ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ ដល់​ថ្ងៃ​​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរ​ជាតិ​ជា​មួយ​កីឡា​ករ​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃ​សៅរ៍​ទី​៩ ធ្នូ ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដល់កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​កម្មវិធី​មួយ​នេះ​បាន​បើក​ការ​ប្រកួត​សន្សំ​ពិន្ទុ និង​ជ្រើសរើស​ជើង​ខ្លាំង​ចេញពី​កម្ពុជា និង​ថៃ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃ​សៅរ៍​ទី​៩ ធ្នូ ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដល់កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​កម្មវិធី​មួយ​នេះ​បាន​បើក​ការ​ប្រកួត​សន្សំ​ពិន្ទុ និង​ជ្រើសរើស​ជើង​ខ្លាំង​ចេញពី​កម្ពុជា និង​ថៃ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះ​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​កត់សម្គាល់​យ៉ាង​ខ្លាំង ដោយសារ​តែ​ក្រៅពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​កីឡាករ​ទាំង​២ ក៏​មានការ​ប្រកួត​មិត្តភាព​របស់​កីឡាករ​កម្ពុជា និង​ថៃ​២​រូប​យ៉ាង​កក្រើក​ផង​ដែរ ។

កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង ផា​ន់ គ្រាន់ និង​កីឡាករ​ល្បីឈ្មោះ​មាស ច័ន្ទ​មាន នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​នោះ ដោយ​កីឡាករ​ផា​ន់ គ្រាន់ គឺជា​សមាសភាព​ឡើង​ប្រកួត​ដណ្ដើម​យក​ខ្សែក្រវាត់​ជាមួយ​កីឡាករ​ថៃ ហើយ​កីឡាករ មាស ច័ន្ទ​មាន គឺ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​លក្ខណៈ​មិត្តភាព ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ចុង​ក្រោយ​ដ៏​សំខាន់ និង​សុទ្ធតែ​បាន​ត្រៀមខ្លួន​ដូច​គ្នា​មុន​ពេល​ការ​ប្រកួត​ដល់កំណត់ ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួ​យស​ប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ដណ្ដើម​យក​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ ផា​ន់ គ្រាន់ គឺជា​ជើង​ខ្លាំង​វ័យក្មេង​តែ​ម្នាក់​ដែល​បាន​ឈាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ដណ្ដើម​យក​ខ្សែក្រវាត់​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ ដែល​ការ​ប្រកួត​កន្លង​មក​គឺ​មិន​ដែល​បរាជ័យ​ទេ​។ លោក​រំពឹង​ខ្ពស់​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៩ ធ្នូ ស្អែក​នេះ​នឹង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ដណ្ដើម​បាន​ជើងឯក បើ​ទោះជា​ព្រឹត្តិការណ៍​នេះ​កន្លង​មក​កីឡាករ​ថៃ​ជា​អ្នក​ក្ដោប​ក្ដាប់​បាន​ខ្សែក្រវាត់​ជើងឯក​ឡើង​២​ជំនាន់​រួច​ទៅ​ហើយ ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kong Sayam ក្នុង​នាម​ជា​គូ​ដណ្ដើម​ខ្សែក្រវាត់​ដ៏​សំខាន់​តែ​ម្ដង ដែល​នេះ​ជា​ការ​ប្រកួត​ដ៏​កក្រើក​ដែល​លោក​រំពឹង​ខ្លាំង​សម្រាប់​ថ្ងៃ​សៅរ៍​ស្អែក ។ កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ ផា​ន់ គ្រាន់ លោក​ថា​ធ្លាប់​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៥​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​រហូត​ដល់​១០២​លើក ឈ្នះ​៨៤​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក ។

សម្រាប់​កីឡាករ មាស ច័ន្ទ​មាន លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ថៃ​ដែរ តែ​ជា​ការ​ប្រកួត​ក្នុង​នាម​ជា​គូ​មិត្តភាព​ប៉ុណ្ណោះ ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phat Runthy​។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ​ក្នុង​ពេល​ដែល មាស ច័ន្ទ​មាន ដ្បិតថា​គឺជា​ម្ចាស់​ខ្សែក្រវាត់​កាលពី​មួយ​រយៈ​មុន និង​ជា​ធនធាន​កីឡាករ​វ័យក្មេង​ដ៏​កម្រ ប៉ុន្តែ​គេ​ក៏​មាន​ចំណុចខ្សោយ​ផង​ដែរ ។ ជាក់ស្ដែង​គេ​ឈ្នះ​ជា​ប្រចាំ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក ទើប​មានមុខ​បាន​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គេ​គឺជា​កីឡាករ​វ័យ

ក្មេង ប៉ុន្តែ​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៨​លើក ឈ្នះ​៥៨​លើក ចាញ់​១០​លើក និង​មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​រហូត​ដល់​១២៧​លើក ឈ្នះ​៩៥​លើក ចាញ់​តែ​២៨​លើក និង​ស្មើ​៤​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ខណៈ​ដែល​នៅ​ប៉ុស្តិ៍​លេខ​៥ ត្រូវ​បាន​ផ្អាក​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​៨​នាក់​យក​៤​នាក់​ស​ប្ដា​ហ៍​ទី​២ ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ដោយ​ដាក់​ជំនួស​កម្មវិធី​ប្រដាល់​អន្តរជាតិ​មួយ​ផ្សេង​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​កវិញ ។ ទោះបី​យ៉ាងណា នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ស្ថិត​នៅ​ព្រែក​កំ​ពិស នឹង​ដំណើរការ​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ខ្លួន​នៅស​ប្ដា​ហ៍​ក្រោយ​វិញ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ