ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ០៥ភូមិ នៅឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ និងសង្កាត់ព្រៃអង្គុញ អំពាវនាវដល់អាជ្ញាធរខេត្តមេត្តាជួសជុលផ្លូវ១ខ្សែ ប្រវែង១២គីឡូម៉ែត្រ ដែលកំពុងស្រុតខូចស្ទើរទាំងស្រុងក្លាយ ជារណ្តៅល្បប់ដីឥដ្ឋ ហើយរអិលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ពុំទាន់មានស្ថាប័នណាមកជួសជុលទេ។ ការអំពាវនាវនេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ធ្នូ ២០១៧ នៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។ បើតាមលោកតាម្នាក់វ័យ៧៥ឆ្នាំ រស់នៅភូមិរាមជោ បានឲ្យដឹងថា ផ្លូវលំ១ខ្សែដែលប្រជាពលរដ្ឋសំណូមពរសុំឲ្យអាជ្ញាធរខេត្តជួយជួសជុលមានប្រវែងប្រមាណជាង១០គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន៥ ក្នុងនោះមានភូមិរាមជោ ភូមិកណ្តាល ឃុំស្វាយតាយាន និង ភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខូចខ្លាំងជាងគេ។
ប្រភពដដែលបន្តទៀតថា ផ្លូវលំមួយខ្សែនេះបំបែកចេញពីកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៨-៥០០ ខ្លោងទ្វារវត្តរាមជោ ខាងលិចផ្សារជីភូ២០០ម៉ែត្រ ជាប់ធនាគារ អេស៊ីលីដា ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត កាត់ទៅភូមិរាមជោ ឆ្ពោះទៅដល់ផ្លូវខេត្តលេខ២១៤.C ប្រវែងជាង១០គីឡូម៉ែត្រ។ ផ្លូវនេះ គឺប្រជាពលរដ្ឋ ក្នុងភូមិចំនួន០៤ ឃុំស្វាយតាយាន ធ្វើដំណើរឡើងមកផ្លូវជាតិលេខ១ មកផ្សារជីភូ និងបញ្ជូនសមាជិកគ្រួសារមានជំងឺ ឬមានផ្ទៃពោះឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកជីភូ និងសិស្សានុសិស្ស មករៀននៅវិទ្យល័យ ហ៊ុនសែន ជីភូ ពិបាកធ្វើដំណើរយ៉ាងខ្លាំង។ សព្វថ្ងៃប្រជាពលរដ្ឋបានកាប់កូនឈើ ដាក់ធ្វើស្ពាន ក្រាលលើផ្លូវដែលខូចខ្លាំងដើម្បីដើរ និងជិះកង់ម៉ូតូ ហើយមានក្មេងចាស់ក្នុងភូមិមកកាយផ្លូវពង្រាបរួច សុំអង្គាសប្រាក់ពីអ្នកធ្វើដំណើរ។ ដោយជួបការពិបាកធ្វើដំណើរនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវសុំឲ្យអាជ្ញាធរខេត្តមេត្តាចុះមកពិនិត្យ និងដោះស្រាយជួសជុលផ្លូវ១ខ្សែនេះបានប្រជាពលរដ្ឋសិស្សានុសិស្សធ្វើដំណើរបានស្រួលផង។
ទាក់ទិនករណីនេះដែរ មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានប្រាប់អ្នកសារព័ត៌មានថា មន្ទីរគ្រប់គ្រងបណ្តាញផ្លូវជាតិផ្លូវខេត្ត និងផ្លូវក្រុងចំនួន១១០ខ្សែប៉ុណ្ណោះ។ ក្នុងនោះផ្លូវខេត្តចំនួន៥០ខ្សែ និងផ្លូវក្រុងចំនួន៦០ខ្សែ ហើយផ្លូវលំជនបទមួយចំនួនទៀតគឺគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយឡែកផ្លូវបំបែកពីផ្លូវជាតិលេខ១ត្រង់គីឡូម៉ែត្រលេខ១៤៨ ត្រង់ខ្លោងទ្វារវត្តរាមជោ ឆ្ពោះទៅដល់ផ្លូវខេត្តលេខ២១៤C នោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀងទេ សូមទាក់ទងទៅអាជ្ញាធរដែនដីនិងអង្គភាពគ្រប់គ្រងមកជួសជុលទៅ៕
ចែករំលែកព័តមាននេះ