រាជធានីភ្នំពេញ ៖ ក្រូចច្របាច់លក់តាមសួនច្បារនាអំឡុងទសវត្ស៩០ ជាមុខរបរមួយសម្រាប់ស្ត្រីរកស៊ីផ្លូវភេទគ្មានលំដាប់ ។ ពួកនាងលក់ក្រូចពោធិ៍សាត់នៅតាមសួនច្បារមួួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយទាក់ទាញភ្ញៀវចូលសួរនាំ ហើយចរចាគ្នាទៅរួមភេទ ។ វាខុសស្រឡះពីស្ត្រីរកស៊ីផ្លូវភេទវ័យក្មេងដែលមានសម្រស់ឆើតឆាយ រាំនៅរង្គសាលដើម្បីរកម៉ូយនាជំនាន់នោះ ។
ពាក្យថា «លក់ក្រូចច្របាច់» សម័យនោះគឺគេដឹងយ៉ាងច្បាស់ថាដើម្បីបិទបាំងការរកស៊ីផ្លូវភេទរបស់តែប៉ុណ្ណោះ ។ នៅសួនច្បារស្តូបមិត្តភាពកម្ពុជា-វៀតណាម-ឡាវ ដែលមានទីតាំងនៅមុខវត្តបទុមវតី ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ ជាកន្លែងដ៏ពេញនិយមមួយសម្រាប់នារីលក់ក្រូចច្របាច់ ។ ក្រូចច្របាច់បានរីករាលដាលខ្លាំងអំឡុងឆ្នាំ១៩៩០រហូតដល់អឡុងឆ្នាំ២០០០ ។

នៅពេលព្រលប់មិនទាន់ទេ គេតែងតែឃើញស្ត្រីអ្នកលក់ក្រូចច្របាច់ធ្វើដំណើរចេញពីតំបន់មិនរៀបរយមួយចំនួនដូចជា ប៊ូលឌីង និងសំណង់មិនរៀបរយនៅមាត់ច្រាំងទន្លេ ក្រោយស្ថានទូតសូវៀត ដោយ ម្នាក់ៗ យួរថង់ដាក់ក្រូចពោធិ៍សាត់ ។ ពួកនាងស្លៀកពាក់ និងការតុបតែងខ្លួន ផាត់មុខ លាបក្រែមម្សៅជារបៀបស្ត្រីរកស៊ីផ្លូវភេទអស់ជម្រើស។

នៅក្រោមផ្ទៃមេឃនាពេលយប់ សម្រស់របស់ពួកនាងទាំងនោះមិនអន់ប៉ុន្មានទេ អាចទាក់ទាញប្រុសៗឲ្យចង់នែបនិត្យនៅក្រោមដើមពោធិ៍ និងកៀនដើមផ្កា ។ ភ្ញៀវប្រុសដៃម្ខាងច្របាច់ក្រូច និងដៃម្ខាងទៀត «ច្របាច់កន្លែងសំខាន់ៗរបស់នារីលក់ក្រូច»។
ពិតណាស់សម្រស់របស់ពួកនាងដែលលក់ក្រូចច្របាច់ មិនស្អាតសិចស៊ីដូចនារីរកស៊ីផ្លូវភេទដទៃទៀតដែលមានលំដាប់ថ្នាក់ គេនាំគ្នារកប្រាក់នៅតាមផ្ទះបនស្រី ឬធ្វើដំណើរទៅរកប្រាក់នៅរង្គសាលឈូកទិព្វ និងប៉ាស៊ីហ្វិកឃីស ជាដើម។

ទោះជាយ៉ាងណាក្តី ពួកគេនៅតែមានឱកាសរកប្រាក់បានដែរ មិនតែប៉ុណ្ណោះដោយសារតែវាចាផ្អែមល្ហែម បានធ្វើឲ្យ បុរសៗ និងខ្លះទៀតជានិស្សិត និងក្មេងវត្តដែលទើបមកពីទីជនបទ ចំណាយប្រាក់ត្រេកត្រអាលជាមួួយពួកនាង ។ មានក្មេងវត្តមួយចំនួនទៀតលង់ទាំងកាយ លង់ទាំងចិត្ត សាងស្នេហ៍រួមរស់ជាមួយគ្នាជាប្តីប្រពន្ធ នៅក្នុងដំបូលខ្ទមដ៏កម្សត់របស់នារីលក់ក្រូចច្របាច់នៅក្រោយស្ថានទូតសូវៀត ។
បើតាមអតីតនិស្សិតម្នាក់ស្នាក់អាស្រ័យនៅវត្តបទុមវតី រំលឹកឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ក្រូចច្របាច់ក៏ដូចជាបនស្រីបានរីកពេញបន្ទុកនៅឆ្នាំ១៩៩៥ ។ កាលនោះនៅលើសួនច្បារមុខវត្តតាំងពីវាលហង្ស រហូតទៅដល់សួនច្បារនាគបាញ់ទឹក នាពេលយប់សំបូរទៅដោយស្ត្រីរកស៊ីផ្លូវភេទដើរលក់ក្រូចច្របាច់ និងអ្នកទៅត្រេកត្រអាលជាមួយពួកនាង ។ ពួកគេអង្គុយនៅតាមដើមផ្កា លើសួនច្បាររេចរឹល ក្រោមដើមពោធិ៍ ខ្លះលើបង់ទឹកផ្កាឈូក និងលើស្តូបមិត្តភាពកម្ពុជា-វៀតណាម-ឡាវ ជាដើម ។ ដោយឡែកនៅតាមសួនច្បារមួយចំនួនទៀត ក៏មានដែរ ។

ក្រៅពីនោះនៅមានតំបន់ជាច្រើនទៀតដែលសំបូរទៅដោយ នាងៗលក់ក្រូចច្របាច់ ដូចជានៅប៊ូឌីងសំបូរទៅដោយផ្ទះបនស្រី ដែលលំអទៅដោយពួកនាងអង្គុយត្រៀបត្រានៅក្រោមភ្លើងពណ៌នាពេលរាត្រី ។
អតីតនិស្សិតរូបនោះនៅពេលសម្រាកពីការសិក្សាជារៀងរាល់យប់ឆ្លៀតពេលទៅរត់ម៉ូតូឌុបរកប្រាក់ទប់ទល់ជីវភាព ។ គេតែងតែដឹកនារីរកស៊ីផ្លូវភេទពីប៊ូឌីង ទៅរង្គសាលផ្កាឈូកទិព្វ,ផ្ការាំទឹករាំ និងរង្គសាលប៉ាស៊ីហ្វិចឃីស ជាដើម។

អតីតនិស្សិតក្មេងវត្តរូបនោះមានមិត្តភកិ្តជាក្មេងវត្តដូចគ្នាម្នាក់បានលង់ស្នេហ៍ស្ត្រីរកស៊ីផ្លូវភេទ ។ ក្រៅពីនោះមានកំលោះខ្លះទៀតពីស្រុកស្រែចម្ការតែងតែចំណាយប្រាក់ដ៏ខ្សត់ខ្សោយរបស់ខ្លួនត្រេកត្រអាលជាមួយនារីលក់ក្រូចច្របាច់ ។
បច្ចុប្បន្នមុខរបរលក់ក្រូចច្របាច់ រួមជាមួយផ្ទះបនស្រីនៅតំបន់ទាំងនោះបានរលាយបាត់អស់រូបរាងទៅហើយ ។ ចំណែកនារីរកស៊ីផ្លូវភេទជំនាន់នោះ ខ្លះបានស្លាប់ ខ្លះទៀតប្តូរមុខរបរទៅជាអ្នកកោសជប់ ឬអាជីពថ្មីសមរម្យក្នុងសង្គម ។

តាមអ្នកលក់នំបញ្ចុកម្នាក់ឈ្មោះសុផាត នៅជិតវត្តបទុមវតី ឱ្យដឹងថាក្រូចច្របាច់បច្ចុប្បន្នលែងមានទៀតហើយ ។ នៅឆ្នាំ២០០៩លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ បានស្ថាបនាសួនច្បារមុខវត្តបទុមវតីរួចរាល់ ប្រកបដោយសោភ័ណភាព សល់តែប្រវត្តិជាកន្លែងលក់ក្រូចច្របាច់ប៉ុណ្ណោះ វាមិនមានរូបភាពដូចអតីតកាលនោះទៀតទេ ។
តាមអ្នកលក់ដូរនៅម្តុំសួនច្បារមុខវត្តបទុមឱ្យដឹងថាមុខវត្តបទុមសព្វថ្ងៃនេះជាកន្លែងលំហែកាយ ដោយរាល់ពេលល្ងាចមហាជនច្រើនកុះករទៅអង្គុយលេង ទាត់បាល់ ទាត់សី ដើម្បីស្រូបយកខ្យល់អាកាសនៅពេលថ្ងៃរៀបលិច មិនដូចកាលពីអតីតកាលទេ ។

សម័យបច្ចុប្បន្ននេះគឺខុសគ្នាពីអំឡុងទសវត្ស៩០ ដោយការលក់ក្រូចព្រោងព្រាតតាមដងវិថីនានានៅភ្នំពេញ គឺជាការលក់ក្រូចពោធិ៍សាត់កៀបយកទឹកច្រកដបដើម្បីអតិថិជនទូទៅទិញទទួលទាន ។ ជាពិសសេស ក្មេងៗសម័យនេះបើនិយាយពីពាក្យថា «ក្រូចច្របាច់» គឺគេសំដៅទឹកក្រូចច្រកដបនោះហើយ ។

លោកសោម ម៉ៅ អ្នកលក់ក្រូចច្របាច់ដាក់ដបនៅជិតរង្វង់មូលផ្សារដើមថ្កូវនិយាយថា លោកតែងតែទៅផ្សារនាគមាសនៅម៉ោង៥ភ្លឺដើម្បីទទួលក្រូចពោធិ៍សាត់ពីកន្លែងបោះដុំដែលគេនាំពីខេត្តបាត់ដំបង ។ ក្នុងមួយថ្ងៃលោកអាចលក់ក្រូចបាន១០ឡូ តាមរយៈការកៀបយកទឹកដាក់ក្នុងដបលក់ជូនភ្ញៀវ ។
លោកសោម ម៉ៅ អាយុ២៥ឆ្នាំនិយាយថា៖«ខ្ញុំក្មេងសម័យនេះមិនដែលដឹងរឿងលក់ក្រូចច្របាច់ថាជារបរផ្លូវភេទដូចកាលពីច្រើនឆ្នាំមុនទេ» ៕

ចែករំលែកព័តមាននេះ