ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា ជួប​ជើង​ខ្លាំង​ថៃ លើ​សង្វៀន​អន្តរជាតិ​​ក្នុង​វគ្គ​សំខាន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០ ធ្នូ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០ ធ្នូ ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ។

កីឡាករ​កម្ពុជា​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​ល្បីឈ្មោះ និង​វ័យក្មេង​ពេញកម្លាំង យ៉េន ឌី​ណា នឹង​ក្លាយជា​សមាសភាព​របស់​កម្ពុជា​តែ​មួយ​រូប​គត់ ដែល​នឹង​ស្វាគមន៍​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ​ជាមួយ​កីឡា​ករ​ថៃ ខណៈ​ដែល​ការ​ប្រកួត​ទាំងមូល​ក៏​នឹង​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត ដោយសារ​តែ​ក្រៅពី​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នោះ ក៏​មានការ​ប្រកួត​ជម្រុះ​រវាង​កីឡាករ​ជើង​ខ្លាំង​៤​រូប​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ជ្រើសរើស​យក​២​នាក់​ទៅ​ប្រកួត​ដណ្ដើម​ពាន​ជើងឯក​ចុង​ក្រោយ និង​ឈ្នះ​ប្រាក់​លាន ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់ និង​ពិតជា​មាន​អ្នក​រង់ចាំ​ទស្សនា​កកកុញ​មិនធម្មតា​មិន​ខាន​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិ​ការណ៍​​ដំណើរ ការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​នោះ​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ព្រោះតែ​សំណង់​បុរី​ព្រោងព្រាត​នោះ​ផង ។

កីឡាករ​កម្ពុជា និង​ថៃ​២​រូប គឺ​ជើង​ខ្លាំង យ៉េន ឌី​ណា និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ វ៉ៃ វិ​រៈ​ស័​ក្ត នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ចុង​ក្រោយ​គឺ​វគ្គ​ជម្រុះ​៤​នាក់​យក​២​នាក់​ឡើង​ទៅ​ប្រកួត​យក​តំណែង​ជើងឯក​ផង​ដែរ ដែល​ការ​ប្រកួត​នេះ បើ​ទោះជា​នៅ​សល់​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​ទើប​បញ្ចប់ ក៏​ជា​វគ្គ​ដ៏​សំខាន់​ចាប់តាំងពី​ប៉ុស្ដិ៍​លេខ​៥​បាន​បើក​ការ​ប្រកួត​ជម្រុះ​ជ្រើសរើស​ជើងឯក អម​ដោយ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ ។

សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឯណេះ​វិញ កីឡាករ​កម្ពុជា និង​ថៃ​សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន ដើម្បី​ក្រេ​ឌី​ត​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​ត្រូវ​ប្រកួត​គ្នា​យក​តំណែង​ជើងឯក ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់​កីឡាករ​កម្ពុជា និង​ថៃ​ទាំង​២​រូប​ដែល​មានឈ្មោះ​ល្បី ដែល​ភាគី​កម្ពុជា គឺ​តំណាង​ដោយ​កីឡាករ យ៉េន ឌី​ណា ផង​ដែរ ។ បើ​ទោះជា​ការ​ប្រកួត​នេះ គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​ក៏​លោក​នៅ​តែ​ជឿជាក់​ថា កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​ពោរពេញ​ដោយ​សមត្ថភាព​រូប​នេះ នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​មិន​ខាន ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ ក្នុង​នាម​ជា​គូ​មិត្តភាព​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដោយ​ការ​ប្រកួត​របស់​ពួក​គេ​ក៏​មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ដែរ ដោយសារ​តែ​មានការ​ប្រកួត​របស់​ជើង​ខ្លាំង​៤​រូប​ជា​លក្ខណៈ​ដណ្ដើម​ជើងឯក​នៅ​ថ្ងៃ​នោះ​ផង​ដែរ ។

លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​ការ​ប្រកួត​ធម្មតា​នោះ​ទេ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ដូច​គ្នា ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​តែ​ម្ដង ក្នុង​ចំណោម​អ្នកគាំទ្រ​ភាគច្រើន​ដែល​តាមដាន​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ ។ លោក​ថា កីឡាករ យ៉េន ឌី​ណា អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា​ជំនួប​របស់​គេ ជាមួយ​កីឡាករ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ជឿជាក់​យ៉ាង​ពេញទំហឹង​ចំពោះ យ៉េន ឌី​ណា សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​មួយ​នេះ ដោយ​លោក​រំពឹង​ខ្ពស់​ថា គេ​នឹង​មិន​លាក់​ថ្វីដៃ​តាំងពី​ទឹក​ទី​១​នោះ​ផង ដោយសារ​តែ​កីឡាករ​ថៃ គឺ​លោក​បាន​ស្គាល់​រួច​មក​ហើយ​ថា​ជា​កីឡាករ​ល្អ​ម្នាក់ ហើយ​មាន​ទម្លាប់​មិន​លាក់​ថ្វីដៃ​ប្រកួត​ដូច​គ្នា ។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ប្រវត្តិ​ប្រកួត​លើ​រេញ​អន្តរជាតិ​ច្រើន​លើក​រៀងខ្លួន ។

សម្រាប់​ការ​ប្រកួត​ជម្រុះ​៤​នាក់​យក​២​នាក់​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក​ដ៏​សំខាន់​នោះ​វិញ​រួម​មាន កីឡាករ អ៊ុំ វ​ណ្ណេ​ត ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​កីឡាករ គឹ​ម វាសនា ដោយ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ឈ្នះ​ក្នុង​វគ្គ​៤​នាក់​ដូច​គ្នា ហើយ​ការ​ប្រកួត​របស់​ពួក​គេ​គឺជា​ការ​ប្រកួត​ស៊ីសាច់ហុតឈាម​ផង​ដែរ ដោយសារ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ឡើង​ប្រកួត​បន្ត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ម្នាក់​ទៀត​ដែល​បរាជ័យ​បាន​ត្រឹមតែ​ប្រកួត​យក​លេខ​៣ និង​ពាន​កិត្តិយស​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​របស់​ពួក​គេ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ភាគី​ម្ខាង​ៗ​សុទ្ធតែ​អះអាង​ថា​ត្រូវ​តែ​ដណ្ដើម​ឱ្យ​បាន​កៅអី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​តែ​ប្រឹង​តស៊ូ ។ សម្រាប់​ការ​ប្រកួត​មួយគូ​ទៀត គឺ​កីឡាករ សៅ វ​ណ្ណា ប្រកួត​ជាមួយ​កីឡាករ ង៉ែ​ត្រ រ​ដ្ឋា ដោយ​អ្នក​ទាំង​ពីរ​ក៏​ជា​បេក្ខភាព​ត្រូវ​ប្រកួត​ជម្រុះ​យក​កៅអី​២​នាក់​ចុង​ក្រោយ​ផង​ដែរ ។

ចំណែក​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ទាំង​៥​សង្វៀន តាម​ពេលវេលា​ដែល​បាន​ប្រកាស​ឡើង​គឺ​ពេល​រសៀល​ម៉ោង​២ និង​យប់​ម៉ោង​៨​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ