រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកម្នាក់បានបើកម៉ូតូវីវ៉ា ពណ៌ខ្មៅ មួួយគ្រឿងយ៉ាងលឿនជ្រុលចង្កូតទៅធ្លាក់ជង្ហុក បណ្តាលឱ្យម៉ូតូនិងមនុស្សខ្ទាត់ជាង៣០ម៉ែត្រ បោកក្បាលទៅលើថ្នល់ដេកដួលក្នុងថ្លុកឈាម កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី៧ វិច្ឆិកា តាមបណ្តោយផ្លូវបេតុងក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បុរសរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ។
យោងតាមសម្តីលោកសិុន សុវណ្ណ នាយរងផ្នែកសណ្តាប់ធ្នាប់ចរចរណ៍ជើងគោក ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូវីវ៉ា ពណ៌ខ្មៅបើកបរដោយបុរសស្រវឹងជោកម្នាក់បានបើកម៉ូតូយ៉ាងលឿនតាមផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់កន្លែងកើតហេតុម៉ូតូបានធ្លាក់ជង្ហុក បណ្តាលឱ្យម៉ូតូនិងបុរសនោះខ្ទាត់ប្រវែងជាង៣០ម៉ែត្រ ដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរដេកក្នុងថ្លុកឈាមនៅកណ្តាលផ្លូវ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះជួយហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ម៉ូតូត្រូវប៉ូលិសចរាចរយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ