ប្រវត្តិ​អ្នកនិពន្ធ​ហង្ស ធុន​ហាក់


លោក​ហង្ស ធុន​ហាក់ កើត​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​១៩២៦ នៅ​ភូមិ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខែត្រ​កំពង់ចាម ។ កាល​នៅ​យុវវ័យ លោក​បាន​ទៅ​សិក្សា​ផ្នែក​ល្ខោន​នៅ​សាលា​នាដកម្ម Sarah Bernard នៅ​ទី​ក្រុងប៉ារីស ។ នៅ​ទីនោះ​លោក​បាន​ចូល​ជាមួយ​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​គាំទ្រ លោក​កេង វ៉ា​ន់​សាក់ ។

លោក​ហង្ស ធុន​ហាក់ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥១ ដោយ​ចូលរួម​ជាមួយ លោក​សឹង ង៉ុ​កថា​ញ់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាណានិគម ។ នៅ​ឆ្នាំ​១៩៥៣ គាត់​បាន​ផ្ដាច់ខ្លួន​មក​រស់នៅ​ក្នុង​សង្គម​វិញ ។

លោក​ហង្ស ធុន​ហាក់ បាន​និពន្ធ​រឿងល្ខោន​ជា​ច្រើន​ដូច​រឿង​ថ្ម​រាំ និង​រឿង​កញ្ញា​ចរិយា (អំឡុង​ឆ្នាំ​១៩៥០) ដែល​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​នៅ​សម័យ​នោះ ។ ដោយ​គាត់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ម្ចាស់​ក្សត្រិយានី​កុសុមៈ រឿងល្ខោន​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្ដែង​ដោយ​គ្មាន​ការ​រារាំង ។

លោក​ហង្ស ធុន​ហាក់ បាន​ទទួល​មេដាយ​អស្សឫទ្ធិ​មុនី​សារភណ្ឌ នៅ​ពេល​ដែល​គាត់​ជា​សមាជិក​ក្រុម​មេ​ប្រយោគ​ក្នុង​ការ​ប្រលងប្រជែង​លើក​ទី​១ នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ ដែល​បាន​ដាក់​នាម​ថា ការ​ប្រលងប្រជែង​អក្សរសាស្ត្រ​រង្វាន់​ឥន្ទ្រ​ទេវី សម្រាប់​ឆ្នាំ​១៩៦០-១៩៦១ ។

លោក​ហង្ស ធុន​ហាក់ បាន​បង្រៀន​នៅ​សាលា​ល្ខោន​ជាតិ ហើយ​បាន​ធ្វើ​ជា​សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ចាប់ពី​ឆ្នាំ ១៩៦៥ ។ គាត់​បាន​ឡើង​ធ្វើ​ជា​រដ្ឋ​មន្ត្រីក្រសួង​អភិវឌ្ឍន៍​សហគមន៍ ហើយ​ក្រោយមក​បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៧ តុលា ១៩៧២ ដល់​ថ្ងៃ​ទី​១៧ មេ​សា ១៩៧៣ ។

នៅ​ក្រោយ​ឆ្នាំ​១៩៧០ លោក​ហង្ស ធុន​ហាក់ បាន​ដឹកនាំ​គណបក្ស​ប្រជាជន (​គណបក្ស​សង្គមនិយម​) ប៉ុន្តែ​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គម​សាធារណរដ្ឋ​របស់​លោក​លន់ ណុ​ន វិញ ។

នៅ​ពេល​ដែល​សង្គ្រាមស៊ីវិល​កំពុង​ឆាបឆេះ​លោក​ហង្ស ធុន​ហាក់ បាន​ព្យាយាម​ទាក់ទង​ជាមួយនឹង​សម្ដេចព្រះ​នរោត្តម សីហ​នុ ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ហើយ​ក៏​បាន​​ទាក់ទង​ជាមួយនឹង​ពួក​ខ្មែរក្រហម​តាម​រយៈ លោក​ហ៊ូ យន់ ផង​ដែរ ។ គាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ក្រោយ​ពេល​ដែល​គាត់​ព្យាយាម​ការពារ​ម្ចាស់​ក្សត្រិយានី កុសុមៈ និង​ដង្ហែ​ទ្រង់​ទៅ​កាន់​ក្រុង​ប៉េ​កាំ​ង នៅ​ឆ្នាំ​១៩៧៣ ។

លោក​ហង្ស ធុន​ហាក់ ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​នៅ​ថ្ងៃ​ទី​១៨ មេ​សា ១៩៧៥ ក្រោយ​បដិសេធ​មិន​ព្រម​រត់​ចេញ​ទៅ​ក្រៅប្រទេស ។ ទោះជា​យ៉ាងណា​ក្តី​ភរិយា និង​កូនស្រី​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ទៅ​ប្រទេស​បារាំង ។

ស្នាដៃ​របស់​លោក​ហង្ស ធុន​ហាក់ រួម​មាន ៖
-​រឿង​«​ថ្ម​រាំ​» ល្ខោន​ឆ្នាំ​១៩៥៤ ,​រឿង​កញ្ញា​ចរិយា (​ល្ខោន​) , រឿង​«​ពិសោធន៍​ស្នេហា​»(​ល្ខោន​ឆ្នាំ​១៩៦៤) , រឿង​«​ចោល​សំបុក​ឥត​មេបា​»(​ល្ខោន​១៩៦៥) , រឿង​«​ព្រះអាទិត្យ​រះ​ហើយ​» (ល្ខោន​១៩៦៦) , រឿង​«​ចិញ្ចៀន​បញ្ចាំចិត្ត​»(​ល្ខោន​១៩៦៩) , រឿង​«​បង​ពុក​ឲ្យ​ហៅ​» (ភាព​យន្ត​១៩៦៦) , រឿង​«​វាសនា​ឬ​ការ​កសាង​»(​ភាពយន្ត​១៩៦៦) ,​រឿង​«​រាត្រី​និម្មិត​នៃ​វស្សាន​រដូវ​» (​ប្រលោមលោក​បកប្រែ​១៩៦៨​និពន្ធ​ដោយ​William Shakespeare) ,​រឿង «អម្ចាស់​(Le Cid)»(​ប្រលោមលោក​បកប្រែ ១៩៦៩ និពន្ធ​ដោយ​Pierre Corneille) ,​រឿង ប៉ូ​ល​វី​ហ្សា​នី (​ប្រលោមលោក​បកប្រែ និពន្ធ​ដោយ​Jacques-Henri Bernardin de Saint-Pierre) និង​រឿង​«​រ៉ូ​មី​អូ និង​ស៊ូ​លី​យែ​ត​»(Romeo ប្រលោមលោក​បកប្រែ​១៩៧១ និពន្ធ​ដោយ ​William ShakespeareAdvertisements) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ