រាជធានីភ្នំពេញ ៖ ថៃបានប្រកាសបិទច្រករបៀងជាមួយកម្ពុជាជាបណ្តោះអាសន្ន ដោយរង់ចាំការចរចារវាងបញ្ហាព្រំដែន នៅថ្ងៃទី១៤ មិថុនា ខាងមុខនេះ ។
យោងតាមលិខិតជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជាបានបដិសេធ មិនព្រមចរចា៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សេចក្ដីជូនដំណឹងបញ្ជាក់បន្ថែមថា ច្រកតំបន់ ច្រករបៀងនៅតាមបណ្ដាខេត្តនានាជាប់ព្រំដែនថៃ-កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ ៕


ចែករំលែកព័តមាននេះ