រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងដឹកផ្លែឈើ មួយគ្រឿង បានបើកបុករថយន្តដឹកខ្សាច់ បើកឆ្លងផ្លូវបណ្ដាលឲ្យខ្ទេចមុខហើយអ្នកបើកបររថយន្តសាំយ៉ុង បានគៀបជាប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៦អា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកសាំយ៉ុងក្បាល ពណ៌ស និងតូពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-2538 មួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6អា ក្នុងទិសដៅពីជើងមកត្បូង ចូលរាជធានីភ្នំពេញ។ នៅពេលធ្វើដំណើរមកដល់ចំណុចស្ពានលេខ១០ ក៏បានបុករថយន្តដឹកខ្សាច់មួយគ្រឿង ដែលបើកឆ្លងផ្លូវកាត់មុខពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមុខហើយស្រុញ ជាប់អ្នកបើកបររងរបួសធ្ងន់ ។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបររថយន្តដឹកខ្សាច់ ក៏បានបើកគេចខ្លួនបាត់បន្សល់ទុករថយន្តដឹកផ្លែឈើរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរបានរងរបួស ត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តបញ្ជូនទៅសង្គ្រោះ ។
បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបរក៏បានទាក់ទងហៅបងប្អូនមកសេងផ្លែឈើ និងបានដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរករថយន្តដឹកខ្សាច់ដែលគេចបាត់ ៕


ចែករំលែកព័តមាននេះ