ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មានមនុស្ស០៣នាក់បានរងរបួស និងសត្វគោ០១ក្បាល បានងាប់ ដោយសាររន្ទះបាញ់ ខណៈលំនៅឋានរបស់ប្រជាពលរដ្ឋជិត៦០ខ្នង បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ នាដើមរដូវវស្សាឆ្នាំនេះ ដែលកើតឡើងត្រិមរយៈពេល០២ថ្ងៃជាប់ៗគ្នា ដែលប៉ះទង្គិចទៅលើស្រុកចំនួន០៤ ក្នុងខេត្តបាត់ដំបង ។
យោងតាមសេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ភ្លៀងដែលលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងខ្លាំងក្លាផង បានកើតឡើងជាបន្តបន្ទាប់ប៉ះទៅលើបណ្ដាស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង នាដើមរដូវវស្សានាឆ្នាំនេះ រហូតបង្កឲ្យមានមនុស្សរបួស សត្វពាហនៈបានងាប់ និងខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ហើយថែមទាំងប៉ះពាល់ដល់ដំណាំកសិកម្មមួយចំនួនផងដែរ ។
របាយការណ៍បឋមរបស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅរសៀលថ្ងៃទី០៥ ឧសភា ភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ បានវាយប្រហារទៅលើស្រុកចំនួន០៣ ក្នុងខេត្តបាត់ដំបង។ ១-ស្រុកសំពៅលូន ខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើភូមិមួយចំនួន ក្នុងឃុំតាស្ដា បណ្ដាលឲ្យខូចខាចលំនៅឋានចំនួន០៤ខ្នង ក្នុងនោះបានប៉ះពាល់សាលារៀនមួយខ្នងផង និងខូចខាតដំណាំកសិកម្មមួយចំនួនទៀត។
២-ស្រុកកំរៀង ខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើភូមិមួយចំនួន បណ្ដាលឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ប្រមាណ៤១ខ្នង ក្នុងនោះខូចខាតទាំងស្រុងអស់១១ខ្នង តែពុំមានគ្រោះថ្នាក់ដល់មនុស្ស ឬ សត្វទេ។
៣-ស្រុកគាស់ក្រឡ បើតាមសេចក្ដីរាយការណ៏បឋមដដែល ខ្យល់កន្ត្រាក់ បានវាយប្រហារធ្វើឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ចំនួន១១ខ្នង ក្នុងនោះ ខូចខាតទាំងស្រុងចំនួន០៣ខ្នង តែក៏ពុំមានគ្រោះថ្នាក់ដល់មនុស្ស ឬ សត្វដែរ។
ដោយឡែក សម្រាប់នៅរសៀលថ្ងៃទី ០៦ ឧសភា វិញបើតាមសេចក្ដីរាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋានដែរ បានឲ្យដឹងថា ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បន្ទរទៅដោយផ្គររន្ទះយ៉ាងខ្លាំងក្លាផង បានប៉ះទង្គិចទៅលើស្រុកចំនួន០២ គឺ ស្រុករតនមណ្ឌល និង ស្រុកសំពៅលូន ដដែលទៀត។ បើតាមសេចក្ដីរាយការណ៏ បាតុភូតធម្មជាតិ ដែលបានកើតឡើងនៅថ្ងៃទី២ នេះនៅស្រុកសំពៅលូន ហាក់ធ្ងន់ធ្ងរជាងលើកទី១ ព្រោះមានមនុស្សរហូតដល់ទៅ០៣នាក់រងរបួស ខណៈនៅស្រុករតនមណ្ឌល មានងាប់សត្វគោ០១ក្បាល ដោយសាររន្ទះបាញ់។
ប្រភពពីមន្ត្រីស្រុកសំពៅលូនបានឲ្យដឹងថា ភ្លៀងហាក់មិនសូវខ្លាំងប៉ុន្មានទេ តែបានបង្កឲ្យមានខ្យល់បោកបក់ និង ផ្គររន្ទះបាញ់គួឲ្យខ្លាច ដែលធ្វើឲ្យកម្មករបេះផ្លែស្វាយចំនួន០៣នាក់រងរបួស។ ជនរងគ្រោះទាំង០៣នាក់រួមមាន ១-ឈ្មោះ ហាច ធី ស្រីអាយុ១៦ឆ្នាំ ២-កុមារី ឈ្មោះ ព្រុំ គីមម៉ើយ អាយុ០៨ឆ្នាំ និង ៣-ឈ្មោះ ឡុច ស្រីពៅ ស្រីអាយុ៤៨ឆ្នាំ ជនរងគ្រោះរស់នៅឃុំតាស្តា ស្រុកសំពៅលូន។ មន្ត្រីដដែលបានបញ្ជាក់ថា ជនរងគ្រោះទាំង០៣នាក់ ត្រូវរន្ទះបាញ់ឲ្យរងរបួសពេលពួកគាត់កំពុងបេះផ្លែស្វាយនៅក្នុងចំការមួយកន្លែង នៅក្នុងមូលដ្ឋានរបស់គាត់។
បើតាមប្រភពដដែលបានបញ្ជាក់ថា ក្រៅពីរន្ទះបាញ់របូសមនុស្ស០៣នាក់ ពុំមានខូចខាតលំនៅឋាន ឬ ប៉ះពាល់ផលដំណាំទេ។ ដោយឡែក នៅស្រុករតនមណ្ឌល ឯណោះវិញ បើតាមសេចក្ដីរាយការណ៏បានឲ្យដឹងថា ភ្លៀងដែលនាំមកជាមួយនូវខ្យល់កន្ត្រាក់ និង ផ្គររន្ទះផង បានប៉ះទង្គិចទៅលើភូមិមួយចំនួន នៅក្នុងឃុំផ្លូវមាស។ ខ្យល់កន្ត្រាក់បានវាយបំផ្លាញលំនៅឋានរបស់ពលរដ្ឋអស់ត្រិមចំនួន០៣ខ្នង តែរន្ទះបានបាញ់សម្លាប់សត្វគោរបស់អ្នកភូមិ០១ក្បាល ប៉ុន្តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សឬផលដំណាំទេ។ នេះបើតាមរបាយការណ៏បឋមរបស់អាជ្ញាធរមូលដ្ឋាន។
យោងលើរបាយការណ៍ជាបន្តបន្ទាប់ ដែលអាជ្ញាធរបានរាយការណ៍ អំពីគ្រោះធម្មជាតិដើមរដូវវស្សាក្នុងឆ្នាំនេះ ដែលបានកើតឡើងរយៈពេល០២ថ្ងៃជាប់ៗគ្នា (០៥-០៦,០៥,២៤) បានប៉ះទង្គិចទៅលើស្រុកចំនួន០៤ខាងលើនេះ បានធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសរុបជិត៦០ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន១៤ខ្នង របួសមនុស្សចំនួន០៣នាក់ ងាប់សត្វគោ០១ក្បាល និង ខូចខាតផលដំណាំមួយចំនួន។
ប៉ុន្តែយ៉ាងណា ពេលនេះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីសាខាកាកបាទក្រហមខេត្តផង បាននិងកំពុងចុះពិនិត្យជាក់ស្ដែង ដើម្បីជួយសង្គ្រោះជាបឋមហើយ៕
ចែករំលែកព័តមាននេះ