ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោងជាង០៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីថៃបានបិទជាឯកតោភាគី នូវច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកស្ទឹងបត់ ព្រមទាំងច្រកទ្វារតំបន់ និងច្រករបៀងដទៃទៀតផងដែរ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នាល្ងាចថ្ងៃនេះថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានភាគីថៃ បិទនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ ។
សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃបានបិទនៅវេលាម៉ោងប្រមាណ៤និង១៦នាទីរសៀលថ្ងៃនេះ ហើយពួកគេថា ចាប់ពីថ្ងៃស្អែក នឹងបើកនៅវេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង៤រសៀល ។ សម្រាប់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោកអភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ថា ថៃនឹងសម្រួលជូនរហូតដល់ម៉ោង៨យប់ថ្ងៃនេះ ។
ដោយឡែក ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិ និងច្រកតំបន់ បានឲ្យដឹងថា មុនម៉ោង៤ល្ងាច ប្រជាពលរដ្ឋថៃ ដែលធ្វើការនៅក្រុងប៉ោយប៉ែត បាននាំគ្នាសម្រុកចេញទៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រជាពលរដ្ឋខ្មែរ ដែលជាអាជីវករផ្សារ រ៉ុងក្លឿ ក៏បានសម្រុកចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកកម្ពុជាវិញដែរ ប៉ុន្តែការសម្រុកចេញ-ចូលនេះ នៅមិនទាន់អស់នៅឡើយទេ ក៏ត្រូវបានភាគីថៃ ទាញរបងបិទច្រកទ្វារនេះ នៅវេលាម៉ោង៤រសៀលថ្ងៃនេះតែម្ដង ៕




ចែករំលែកព័តមាននេះ