ខេត្តកំពង់ស្ពឺ ៖ ជនជាតិចិនចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ បន្ទាប់ពីជួបគ្រោះថ្នាក់រថយន្តឡង់គ្រីស្ស័រក្រឡាប់នៅលើផ្លូវល្បឿនលឿន និងធ្លាក់ពីលើផ្លូវ ។

គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៥នាទីយប់ថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចK៦៦+៩០០ ក្នុងទិសដៅទៅរាជធានីភ្នំពេញស្ថិតក្នុងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ។នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា រថយន្តឡង់គ្រីស្ស័រនេះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ២BG-៧៧៥៥ អ្នកបើកបរឈ្មោះ Xu Ping Jianភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ រួមដំណើរដោយជនជាតិចិនប្រុសស្រីចំនួន២នាក់ ស្នាក់នៅខេត្តព្រះសីហនុដែរ ៖

១-ឈ្មោះ Niu Ai Qing ភេទស្រី អាយុ ៣៥ឆ្នាំ ។២-ឈ្មោះ Xiang Chun ភេទប្រុស អាយុ៣១ឆ្នាំ ។ រថយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿនពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចខាងលើ ស្រាប់តែជួបឧប្បត្តិហេតុបែកកង់ក្រោយផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្តរេចង្កូត ទៅបុករនាំងការពារផ្លូវ រួចក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវ ។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ថ្លែងថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើររបួសស្រាល ។ លោកអធិការបន្តថា ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្ដយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិ
វិធី ៕

ចែករំលែកព័តមាននេះ