ខេត្តស្វាយរៀង ៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ថ្នាំញៀនគឺជាជំងឺមហារីកនិងជាឃាតកម្មដ៏សាហាវ នៅក្នុងសង្គមជាតិយើង ឧក្រិដ្ឋជនបានផលិតគ្រឿងញៀនកាន់តែទំនើប និងពិតជាបានចរាចរណ៍ជួញដូរចែកចាយគ្រឿងញៀន តាំងពីទីប្រជុំជនរហូតដល់ជនបទ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមគ្រសារ រហូតសង្គមជាតិទាំងមូលជាពិសេសស្រទាប់យុវជន។ មិនតែប៉ុណ្ណោះគ្រឿងញៀនក្លាយជាបញ្ហាសកលលោក ដែលទទួលនូវផលប៉ះពាល់នៃការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀននេះហើយកំពុងរួមគ្នាដោះស្រាយ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាយើងដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំបានដាក់ចេញនូវគោលនយោបាយ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ និងលើកទី២នេះ សម្រេចបានជោគជ័យជាវិជ្ជមាន។
លោក អង្គវង្សវឌ្ឍនា មានប្រសាសន៍បែបនេះនៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រមសាលដីកានិងសេចក្តីសម្រេចរបស់សាលដំបូងនៃខេត្តទាំង៤ ស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ធ្នូ ២០១៧ វេលាម៉ោង៤ល្ងាច ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្ត លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ លោកចៅក្រម លោកព្រះរាជអាជ្ញាទាំង៤ខេត្ត ក្រុមប្រឹក្សាខេត្ត កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋនិស្សិត សិស្សានុសិស្ស សរុបជាង១ពាន់នាក់។ លោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានថ្លែងថា ពិធីដុតបំផ្លាញគ្រឿងញៀន ថ្នាំញៀន និងឧបករណ៍ផ្សេងៗទាក់ទងនឹងការផលិតការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនតាមអំណាចសាលដីកាស្ថាពរសាលក្រមស្ថាពរ និងដីកាសម្រេចទាំង៤ខេត្ត នាពេលនេះ ថ្នាំញៀនសរុបចំនួន២៥.៣០៣.៩៩ក្រាម ស្មើនឹង៤៤៥សំណុំរឿងដែលយកមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន០៤គឺខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង បានដុតបំផ្លាញចោលនាឱកាសនេះ។
ក្នុងនោះខេត្តស្វាយរៀង សាលក្រមស្ថាពរសរុប៣៧សាលក្រមសាលក្រមមិនទាន់ស្ថាពរចំនួន៨សាលក្រមដំណាក់កាលត្រៀមជំនុំជម្រះ៤សំណុំរឿង ដំណាក់កាលស៊ើបសួរចំនួន៣ដីកាសម្រេចមានចំនួន៩ដីកាសរុប៥២សំណុំរឿង ហើយវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ទម្ងន់សរុប១៧.១៨៣.៩៩ក្រាម។ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១.០០៧.៦៩ក្រាម។ វត្ថុតាងថ្នាំញៀនក្លែងក្លាយម្សៅហ្មត់ពណ៌ស ទម្ងន់សរុប២៨៩៨,១ក្រាមគិតទាំងសំបកវេចខ្ចប់។ សាលាដំបូងខេត្តព្រៃវែង៖ សាលក្រមស្ថាពរ៤៩សាលក្រមមិនទាន់ស្ថាពរ៩សាលក្រម ដំណាក់កាលត្រៀមជំនុំជម្រះ១សំណុំរឿង ដំណាក់កាលស៊ើបសួរ៧សំណុំរឿង សរុប៦៦សំណុំរឿង។ វត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់សរុប៣១៤,៧១ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice) ទម្ងន់១២៧,២០ក្រាម។ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់៥០៥១,៧៧ក្រាម។ សាលាដំបូងខេត្តកំពង់ចាម៖ សាលក្រមស្ថាពរ៨៥សាលក្រម មិនទាន់ស្ថាពរ៤១សាលក្រម ដំណាក់កាលត្រៀមជំនុំជម្រះ៧សំណុំរឿង ដំណាក់កាលស៊ើបសួរ៣សំណុំរឿង សរុប១៣៦សំណុំរឿង។ វត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice)ទម្ងន់សរុប៥៨៥,១៤ក្រាម។
សាលាដំបូងខេត្តត្បូងឃ្មុំ៖ សាលក្រមស្ថាពរ១៨០សាលក្រមមិនទាន់ស្ថាពរ១២សាលក្រមដំណាក់កាលត្រៀមជំនុំជម្រះ៤សំណុំរឿង តំណាក់កាលស៊ើបសួរ៧៧សំណុំរឿង សរុប២៧៣សំណុំរឿង។ វត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន( ICE)ទម្ងន់៥២២,៧០ក្រាម។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY)ទម្ងន់សរុប០,៧២ក្រាម។ វត្ថុតាងថ្នាំញៀនក្លែងក្លាយ ថ្នាំពណ៌ក្រហមទម្ងន់សរុប៨,៧៩ក្រាម។ សរុបថ្នាំញៀនរបស់សាលាដំបូងខេត្តទាំង៤ ចំនួន២៥៣០៣,៩៩ក្រាមស្មើនឹង៤៤៥សំណុំរឿងដែលត្រូវត្រៀមដុតបំផ្លាញចោលនាពេលនេះ។ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែង កោតសរសើរ លោកចៅក្រមលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៤ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការណ៍ល្អ ជាមួយកងកម្លាំងនគបាល និងកងរាជអាវុធហត្ថខេត្ត បង្ក្រាបបទល្មើសទាន់ពេលវេលា ជាពិសេសរួមសហការគ្នាអនុវត្តន៍គោលនយោបាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើទី១ រយៈពេល៦ខែ និងបន្តអនុវត្តលើកទី២រយៈពេល៥ខែមកនេះអាជ្ញាធរជាតិប្រឆាំងបទល្មើសគ្រឿងញៀនបាន ជាង៤០០ករណី ដកហូតគ្រឿងញៀនបាន១១៦គីឡូក្រាម ចាប់ឃាត់ខ្លួនជនល្មើសបានជាង១ម៉ឺននាក់។
ដោយឡែក ការធ្វើពិធីដុតបំផ្លាញថ្នាំញៀននាឱកាសនេះសរុប២៥៣០៣,៩៩ក្រាមបើគិតជាប្រាក់ត្រូវខាតបង់ គិតជាតម្លៃអស់១លានកន្លះដុល្លារ។ ការដុតបំផ្លាញគ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះខាតបង់ប្រាក់ជាច្រើនក៏ប៉ុន្តែមានអត្ថន័យសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បើតាមរបាយការណ៍របស់សាលាដំបូងខេត្តទាំងបួនគឺអនុវត្តមានការថយចុះ ផលជាវិជ្ជមាន។ លោក អង្គ វង្សវឌ្ឍនា ក៏បានជំរុញឲ្យអាជ្ញាធរខេត្ត បន្តដឹកនាំ និងកិច្ចសហការណ៍ល្អចំពោះលោកចៅក្រមលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសមត្ថកិច្ចកងរាជអាវុធហត្ថ ស្នងការនគបាលមន្ត្រីពាក់ពន្ធ័ទាំងអស់សហការណ៍អនុវត្តគោលនយោបាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែប្រសើរថែមទៀត៕
https://youtu.be/ANqfhYldvEM
ចែករំលែកព័តមាននេះ