ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកឈើ​ស្របច្បាប់ ហេតុ​អី​ចេញដំណើរ​តែ​ពេល​យប់?

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈើ​ប្រណីត​ក្តា​២​ផ្ទាំង និង​ឈើ​អារ ២០​ដុំ​បម្រុង​លោតឆ័ត្រ​ទៅ​ជាយ​ដែន​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ រួច​យក​ទៅ​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​រក្សា​ទុក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០១៧ រហូត​មក​ដល់​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល…

ខេត្តស្វាយរៀង ៖ ឈើ​ប្រណីត​ក្តា​២​ផ្ទាំង និង​ឈើ​អារ ២០​ដុំ​បម្រុង​លោតឆ័ត្រ​ទៅ​ជាយ​ដែន​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ រួច​យក​ទៅ​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​រក្សា​ទុក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០១៧ រហូត​មក​ដល់​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ធ្នូ ២០១៧ មិន​ទាន់​ដឹង​ថា មាន​ចំណាត់ការ​យ៉ាងណា​ទេ ដោយ​មន្ត្រី​ខ្លះ​និយាយ​ថា ឈើ​ទាំងនេះ​គេ​យក​មក​ផ្ញើ មិនមែន​ចាប់​ទេ រីឯ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខ្លះ​បង្ហើប​ឲ្យ​ដឹង​ថា ឈើ​នេះ​បម្រុង​លោត​ឆ​ត្រ័​ទៅ​ជាយ​ដែន​តែ​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​រួច​យក​មក​ប្រគល់​ឲ្យ​រក្សា​ទុក និង​ចាត់ការ​តាម​នីតិវិធី​។ បើ​តាម​មហាជន​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែធ្នូ​នេះ​មាន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​បាន​ដឹកឈើ​ប្រណីត​តាម​រថយន្ត​តួ​រី​ស មក​ពី​បណ្តា​ខេត្ត​នានា ចូល​មក​ទឹកដី​ខេត្តស្វាយរៀង​ក្នុង​មួយ​យប់​ៗ ចាប់ពី​១០​ទៅ​២០​ឡាន មក​ស្តុក​លាក់​ទុក នៅ​តាម​ជាយ​ដែន ហើយ​បន្ត​លួច​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​បន្ត និង​មួយ​ចំនួន​ទៀត​គឺជា​រូបភាព​ដឹក​មក​ដាក់​តាម​រោង​សិប្បកម្ម​កែ​ច្នៃ គ្រឿង​សង្ហា​រឹម មិនដឹង​ថា​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹកឈើ​ប្រណីត​ទាំងនេះ​យក​មក​កែ​ច្នៃ ធ្វើ​តុ កៅអី គ្រែ សា​ឡុ​ង ឬ​យ៉ាងណា​ទេ​។

គ្រាន់តែ​មហាជន​មាន​ច​ម្ង​ល់​ថា ហេតុ​អី​បានជា​រថយន្ត​ដឹកឈើ​ប្រណីត​ទាំងនោះ ធ្វើ​ចរាចរណ៍​តែ​ពេល​យប់ អា​ធ្រា​ត្រ ដូច្នេះ​ហើយ​ចំណែក​ប្រជាពលរដ្ឋ​មាន​ឈើ​ប្រណីត អាច​ទិញ​ឈើ​ហើយ​មិន​ហ៊ាន​ទុក​នៅផ្ទះ​យក​មក​ផ្ញើ​ទុក​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ? ធ្វើ​ឲ្យ​មហាជន​កាន់តែ​មាន​ច​ម្ង​ល់​។ បើ​តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្វាយ​រៀង​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈើ​ប្រណីត ប្រភេទ​ឈើ​បេង​២​ផ្ទាំង មាន​កម្រាស់​២​តឹក ទំហំ​១,២​ម៉ែត្រ បណ្តោយ​៣​ម៉ែត្រ និង​ឈើ​អា ២០​ដុំ មាន​កម្រាស់​០,១២​ម៉ែត្រ ទំហំ ២​តឹក​ប្រវែង​៣,៥០​ម៉ែត្រ​។

គឺ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចាប់​ឃាត់​បាន​ពេល​ក្រុម​ឈ្មួញ​បង្កប់​ក្រោម​ទំនិញ ពេល​រើ​ទំនិញ​ចុះ​សមត្ថកិច្ច​បានឃើញ​ឈើ​ទាំងនោះ ហើយ​សង្ស័យ​ថា​ដឹកឈើ​ខុសច្បាប់ ទើប​ឃាត់​យក​មក​សាកសួរ​រួច​យក​មក​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុក​។ ក៏​ប៉ុន្តែ​មិនដឹង​ថា​មាន​ចំណាត់ការ​យ៉ាងណា​ទេ​។ ចំណែក​លោក​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ មក​ដល់​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩​ធ្នូ​នេះ ដោយ​មន្ត្រី​ក្រោម​ឱវាទ​ប្រាប់​ថា មាន​រវល់​ទៅ​បំពេញការងារ​នៅ​សហគមន៍​ព្រៃឈើ ព្រៃ​កូន​គគីរ​ក្រុង​បា​វិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ