ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ទើបតែរលូតកូនបាន២ថ្ងៃ ពេលនាងឈរនៅក្បែរចិញ្ចើមផ្លូវត្រូវម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរី២០០៨ ជិះដឹកម៉ាស៊ីនកាត់ស្មៅ បានបើកមកកៀរបណ្តាលឱ្យដួលទាស់សរសៃស្ពឹកពេញរាងកាយ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ វិច្ឆិកា ស្ថិតក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ស្ត្រីរងគ្រោះឈ្មោះនឹម យ៉េន អាយុ៣២ឆ្នាំ ជាកម្មករសំណង់ប្តីឈ្មោះទី សុវ៉ាត់ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ ។ ចំណែកអ្នកបើកម៉ូតូឈ្មោះសូរ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជាកសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ស្ត្រីរងគ្រោះបានឱ្យដឹងថា គ្រួសារនាងមានកូន៤នាក់ ដោយសារជីវភាពក្រីក្រ គ្រួសារនាងចេញពីភូមិមករស់នៅធ្វើការជាកម្មករសំណង់នៅក្នុងភូមិសួស្តី អស់រយៈពេលជាងមួយឆ្នាំមកហើយ ។ ពេលនៅធ្វើការទីនោះនាងចាប់ផ្តើមមានផ្ទៃពោះទៀត ដោយសារតែនាងធ្វើការងារធ្ងន់ទើបបណ្តាលឱ្យកូនក្នុងផ្ទៃរយៈពេល២ខែនោះរលូត ។ ក្រោយពេលរលូតកូននាងបានមកឈរនៅក្បែរចិញ្ចើមផ្លូវដើម្បីរង់ចាំទិញត្រីធ្វើម្ហូប ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរី២០០៨ ដឹកម៉ាស៊ីនកាត់ស្មៅបើកបរតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីលិចទៅកើត មកកៀរនាងដែរកំពុងតែឈរបណ្តាលឱ្យដួលបោកទៅលើផ្លូវរងរបួសធ្ងន់ដោយស្ពឹកពេញខ្លួនប្រាណកម្រើកមិនរួច ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកង៉ូវ ឃីន មន្ត្រីប៉ូលិសបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងដោយសារតែអ្នកបើកម៉ូតូមិនប្រយ័ត្នដាក់ដងម៉ាស៊ីនឱ្យបានត្រឹមត្រូវទើបធ្វើឱ្យកៀរស្ត្រីរងគ្រោះ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ