ខេត្តកណ្តាល ៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មានមួយចំនួន ស្តីពីសកម្មភាពរបស់បុគ្គលចំនួន ២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹកស្បោងសំរាម សំណល់រឹង និងបុគ្គលម្នាក់ទៀត បានយកសំរាមក្នុងស្បោងសំរាមជាច្រើននៅលើរ៉ឺម៉ក បោះចូលទៅក្នុងស្ទឹងព្រែកត្នោត ចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។ ករណីនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ។
ក្រសួងបរិស្ថាន សូមធ្វើការថ្កោលទោសចំពោះបុគ្គល ដែលបានបោះសំរាមចោលក្នុងទឹកស្ទឹងព្រែត្នោត ជាមួយគ្នានេះ ក្រសួងបរិស្ថាន ស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ ចំពោះអ្នក ដែលបានប្រព្រឹត្តល្មើសច្បាប់ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំពោះករណីខាងលើនេះ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកបុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់ យកមកធ្វើការអប់រំ និងចាត់ការតាមនីតិវិធីច្បាប់ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យបុគ្គលដែលបានប្រព្រឹត្តល្មើស ចេញមកសារភាព និងទទួលស្គាល់កំហុសចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងបញ្ឈប់ការដឹកសំណល់រឹង ទៅចោលផ្តេសផ្តាស់ ដូចជាបោះចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈ ដែលនាំឱ្យមានការបំពុលទឹក ប៉ះបាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានជាបន្តទៀត ។
យោងតាមប្រសាសន៍អ្នកនាំពាក្យ បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ ស្តពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ។ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៣០ ចំណុច១ ហាមឃាត់បណ្ដាច់ខាតការចោលសម្រាប់ប្លាស្ទិក នៅតាមផ្លូវទីសាធារណៈ ទីវាល ប្រព័ន្ធលូ ប្រភពទឹកសាធារណៈ។ មាត្រា២១៨ ត្រង់ចំណុច១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិក៏មានចែង ហាមឃាត់ដាច់ខាតការបោះចោលសំរាម សំណល់រឹងទីប្រជុំជន នៅតាមដងផ្លូវ ទីសាធារណៈ និងទីវាល ប្រព័ន្ធទឹកលូប្រឡាយទឹក ប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិ ដែលមិនត្រូវបានអនុញ្ញាត ជាកន្លែងស្តុកទុកសំរាម ជាបណ្ដោះអាសន្ន ឬជាកន្លែងទុកដាក់ចុងក្រោយ ៕



ចែករំលែកព័តមាននេះ