បន្ទាយមានជ័យ ៖ ដូចជាប្លែក ឃើញទាហានថៃឈុតខ្មៅច្រកខ្លងលឹក បានចូលមកស្វាគមន៍ចាប់ដៃជាមួយមន្ត្រីយោធាកម្ពុជា ដែលប្រចាំការនៅព្រំដែនកម្ពុជា.ថៃ ក្រោយបើកទ្វារព្រំដែនកម្ពុជា.ថៃ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅច្រកអន្តរជាតិប៉ោយប៉ែត ។

ដោយការបើកច្រកទ្វារព្រំដែនកម្ពុជា ច្រកអន្តរជាតិប៉ោយប៉ែត នៅម៉ោង៩ព្រឹក ហើយយោធាថៃបើកទ្វារព្រំដែនច្រកខ្លងលឹក នៅម៉ោង៨ព្រឹក គេសង្កេតឃើញទាហានឈុតខ្មៅថៃ២នាក់ បានដើរចូលចាប់ដៃស្វាគមន៍ជាមួយមន្ត្រីយោធាកម្ពុជា ដែលប្រចាំការនៅព្រំដែនកម្ពុជា.ថៃ នៅលើស្ពានមិត្តភាពខាងកម្ពុជា គឺច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលឈមខាងថៃច្រកខ្លងលឹក ។

លោកវរៈសេនីយ៍ឯក ហង្ស រតនា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ បានប្រាប់ថា ៖ នៅពេលទាហានថៃឈុតខ្មៅ២នាក់ ដែលចូលមកចាប់ដៃស្វាគមន៍មន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ គេប្រាប់ថា គេជាមេទាហានឈុតខ្មៅថៃ ដែលប្រចាំច្រកខ្លងលឹក ប្រទេសថៃ ដែលទើបផ្លាស់មកនៅរយៈពេល២ទៅ៣ថ្ងៃនេះ ហើយជាទម្លាប់របស់ទាហានថៃ នៅច្រកទ្វារព្រំដែនខ្លងលឹក នៅពេលមានផ្លាស់ប្តូរមេ ឬនាយទាហានថ្មី ចូលតែងតែចូលស្វាគមន៍ប្រាប់អោយបានដឹង ។

លោកបានបញ្ជាក់ថា ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលឈមច្រកទ្វារខ្លងលឹកថៃ ស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ក្រោយភាគីថៃបានបិតច្រកទ្វារព្រំដែន ដោយឯកតោភាគី ហើយសម្រួលពេលវេលាការចេញ.ចូល ដោយកម្ពុជាបើកចេញ.ចូល រយៈពេល៧ម៉ោង និងថៃបើកចេញ.ចូល ៨ម៉ោង ។
ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច មានពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ចូលមកកម្ពុជាចំនួន២២៣នាក់ ស្រី៩៦នាក់ និងពលរដ្ឋថៃចេញចំនួន១.៦៩៥នាក់ និងពលរដ្ឋថៃចូលចំនួន២០០នាក់៕


ចែករំលែកព័តមាននេះ