​ខ្លួន​ក៏​មក​ប្រកួត​ដើម្បី​ឱ្យ​តែ​បាន​លុយ​តម្លៃ​ខ្លួន​មួយ​ពេល​នោះ​ប៉ុណ្ណោះ ដោយ​មិន​អាច​ប្រឹងប្រែង​ប្រកួត​ទាល់តែ​បាន​ឈ្នះ ហើយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​នឹង​ថ្វីដៃ​របស់​គេ​ដល់​ម្ល៉ឹ​ង​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​នៅ​ពេល​ភរិយា ឬ​គ្រួសារ​ត្រូវការ​ការ​មើលថែ គឺ​កីឡាករ​មិន​ហ៊ាន​ប្រថុយ​វាយ​អស់ពី​សមត្ថភាព​ទេ ដើម្បី​កុំឱ្យ​គ្រោះថ្នាក់​ហើយ​ប៉ះពាល់​សុខភាព​មិន​អាច​មើលថែ​ប្រពន្ធ​កូន​បាន ។

លោក​ចាត់​ទុក​ថា ការ​ប្រឹងប្រែង​របស់​សៅ វ​ណ្ណា គឺជា​រឿង​កម្រ​មួយ​របស់​កីឡាករ​ជា​ពិសេស​នៅ​ពេល​ដែល​លោក​បានឮ​គេ​ប្រកាស​ថាបើ​ទោះជា​គេ​មានឱកាស​ហ្វឹកហាត់​បាន​តែ​១​ថ្ងៃ តែ​គេ​ត្រូវ​តែ​ឈ្នះ​ដើម្បី​បន្ត​ឱកាស​បាន​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​បន្ត​ទៀត ជា​ពិសេស​គឺ​បាន​ទៅ​ប្រកួត​យក​ប្រាក់​លាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ ដែល​ជា​វគ្គ​ដ៏​សំខាន់ និង​មាន​កិត្តិយស​នោះ​។

កីឡាករ សៅ វ​ណ្ណា បាន​បន្ត​ទៀត​ថា ជ័យជម្នះ​ដែល​ខ្លួន​ទទួល​បាន​មិនមែន​កើតឡើង​ដោយសារ​តែ​ការ​ប្រឹងប្រែង និង​ប្រថុយ​យក​ជីវិត​ទៅ​ប្ដូរ​តែ​ម្យ៉ាង​របស់​ខ្លួន​នោះ​ទេ គឺ​បាន​ពី​កម្លាំងចិត្ត​ប្រពន្ធ និង​កូនប្រុស ដោយសារ​តែ​លោក​ស្ថិត​ក្នុង​ការ​ត្រូវការ​លុយ​ច្រើន​នៅ​ក្នុង​ពេល​នេះ ដើម្បី​មើលថែ​ប្រពន្ធ​-​កូន​នោះ​តែ​ម្ដង ដោយ​លោក​បាន​ចាត់​ទុក​ថា ជ័យ​ជម្នះ​ទាំង​២​លើក​ចុង​ក្រោយ​របស់​លោក គឺ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា ។

លោក​ថា បើ​លោក​ប្រកួត​ចាញ់ គឺ​ស្មើនឹង​លោក​បាត់បង់​ឱកាស​ឡើង​ប្រកួត​យក​ពាន ហើយ​ឱ្យ​តែ​លោក​បាន​ឡើង​គឺ​ទោះជា​ការ​ប្រកួត​ក្នុង​ពេល​ខាង​មុខ​ទទួល​បាន​លទ្ធផល​យ៉ាងណា​ក៏​ដោយ ក៏​រឹតតែ​លែង​ភ័យ​នោះ​ដែរ ដោយសារ​តែ​លោក​នឹង​មានឱកាស​បាន​តំណែង​ជើងឯក​រង​រួច​ជា​ស្រេច ។

យ៉ាងណា​ក៏​ដោយ លោក​ថា សម្រាប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​២ស​ប្ដា​ហ៍​ក្រោយ គឺ​លោក​រំពឹង​ថា ស្ថានភាព​កូន​ប្រពន្ធ នឹង​មិន​បង្ក​ឱ្យ​លោក​មិន​បាន​ហ្វឹកហាត់​ត្រៀមខ្លួន​មុន​ឡើង​រេញ​ដូច​មុន​ទៀត​ទេ ដោយសារ​តែ​លោក​ក៏​មិន​ចង់​ឡើង​ប្រកួត​ក្នុង​សភាព​មិន​មាន​ទំនុកចិត្ត​ដូច​មុន​ដែរ ។

លោ​កថា​សប្បាយចិត្ត​ដែល​បាន​ប្រកួត​ឈ្នះ ហើយ​បាន​ឡើង​ទៅ​វគ្គ​ចុង​ក្រោយ ដោយ​លោក​ប្រកាស​ថា ទោះជា​ជួប​ស្ថានភាព​មានធុរៈ​ដូច​២​ប្រកួត​មុន ក៏​លោក​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ដោយ​មិន​ធ្វើ​ដូច​មុន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ