រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ ១គ្រឿង របស់ក្រុមហ៊ុនដឹកជញ្ជូន (KH) បានឈប់ចតចោលអែបនៅលើផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញាចរាចរណ៍ ដើម្បីឲ្យអ្នកដំណើរទាំងឡាយមានការប្រុងប្រយ័ត្នអ្វីទាំងអស់ ជាហេតុធ្វើឲ្យរថយន្តម៉ាកតូយ៉ូតាព្រូស ១គ្រឿង ទៅដល់ជ្រុលទៅបុកពីក្រោយពេញទំហឹង រួញ១កំណាត់មុខ គាបជាប់គ្នាបេះអត់ចេញ។ បណ្តាលឲ្យបុរសអ្នកជិះក្នុងរថយន្តតូយ៉ូតាព្រូស ម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ចំណែកអ្នកបើកបររបួសស្រាល ។ ពេលឃើញបែបនេះ អ្នកបើករថយន្តកុងតឺន័រ ១គ្រឿងនេះ កំពុងស្ថិតនៅជិតនោះដែរ បានរត់ទៅឡើងបើករថយន្ត គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែខណៈពេលបើកចេញ បានអូសរថយន្តតូយ៉ូតាព្រូស ដែលគាប់ជាប់ជាមួយកាងក្រោយរថយន្តកុងតឺន័ររបស់ខ្លួន ទៅជាមួយអត់របូត ទើបអ្នកបើកបររូបនោះ ឈប់រួចចុះរត់ចោលរថយន្តបាត់តែម្ដង ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅលើមហាវិថី ឈ្នះ ឈ្នះ ជិតផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះឈ្មោះ ឈាង ផល្លា ភេទប្រុស អាយុ ជាង២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង។ ជិះរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AU-9482 ហើយអ្នកបើកមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ រងរបួសស្រាល។ ដោយឡែក រថយន្តកុងតឺន័រ ដែលឈប់ចតចោលអែបលើផ្លូវ គ្មានស្លាកសញ្ញានោះពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-1325 ជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន (KH) បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុរថយន្តកុងតឺន័រ បានបើកបរធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានអែមខាងរួចឈប់ពន្លត់ម៉ាស៊ីន ហើយអ្នកបើកបរបានចុះដើរចេញទៅបាត់ ដោយមិនបានដាក់ស្លាកសញ្ញាចរាចរណ៍ សម្រាប់ឲ្យអ្នកដំណើរនានាប្រុងប្រយ័ត្ននោះទេ។ ក្រោយមករថយន្តតូយ៉ូតាព្រូស បើកស្របគ្នាក៏បានទៅដល់
ជ្រុលចង្កូតទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរួញ ១កំណាត់មុខខ្លួនឯង និងគាបជាប់ជាមួយកាងក្រោយរថយន្តកុងតឺន័រនោះទាញចេញអត់រួច បណ្តាលឲ្យអ្នកជិះក្នុងរថយន្តព្រូសរងរបួសធ្ងន់បាក់ភ្លៅ បន្ទាប់មកក្រុមសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះ រីឯអ្នកបើកបររងរបួសស្រាល ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលឃើញបែបនេះអ្នកបើកបររថយន្តកុងតឺន័របង្កខាងលើដែលកំពុងស្ថិតនៅជិតនោះស្រាប់ បានឡើងបើករថយន្តនះគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយសារតែគាបជាប់រថយន្តព្រូសពីក្រោយអត់របូត ទើបបើកចេញបានបន្តិចក៏ឈប់វិញ រួចអ្នបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងរួចនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕





ចែករំលែកព័តមាននេះ