ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទូរគមនាគមន៍ និង​ICT ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ទី​4​នា​ពេល​អនាគត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា ទូរគមនាគមន៍ និង​ICT ជា​វិស័យ​ដែល​មាន​សក្តានុពល និង​ត្រូវ​បាន​ចាត់ទុកជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ទី​៤​នា​ពេល​អនាគត បន្ទាប់​ពី​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា ទូរគមនាគមន៍ និង​ICT ជា​វិស័យ​ដែល​មាន​សក្តានុពល និង​ត្រូវ​បាន​ចាត់ទុកជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ទី​៤​នា​ពេល​អនាគត បន្ទាប់​ពី​ផ្លូវ ភ្លើង និង​ទឹក ខណៈ​អ្នក​ជំនាញ​ខាង​វិស័យ​នេះ​ពេល​បច្ចុប្បន្ន​នៅ​តិចតួច​នៅឡើយ ។

ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ស​ប្ដា​ហ៍​មុន លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា វិស័យ​ទូរគម​នា​គមន៍ និង​ICT​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ក្រសួង​កំពុង​ខិតខំ​ជំរុញ​ឲ្យ​មានការ​ត​ភ្ជាប់​ដល់​គ្រប់​ឃុំ គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០ និង​រំពឹង​នៅ​ឆ្នាំ​២០២៣ នឹង​មាន​សេវា​អុ​ី​ន​ធើ​រ​ណេ​ត​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​និង​កំពុង​ខិតខំ​រៀបចំ​បទ​ប្បញ្ញត្តិ និង​គោល​នយោ​បាយ ដែល​ផ្ដល់​អាទិភាព​ធ្វើ​យ៉ាងណា​ជំរុញ​ច្បាប់​នេះ​ឲ្យ​ចេញ ក្នុង​គោលបំណង​ធានា​ការពារ និង​លើកទឹកចិត្ត​អ្នក​វិនិយោគ​, ធានា​ដល់​អ្នក​ប្រើប្រាស់ និង​ការ​កៀរគរ​ចំណូល​ថវិកាជាតិ ។

លោក​រដ្ឋលេខាធិការ​ថ្លែង​ថា ៖« បច្ចុប្បន្ន យើង​កំពុង​តែ​វិនិយោគ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​ដែល​ជា​ឆ្អឹងខ្នង​យ៉ាង​សំខាន់ ដោយ​ផ្ដោត​ទៅ​លើ​ខ្សែ​កា​ប្លិ៍​ក្រោម​បាត​សមុទ្រ ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​លើគោក និង​អង់​តែ​ន ខណៈ​សព្វ​ថ្ងៃនេះ យើង​មាន​ក្រុមហ៊ុន​ខ្សែ​កា​ប្លិ៍​ក្រោម​បាតសមុទ្រ​ចំនួន​២ ដែល​កំពុង​ប្រតិបត្តិការ​។ ចំណែក​សេវាកម្ម​វិញ មាន​ដូច​ជា សេវា​ជា​សំឡេង អុ​ី​ន​ធើ​រ​ណេ​ត និង​សេវា​តម្លៃបន្ថែម​ផ្សេង​ទៀត ។ រីឯ​ICT វិញ គឺ​ផ្ដោត​​ទៅ​លើ​ការ​សរសេរ​កម្មវិធី (Programming) និង Application ហើយ​ជំហាន​បន្ទាប់ គឺ​យើង​ផ្ដោត​ទៅ​លើ​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​កន្លង​មក » ។

លោក​ថ្លែង​បន្ត​ថា ៖« ក្នុង​គោលនយោបាយ​នេះ យើង​ផ្ដោត​លើ​កា​រត​ភ្ជាប់​បណ្ដាញ​អ៊ី​ន​ធើ​រ​ណេ​ត​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០២០ ខណៈ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ គ្រប់​ស្រុក​នឹង​មាន​ការ​​ត​ភ្ជាប់ ហើយ​ឆ្នាំ​២០២០​អាច​នឹង​ដល់​គ្រប់​ឃុំ គ្រប់​ភូមិ ។ បន្ទាប់​មក គឺ​ផ្ដោត​លើ​ការ​ត្រៀមខ្លួន​លើ​ការ​ប្រើប្រាស់​វិស័យ ICT ដែល​ជា​វិស័យ​មួយ​សំខាន់ ខណៈ​សព្វ​ថ្ងៃនេះ ការ​ប្រើប្រាស់ ICT នៅ​មានការ​យល់​ដឹង​តិចតួច​នៅឡើយ » ។

លោក​បណ្ឌិត ខូ​វ មក​រា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ដែរ​ថា តិច​ណូ​ឡូ​ជី បើ​អត់​មាន​មនុស្ស មិន​អាច​ធ្វើ​អី្វ​កើត​ទេ ។ រាល់​ថ្ងៃនេះ ក្រសួង​ក៏​កំពុង​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន និង​សមត្ថភាព​ជំនាញ ដើម្បី​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​យុវជន​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា ហើយ​ក្រសួង​កំពុង​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ច្នៃប្រឌិត​មួយ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ដែល​មាន​គំនិត​ល្អ​ៗ មានឱកាស​បញ្ចេញមតិ ហើយ​យើង​មាន​គ្រូ​ដើម្បី​ជួយ​ជ្រោមជ្រែង​ពួក​គេ ។

លោក​បណ្ឌិត​ថ្លែង​ថា ៖« រាល់​ថ្ងៃនេះ វិស័យ​ទូរគមនាគមន៍​របស់​យើង​ទៅ​មុខ​ហើយ គ្រាន់​តែ​ទៅ​មុខ​យឺត​ជាងគេ ស្មើ​គេ ឬ​លឿន​ជាងគេ​ប៉ុណ្ណោះ ។ អីចឹង ដើម្បី​ទៅ​មុខ​លឿន យើង​ត្រូវ​ប្រមូលផ្ដុំ​នូវ​ធនធាន​របស់​យើង » ។ លោក​ថា ៖« ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ យើង​មិនមែន​ឲ្យ​ត្រី​គាត់​ហូប​ទេ ហើយ​ក៏​មិន​ត្រឹមតែ​បង្រៀន​គាត់​ឲ្យ​ចេះ​ស្ទូចត្រី​ដែរ គឺ​យើង​ត្រូវ​បង្រៀន​គាត់​ឲ្យ​ចេះ​យក​ត្រី​មក​ធ្វើ​ម្ហូប​ក្នុង​ហាង​ទៀត ព្រោះ​យើង​កំពុង​តែ​ស្ថិត​ក្នុង​សមា​ហ​រណកម្ម​អាស៊ាន ដែល​មាន​លំហូរ​សេរី​ចំនួន​៣ គឺ​កម្លាំង​ពលកម្ម​, សេវាកម្ម និង​ទំនិញ។ អីចឹង បើ​ភាព​ប្រកួតប្រជែង​យើង​នៅ​មាន​កម្រិត​ទាប ធ្វើ​ម៉េច​អាច​ប្រកួតប្រជែង​បាន ។ ដូច្នេះ មាន​តែ​ជំរុញ​ឲ្យ​មាន​ធនធាន​ផ្នែក​ឌី​ជី​ថ​ល​ទេ ដើម្បី​ជួយ​ជំរុញ​ផ្នែក​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន ព្រោះ​និន្នាការ​នៃ​បច្ចេកវិទ្យា​កំពុង​ឆ្ពោះទៅ​មុខ​ហើយ អ្វី​ៗ​នឹង​ត្រូវការ​បច្ចេកវិទ្យា​ជា​ចាំបាច់ » ។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​បណ្ឌិត ខូ​វ មក​រា គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា​ឆ្នាំ​នេះ ការ​ជាវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​ស្មើនឹង​ជាង​៦៦% នៃ​ប្រជាពលរដ្ឋ​សរុប ហើយ​អាច​ឈាន​ដល់​៧០%​នៅ​ឆ្នាំ​២០១៨ និង​រំពឹង​ថា នៅ​ឆ្នាំ​២០២០ នឹង​ឈាន​ដល់​៨០%​។ ចំណែក​កា​រត​ភ្ជាប់ នឹង​មាន​គ្រប់​ទីកន្លែង​នៅ​ឆ្នាំ​២០២០ ហើយ​ឆ្នាំ​២០២៣ លោក​ជឿជាក់​ថា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នឹង​មាន​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​គ្របដណ្ដប់ ១០០% ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន All Public Relations កញ្ញា ផេង គឹ​ម​ហ៊​ន មើលឃើញ​ថា ៖ «ជា​ការ​ពិត ធនធាន​សម្រាប់​វិស័យ ICT របស់​យើង​នៅ​មាន​កម្រិត​មែនទែន តែ​ទោះបី​យ៉ាងណា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​ដូច​ជា​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(NIPTICT) កំពុង​តែ​ខិតខំ​ជំរុញ​ការ​បណ្ដុះបណ្ដាល​លើ​ផ្នែក​នេះ ហើយ​ខ្ញុំ​រំពឹង​ថា យើង​នឹង​មាន​សិស្ស​និស្សិត​ចូល​រៀន​ជំនាញ​​នេះ​កាន់តែ​ច្រើន​នៅ​ថ្ងៃ​អនាគត ហើយ​ក៏​ជា​ឱកាស​ការងារ​សម្រាប់​ពួក​គេ​ផង​ដែរ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ