ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធា​រី ច​ន្ថា​ប៊ី​ន និង កែវ សុខ​ផេង នឹង​ក្លាយជា​គូប្រជែង ចាន់ វឌ្ឍនាកា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ផ្លូវការ​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​៣​រូប គឺ ធា​រី ច​ន្ថា​ប៊ី​ន ចាន់ វឌ្ឍនាកា និង​កែវ សុខ​ផេង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ផ្លូវការ​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​៣​រូប គឺ ធា​រី
ច​ន្ថា​ប៊ី​ន ចាន់ វឌ្ឍនាកា និង​កែវ សុខ​ផេង ពិតជា​លេង​ឱ្យ​ក្រុមបាល់ទាត់​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី បើ​ទោះជា​ចាន់ វឌ្ឍនាកា នៅ​មិន​ទាន់​បង្ហើប​ចេញពី​មាត់​ថា​នោះ​ជា​ព័ត៌មាន​ពិត​យ៉ាងណា​ក្ដី ។ អ្វី​ដែល​ច្បាស់​ទៅ​ទៀត​គឺ​កីឡាករ​ទាំង​៣​នឹង​លេង​ក្នុង​ក្លិប​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ប្រទេស​នេះ​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឱ្យ​កីឡាករ​អាស៊ាន​មួយ​រូប​ៗ​អាច​លេង​ក្នុង​ក្លិប​នីមួយ​ៗ​បាន​សម្រាប់​រដូវ​កាល​ថ្មី ។ អ៊ីចឹង​ហើយ​ទើប​វត្តមាន​ទៅ​លេង​​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​របស់​អ្នក​ទាំង​៣ នឹង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​គូប្រជែង​ប្រជា​ប្រិយ​ភាព ដើម្បី​ឱ្យ​ច្បាស់​ថា នៅ​ពេល​បាន​ទៅ​លេង​នៅ​លើ​ទឹកដី​តែ​មួយ តើ​កីឡាករ​ណាមួយ​ទទួល​បាន​ឱកាស​ច្រើន​ជាង និង​លេចធ្លោ​ច្រើន​ជាង ។

មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ ក្នុង​ពេល​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​បើកឱកាស​ទិញ​ដូរ​កីឡាករ​នៅ​តំបន់​អាស៊ាន​ច្រើន​ឡើង ដោយ​កីឡាករ​កម្ពុជា​បាន​ក្លាយជា​មុខសញ្ញា​ក្នុង​តម្រូវ​ការ​របស់​ក្លិប​ធំ​ៗ​នៅ​ក្នុង​ប្រទេស​នេះ ។ ជា​ជំហាន​ដំបូង​គេ​ឃើញ​កីឡាករ​កម្ពុជា​៣​រូប​ត្រូវ​បាន​ជាប់​ឈ្មោះ​ចេញ​ទៅ​លេង​ក្នុង​លី​គ​កំពូល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​គឺ Super League ខណៈ​ដែល​តួនាទី​ក្នុង​ការ​ចេញ​ទៅ​លេង​របស់​ពួក​គេ និង​តម្លៃ​ខ្លួន​ក៏​មិន​ដូច​គ្នា​ផង​ដែរ ។ ជម្រើស​នៃ​ការងា​កមក​ទិញ​កីឡាករ​បរទេស​ចូល​លេង​នេះ គឺ​បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចេញ​ច្បាប់​ដោយ​កំណត់​ថា ចាប់ពី​ឆ្នាំ​២០១៨ រហូត​ដល់​២០២១ ក្លិប​នៅ​លី​គ​កំពូល​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ មាន​សិទ្ធិ​ទិញ​កីឡាករ​បរទេស​បាន​ចំនួន​៥​នាក់​ក្នុង​​មួយ​ក្លិប ដោយ​ក្នុង​ចំណោម​កីឡាករ​ទាំង​៥ គឺ​តម្រូវ​ឱ្យ​មាន​កីឡាករ​នៅ​តំបន់​អាស៊ី​ម្នាក់ និង​តំបន់​អាស៊ាន​ម្នាក់ ។

អ៊ីចឹង​ហើយ​ទើប​គេ​កត់​សម្គាល់ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ងាក​មក​សម្លឹង​មើល​កីឡាករ​ជម្រើសជាតិ​ខ្លាំង​ៗ​របស់​កម្ពុជា​ច្រើន​ឡើង ដោយ​សូ​ម្បី​តែ​កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើបតែ​បញ្ចប់​កុងត្រា​លេង​ឱ្យ​ក្លិប​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន ក៏​ត្រូវ​បាន​ក្លិប​មួយ​របស់​ប្រទេស​នេះ​ទិញ​យក​ទៅ​លេង​ផង​ដែរ បើ​ទោះជា​មិន​ទាន់​មាន​ការ​ទទួលស្គាល់​ពី​ចាន់ វឌ្ឍនាកា នៅឡើយ ។ អ្វី​ដែល​គេ​កត់សម្គាល់ គឺ​ក្លិប​នីមួយ​ៗ បាន​យល់ព្រម​ផ្ដល់​លក្ខ​ខណ្ឌ​ល្អ​ៗ​ជា​ច្រើន​ដល់​កីឡាករ​កម្ពុជា​ទាំង​ឱកាស​ផ្ដល់​ឱ្យ​លេង​ក្នុង​លី​គ និង​ការ​ផ្គត់ផ្គង់​ជា​ច្រើន​ផ្សេង​ទៀត​នោះ​ផង ។

ម្យ៉ាង​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ស្ថាន​ភាព​អាកាសធាតុ​មិន​ខុស​គ្នា​នឹង​នៅ​កម្ពុជា​នោះ​ផង ទើប​គេ​មើលឃើញ​ថា បើ​ទោះជា​ម៉ា​ឡេ​ស៊ី មិន​ល្បី​ដូច​ជប៉ុន​សម្រាប់​វិស័យ​បាល់ទាត់់ តែ​ការ​ចេញ​ទៅ​លេង​របស់​កីឡាករ​កម្ពុជា ក៏​នឹង​ទទួល​ឱកាស​មិនធម្មតា ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​ប្រធាន​ក្លិប​នីមួយ​ៗ​របស់​ម៉ា​ឡេ​ស៊ី ផ្ដល់​ឱ្យ​នូវ​រថយន្ត​មួយ​គ្រឿង និង​ផ្ទះ​ស្នាក់​នៅ​មួយ​កន្លែង បន្ថែម​ពីលើ​ប្រាក់ខែ​ដ៏​ច្រើន​ដែល​អាច​ឱ្យ​ពួក​គេ​បង្កើន​សមត្ថភាព និង​ភាព​លេចធ្លោ​ដោយ​មិន​លំបាក​នោះ​ផង ។ ប៉ុន្តែ​មានការ​បញ្ជាក់​ថា កីឡាករ​ទាំង​៣​មិន​លេង​ក្នុង​ក្លិប​តែ​មួយ​នោះ​ទេ ទើប​វត្តមាន​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​របស់​ពួក​គេ គឺ​មិន​ខុស​អី​នឹង​រុញ​ឱ្យ ធា​រី ច​ន្ថា​ប៊ី​ន និង កែវ សុខ​ផេង នឹង​ក្លាយជា​គូប្រជែង​ប្រជាប្រិយភាព​ជាមួយនឹង​ចាន់ វឌ្ឍនាកា ដែល​ជា​កីឡាករ​ល្បីឈ្មោះ​នាំមុខ​គេ​នៅ​ក្នុង​ពិភព​បាល់ទាត់​នោះ​ទេ​។

យោង​តាម​ការ​ទម្លាយ ធា​រី ច​ន្ថា​ប៊ី​ន ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន
បាន​ចុះ​កុងត្រា​រួចរាល់​ហើយ​ជាមួយ​ក្លិប Terengganu FC នៃ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​លោក​នឹង​ចំណាយពេល​រយៈពេល​១​ឆ្នាំ ឬ​មួយ​រដូវ​កាល​សម្រាប់​ការ​ទៅ​លេង​ឱ្យ​ក្លិប​នោះ ។ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ណាមួយ​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​លោក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​បាន​ទម្លាយ​គឺ​គេ​មិន​ត្រឹមតែ​ត្រូវ​ខំ​លេង​ឱ្យ​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ទាក់ទាញ​ប្រជាប្រិយ​ជាមួយនឹង​កីឡាករ​កម្ពុជា​២​រូប​ទៀត នៅ​លើ​ទីលាន​ផង​ដែរ ។ មានការ​បញ្ជាក់​ថា ធា​រី ច​ន្ថា​ប៊ី​ន ដែល​ធ្លាប់តែ​ចាប់ដៃ​លេង​ជាមួយ​ចាន់ វឌ្ឍនាកា និង កែវ សុខ​ផេង ក្នុង​ក្រុម​ជម្រើសជាតិ នឹង​ត្រូវ​លេង​យ៉ាង​ប្រជែង​ជាមួយ​អ្នក​ទាំង​ពីរ​វិញ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោយ​ពេល​ចាក​ចេញពី​ដី​កំណើត ពោល​គឺ​មិន​ខុស​គ្នា​ពី​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​ក្លិប​ផ្សេង​គ្នា​នៅ​កម្ពុជា ដែល​ត្រូវ​លេង​ប្រជែង​គ្នា​នោះ​ទេ ។ ប៉ុន្តែ​វា​ខុស​គ្នា​ត្រង់​ថា លោក​ត្រូវការ​ភាព​លេចធ្លោ​ច្រើន​ជាង​លេង​ឱ្យ​ក្លិប​ចាស់​នៅ​កម្ពុជា ដោយសារ​តែ​ឱកាស​ទៅ​លេង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​តម្រូវ​ឱ្យ​លោក​ដណ្ដើម​ក្រេ​ឌី​ត​ឱ្យ​បាន​ច្រើន ដើម្បី​បន្ត​ជំហាន​ទៅ​ក្លិប​ក្រៅប្រទេស​ដែល​មានឈ្មោះ​បោះ​សំឡេង​បន្ត​ទៀត ។

កែវ សុខ​ផេង ដែល​ត្រូវ​គេ​ស្គាល់​ថា ជាសមាជិក​ជម្រើសជាតិ​កម្ពុជា​ដ៏​សំខាន់​ដែរ​នោះ ក៏​ទើបបាន​កុងត្រា​ជាមួយ​ក្លិប​មួយ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ ដោយ​លោក​នឹង​ចាក​ចេញ​ទៅ​កាន់​ប្រទេស​នោះ​នៅ​អំឡុង​ដើមឆ្នាំ​២០១៨​ខាង​មុខ ។ ខ្សែបម្រើ​ប្រយុទ្ធ​វ័យក្មេង​រូប​នេះ បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប PKNP FC ដែល​ជា​ក្លិប​ថ្មី​មួយ​ទើប​មានឱកាស​លេង​ក្នុង​លី​គ​កំពូល​របស់​ម៉ា​ឡេ​ស៊ី កាលពី​រដូវ​កាល​មុន ដែល​តាម​ការ​រំពឹង​វត្តមាន​របស់​លោក​​​​ទៅ​លេង​ឱ្យ​ក្លិប​នេះ ក៏​នឹង​រំពឹង​ពី​ភាព​លេចធ្លោ​ផង​ដែរ ប្រសិនបើ​ក្លិប​នេះ​បន្ត​ឈាន​​ជើង​ក្នុង​លី​គ​កំពូល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បន្ត​ទៀត ។ មានការ​បញ្ជាក់​ថា លោក​មិន​លេង​រួម​ក្លិប​ជាមួយ ធា​រី ច​ន្ថា​ប៊ី​ន និង​ចាន់ វឌ្ឍនាកា នោះ​ទេ ទើប​ជា​រឿង​ច្បាស់​ណាស់​​ថា ​វត្តមាន​ទៅ​លេង​របស់​គេ​នៅ​ក្រៅប្រទេស​ក្នុង​ពេល​ដ៏​ខ្លី​នេះ គឺ​ត្រូវ​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម​ទាំង​២ ។

កែវ សុខ​ផេង បាន​អះអាង​ថា គឺជា​ឱកាស​ថ្មី​មួយ​ដែល​គេ​ត្រូវ​បាន​ក្លិប​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី កុងត្រា​ឱ្យទៅ​លេង​ស្របគ្នា​ដែល​លោក​ក៏​សម្រេចចិត្ត​ទៅ​លេង​ទាំង​ការ​ស្រឡាញ់ និង​ពេញចិត្ត​ផង​ដែរ ។ លោក​ទទួល​បាន​ប្រាក់ខែ​សមរម្យ ដោយ​ក្រៅពី​នោះ​ក៏​ទទួល​បាន​រថយន្ត​១​គ្រឿង​សម្រាប់​ធ្វើ​ដំណើរ និង​មានផ្ទះ​១​ខ្នង​សម្រាប់​ស្នាក់​នៅ ។ អ្វី​ដែល​ពិសេស​លេខ​១០​ដែល​រូបគេ​ពាក់​ឲ្យ​ជម្រើសជាតិ​កម្ពុជា​កន្លង​មក ក៏​ត្រូវ​បាន​ក្លិប PKNP FC របស់​ម៉ា​ឡេ​ស៊ី បន្ត​ផ្ដល់​ឱ្យ​ដដែល ។

ចាន់ វឌ្ឍនាកា ដ្បិតថា​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​ប្រភព​ជាក់លាក់​បាន​បញ្ជាក់​ហើយ​ថា កីឡាករ​រូប​នេះ​ទៅ​លេង​ឱ្យ​ក្លិប​មួយ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ខណៈ​ដែល​ក្លិប​នោះ​ត្រូវ​បាន​បង្ហើប​ថា​មិនមែន​ជា​ក្លិប​ដែល ធា​រី ច​ន្ថា​ប៊ី​ន និង​កែវ សុខ​ផេង កុងត្រា​លេង​ឱ្យ ។ នៅ​ចុងខែ​ធ្នូ​នេះ ចាន់ វឌ្ឍនាកា នឹង​ធ្វើ​សន្និសីទ​ប្រកាស​ឱ្យ​ដឹង​ពី​ឈ្មោះ​ក្លិប​របស់​ម៉ា​ឡេ​ស៊ី ដែល​ខ្លួន​ព្រម​លេង​ឱ្យ ខណៈ​ដែល​វត្តមាន​របស់​លោក ក៏​ត្រូវ​បាន​អ្នកគាំទ្រ​ខ្លះ​លើក​ឡើង​ថា ត្រូវការ​ការ​ប្រឹងប្រែង​ច្រើន​ជាង​ធា​រី ច​ន្ថា​ប៊ី​ន និង​កែវ សុខ​ផេង ដើម្បី​រក្សា​ភាព​លេចធ្លោ​ក្នុង​នាម​ជា​កីឡាករ​ល្បីឈ្មោះ​ជាងគេ​នៅ​កម្ពុជា​ក្នុង​វិស័យ​បាល់ទាត់​បាន។ យ៉ាងណាមិញ កីឡាករ​ទាំង​៣​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​នឹង​ល្បី​ព្រម​គ្នា បន្ទាប់​ពី​មាន​ឱកាស​ទៅ​លេង​នៅ​លើ​ទីលាន​តែ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រទេស​មាន​ការ​រីក​ចម្រើន​លើ​វិស័យ​បាល់ទាត់​មិនធម្មតា​នៅ​ក្នុង​តំបន់​អាស៊ាន​នា​ពេល​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ