រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា រហូតមកដល់ពេលនេះ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស។

ឯកឧត្តមជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបទេសកម្ពុជបានឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនាយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថារហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថាទន្ទឹមនឹងនេះ ខ្ញុំកំពង់រងចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ ចំពោះព័ត៌មានអំពី ការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ខាងលើនេះ ។
សូមជម្រាបថាថៃបានប្រកាសបិទច្រករបៀងជាមួយកម្ពុជាជាបណ្តោអាសន្នដោយរងចាំការចរចារវាងបញ្ហាព្រំដែននៅថ្ងៃទី១៤ មិថុនា ខាងមុខនេះ។
យោងតាមលិខិតជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥បានឲ្យដឹងថាបន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវបានឱ្យដឹងថាចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សេចក្ដីជូនដំណឹងបញ្ជាក់បន្ថែមថា ច្រកតំបន់ ច្រករបៀងនៅតាមបណ្ដាខេត្តនានាជាប់ព្រំដែនថៃ-កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ៕
ចែករំលែកព័តមាននេះ