ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​កង​យោធពលខេមរភូមិន្ទ​បើក​ការ​ប្រកួត​ជា​លើក​ទី​2​នៅ​កោះ​ពេជ្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​កង​យោធពលខេមរភូមិន្ទ​រដូវ​កាល​ទី​២ ដែល រៀបចំ​ឡើង​ដោយ​ក្រសួងការពារជាតិ ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា គ្រោង​បើក​ការ​ប្រកួត​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៥​ដល់ទី​៧ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​កង​យោធពលខេមរភូមិន្ទ​រដូវ​កាល​ទី​២ ដែល រៀបចំ​ឡើង​ដោយ​ក្រសួងការពារជាតិ ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា គ្រោង​បើក​ការ​ប្រកួត​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៥​ដល់ទី​៧ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ ។ នេះ​បើ​យោង​តាម​មហាសន្និបាត​ដែល​រៀបចំ​ឡើង​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

លោក​ឧត្ត​សេនីយ៍​លឹ​ម ផា​ន់​ភារៈ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​បានឱ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍​​កីឡា​កង​យោធពលខេមរភូមិន្ទ​នេះ ធ្វើ​ឡើង​ដើម្បី​អបអរ​ទិវា​រំដោះជាតិ​៧​មក​រា ប្រមូល​មូលនិធិ​ជួយ​ដល់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា បំផុស​ពី​តួនាទី​របស់​កង​យោធ​ពលខេមរភូមិន្ទ ឱ្យ​មហាជន​បាន​ស្គាល់ និង​ដើម្បី​បង្កើត​សហ ប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អ​រវាង​កងទ័ព​និង​មហាជន ។ ម្យ៉ាងវិញទៀត ការ​ប្រកួត​នេះ​ដើម្បី​បង្ហាញ​សារ​ពី​បញ្ហា​គ្រឿង​ញៀន​ផង និង​ជំរុញ​ឱ្យ​មានការ​គោរព​ច្បាប់​ចរាចរណ៍​ផង ។

តំណាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​រូប​នេះ​បន្ត​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​អស់​រយៈពេល​៦​ខែ​មក​ហើយ សម្រាប់​ដំណើរការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​រដូវ​កាល​ទី​២​នេះ ដោយ​លោក​សង្ឃឹមថា នឹង​មាន​មហាជន​ចូលរួម​កាន់តែ​ច្រើន​ជាង​រដូវ​កាល​ទី​១​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ។ នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​នេះ​ផង​ដែរ ក៏​មានការ​បង្ហាញ​ពី​សម្ភារ​ក៏​ដូច​ជា​ទំនើប​កម្ម​របស់​កង​យោធពលខេមរភូមិន្ទ​ទាំង​៣​ប្រភេទ​ដូច​ជា​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស​ដោយ​មាន​សាងសង់​ទីបញ្ជាការ​សិប្បនិមិត្ត មានព្រៃ​សិប្ប​និមិត្ត ព្រមទាំង​បង្ហាញ​មហាជន​ពី​លេណដ្ឋាន​ពិត​ៗ​នៅ​សមរភូមិ​ជួរ​មុខ​របស់​កងទ័ព​ទៀត​ផង ។

សម្រាប់​ការ​ប្រកួត​នេះ​មានការ​បែងចែក​ជា​២​ប្រភេទ​កីឡា​គឺ​ទី​១​កងកម្លាំង​ដែល​មាន​កាយ​សម្បទា​មាំមួន សុខភាព​ល្អ ហើយ​ក៏​មាន​បើក​ឱ្យ​មហាជន​ចូលរួម​ដែរ និង​ទី​២​គឺ​ការ​ប្រកួត​បែប​មហាជន​សុទ្ធសាធ​តែ​ម្ដង​ដោយ​ប្រកួត​លើ វិញ្ញាសា​តក​ម្ម៉​ង់​ដូ​ចម្ងាយ​៣​គីឡូ​ម៉ែត្រ សែង​ហ្វ្រ​ង់​កា​១​គីឡូម៉ែត្រ​ផ្ទុក​ទម្ងន់​៥០​គីឡូក្រាម​ឆ្លងកាត់​ឧបសគ្គ​សម្រាប់​កងទ័ព រីឯ​មហាជន​ធ្វើ​ឡើង​ដូច​គ្នា​ប៉ុន្តែ​មាន​លក្ខណៈ​ធូរស្រាល​បន្តិច​គ្រប់​ផ្នែក​ទាំងអស់​ដោយ​ក្នុង​១​ក្រុម​មាន​គ្នា​យ៉ាងតិច​១២​នាក់​ក្រោម​ការ​ដាក់​ពិន្ទុ​យ៉ាង​ច្បាស់លាស់​ដោយ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​​នា​ពេល​កន្លង​មក​ថា ការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​នេះ​ក៏​ជា​ចលនា​កីឡា​មួយ​ដើម្បី​បំផុស​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​លេង​កីឡា​មិន​ថា​នៅ​ក្នុង​ជួរ​កងទ័ព​ឬ​មហាជន​នោះ​ទេ ។ គ្រាន់តែ​កីឡា​កង​យោធ​ពល​ខេមរភូមិន្ទ​មាន​វិញ្ញាសា​ខុស​ប្លែក​ពី​មហាជន​ធម្មតា​ប៉ុណ្ណោះ តែ​ទទួល​បានការ​អប់រំ​ផ្នែក​ផ្លូវ​កាយ​និង​ចិត្ត​ដូច​គ្នា ព្រោះ​ទាមទារ​ឱ្យ​មានការ​អំណត់ ព្យាយាម​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដ៏​ល្អ​តាម​ក្រុម​នីមួយ​ៗ ។ ដូច្នេះ​បើ​បេក្ខជន​ណា​មាន​បំណង​ចង់​ចូលរួម​ប្រកួត​អាច​មក​ចុះ​ឈ្មោះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​នៅ​ភោជនីយ​ដ្ឋាន One More ក៏​ដូច​ជា​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ