រាជធានីភ្នំពេញ ៖ លោកតាម្នាក់ បានជិះកង់ ១គ្រឿង ចេញពីផ្ទះទៅសុំសីលនៅវត្ត ប៉ុន្តែជាអកុសល ពេលជិះកង់ឆ្លងផ្លូវចូលទៅក្នុងវត្ត ក៏ស្រាប់តែមានរថយន្តទ្រុងម៉ាក HIYUNDAI ១គ្រឿង បើកទៅដល់បុកពីក្រោយ រួចកិនបណ្តាលបែកក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និ២០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅលើផ្លួវជាតិលេខ៣ ត្រង់ចំណុចមុខវត្តទឹកថ្លា ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកតារងគ្រោះរូបនោះឈ្មោះ នុយ សេងរ៉ាត់ អាយុ៧០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែករថយន្តបង្កម៉ាក HIYUNDAI ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3B-5578 ជាប្រភេទទ្រុងឃ្លុបដឹកអីវាន់ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុលោកតា នុយ សេងរ៉ាត់ បានជិះកង់ ១គ្រឿង ចេញពីផ្ទះទៅសុំសីលនៅវត្តទឹកថ្លា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់មុខវត្ត ក៏បានជិះកង់ឆ្លងផ្លូវចូលទៅវត្ត ក៏ត្រូវរថយន្ត ១គ្រឿង ម៉ាក HIYUNDAI ខាងលើបើកស្របគ្នាទៅដល់ បុកពីក្រោយពេញទំហឹង រួចកិនបណ្តាលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុបុរសអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួន ចោលរថយន្ត បាត់ស្រមោល បន្ទាប់មកនគរបាលប៉ុស្តិ៍ក្រាំងពង្រ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោ ។ ព្រមទាំងកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង និងពិនិត្យកាមេរ៉ាសុវត្ថិភាព នៅទីតាំងកើតហេតុខាងលើ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររថយន្តបង្ក និងឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ