រដ្ឋធានីវ៉ាស៊ីនតោន ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរ(កម្ពុជា-សហរដ្ឋអាម៉េរិក) បានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ កិច្ចប្រជុំចរចាជុំទី៣ នឹងបន្តធ្វើឡើងនាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាមួយភាគីសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។
ក្នុងកិច្ចប្រជុំចរចាជុំទី១នេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាស យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ។
ប្រភពបានបញ្ជាក់ថា «ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន»។ ក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ ហើយកិច្ចប្រជុំចរចាជុំទី៣ នឹងបន្តធ្វើឡើងនាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ៕


ចែករំលែកព័តមាននេះ