ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន រក​ឃើញ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ខេត្តតាកែវ ល្មើសច្បាប់​បរិស្ថាន

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន តាម​រយៈ​ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន សហការ​ជាមួយ​និង មន្ទីរ​បរិស្ថាន​ខេត្តតាកែវ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន តាម​រយៈ​ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន សហការ​ជាមួយ​និង មន្ទីរ​បរិស្ថាន​ខេត្តតាកែវ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​រក​ឃើញ រោងចក្រ​កាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិ​ន​នៅ​ភូមិ​កំ​ប៉ោ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ បាន​ដុត​កម្ទេច​ក្រណាត់ និង​ប្រេងម៉ាស៊ូត លាយ​ជាមួយ​អុស សម្រាប់​ក្នុង​ឡ និង​បាន​បញ្ចេញ​ផ្សែង​ខ្មៅ និង​ក្លិន​ឈ្ងៀម ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

ករណី​នេះ គឺ​ល្មើស​នឹង​មាត្រា ១៦១ និង​មាត្រា ៦៩៤ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​។ លើស​ពី​នេះ រោងចក្រ​ពុំ​បាន​រៀបចំ​របាយការណ៍​អង្កេត​តាមដាន​បរិស្ថាន ក្នុង​រយៈពេល​៦​ខែ​ម្តង ដូច​មាន​ចែង​ក្នុង​កិច្ចសន្យា​ការពារ​បរិស្ថាន គឺ​ល្មើស​នឹង​មាត្រា ៦៩៤ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ។

ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​វិធានការ​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​នេះ តម្រូវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​យក​កម្ទេច​ក្រណាត់ ទៅ​ដុត​ក្នុង​ឡ និង​តម្រូវ​ឲ្យ​រៀបចំ​ត​បំពង់ផ្សែង​ឡ ឲ្យ​បាន​ខ្ពស់​ផុត​ឡើង​លើ​ថែម​ទៀត ដើម្បី​កុំ​ផ្សែងហុយ​ធ្លាក់​ទៅ​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទៀត​។ លើស​ពី​នេះ​ក្រសួងបរិស្ថាន បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន រៀបចំ​របាយការណ៍​អង្កេត​តាមដាន​បរិស្ថាន ទៅ​តាម​ការ​កំណត់​។ ក្រុមហ៊ុន​ត្រូវ​រង​ពិន័យ​អន្តរការណ៍ អនុលោម​តាម​មាត្រា ៨២៦ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ។

ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ​ដល់​បណ្តា​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ទាំងឡាយ​ណា ដែល​បាន​គោរព​ច្បាប់បរិស្ថាន​ត្រឹមត្រូវ និង​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន ដែល​បាន​រាយការណ៍​ពី​ករណី​បំពុលបរិស្ថាន​នៅ​កម្ពុជា​។

ក្រសួងបរិស្ថាន​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​សាមគ្គី​គ្នា​បន្ត​ទៀត ដើម្បី​ទប់ស្កាត់​ការ​បំពុល​ដី បំពុល​ទឹក និង​លើ​មេឃ ដើម្បី​កម្ពុជា​មាន​ភាព​ស្អាត ប្រជាពលរដ្ឋ​និង​បរិស្ថាន​មាន​សុខភាព​ល្អ និង​កម្ពុជា​មាន​ភាព​ស្អាត​លើ​ឆាក​អន្តរជាតិ ដែល​ទាក់ទាញ​អ្នក​ទេសចរណ៍ និង​អ្នក​វិនិយោគ​មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ