ផ្លូវលំ​ខូច​ក្នុង​ឃុំ​ជ្រេ​ស អាជ្ញា​ធរមាន​គម្រោង​រៃ​ប្រាក់​ពី​ពលរដ្ឋ


ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​សរុប​ជាង​១១​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច បាន​ទទួល​រង​នូវ​ការ​ខូចខាត ដោយ​កើតជា​ជង្ហុក​សំបុកមាន់ មិន​អាច​ឲ្យ​ការ​ធ្វើ​ដំណើរ​បាន​ស្រួល​ឡើយ ហើយ​ថ្មី​ៗ​នេះ អាជ្ញាធរ​ឃុំ រួម​ជាមួយ​ក្រុមការងារ​គណបក្ស ចុះ​ជួយ​មូលដ្ឋាន​ខាងលើ បាន​កោះ​ប្រជាពលរដ្ឋ​ប្រជុំ​ដើម្បី​ដាក់​ផែនការ​រៃ​លុយ​ពី​ប្រជាពលរដ្ឋ ដោយ​យក​តម្លៃ​តាម​គ្រួសារ ដែល​យានយន្ត​ប្រើប្រាស់ ធ្វើ​ឲ្យ​ពួក​គាត់ ហាក់​មិន​សប្បាយចិត្ត មិន​គួរ​មក​រៃ​អង្គាសប្រាក់​ពី​ពួក​គាត់​ឡើយ ហេតុនេះ​ពួក​គាត់​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ជួសជុល​ផ្លូវ​ក្នុង​ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច​នេះ​ផង​។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ផ្លូវលំ​ក្នុង​ឃុំ​ជ្រេ​ស ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ចុះ​ទៅ​មាត់​កំពង់ទឹក កាត់​តាម​ភូមិ​ដក​ស្និត ភូមិ​ជំទាវ និង​ភូមិ​តា​សំ រួម​នឹង​ផ្លូវ​ខ្វែង​ទទឹក​កាត់​ទៅ​ភូមិ​ក្បាលដំរី ស្ថិត​ក្នុង​ឃុំ​ជ្រេ​ស មាន​ប្រវែង​សរុប​ជាង​១១​គីឡូម៉ែត្រ បាន​រង​ការ​ខូចខាត កើតជា​ជង្ហុក​សំបុកមាន់​ដូច​រន្ធ​បាយខុំ មិន​អាច​ធ្វើ​ដំណើរ​បាន​ស្រួល​ឡើយ ហើយ​ត្រូវ​ចំណាយ​ពេលវេលា ក្នុង​ការ​ធ្វើ​ដំណើរ​យូរ ហើយ​បើ​ប៉ះ​ចំ​ត្រូវ​ដឹក​អ្នកជំងឺ​ទៅ​សង្គ្រោះ ឬ​ដឹក​ស្ត្រី​ឆ្លងទន្លេ​ជាដើម ពិតជា​ជួប​ការ​លំបាក​ខ្លាំង​ជា​ពុំខាន​។

ថ្មី​ៗ​នេះ អាជ្ញា​មូលដ្ឋាន​បាន​កោះហៅ ប្រជាពលរដ្ឋ​ប្រជុំ នៅ​សាលាឃុំ ហើយ​ដាក់​ផែនការ​រៃ​ប្រាក់​ពី​ប្រជាពលរដ្ឋ ដោយ​យក​លុយ​តាម​ផ្ទះ​ដែល​មាន​យានយន្ត​ប្រើប្រាស់ ដូច​ជា​ម៉ូតូ​១​គ្រឿង យក​១​ម៉ឺន​រៀល គោ​យន្ត​១​គ្រឿង​យក​៣​ម៉ឺន​រៀល រថយន្ត​ធុន​តូច យក​៥​ម៉ឺន​រៀល រថយន្ត​កូរ៉េ​ដឹក​កម្មករ​យក​១០​ម៉ឺន​រៀល និង​ធំ​ជាង​នេះ​យក​១៥​ម៉ឺន​រៀល ហើយ​បើ​ផ្ទះ​ខ្លះ​មាន​ម៉ូតូ​៣​គ្រឿ​តយ​ក​៣​ម៉ឺន​រៀល​ជាដើម ។ ពួក​គាត់​ហាក់​មិន​សប្បាយចិត្ត​សោះ រឿង​រៃ​លុយ​ច្រើន​ៗ​បែប​នេះ ពួក​គាត់​កំពុង​ជួប​ការ​ខ្វះខាត​ផង បើ​តិច​តូច​ដូច​ប្រាក់​បដិភាគ​ឃុំ​មួយ​គ្រួសារ​១​ពាន់​រៀល គាត់​មិន​ថា​ទេ​។ ហេតុនេះ គាត់​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ធ្វើ​ផ្លូវ​ក្នុង​ឃុំ​ជ្រេ​ស​នេះ​ផង សូមកុំ​រៃ​លុយ​ពី​ប្រជាពលរដ្ឋ​បែប​នេះ​។ ជុំវិញ​បញ្ហា​នេះ​ដែរ លោក ឈឹ​ម វុ​ទ្ធា អភិបាលស្រុក​រលាប្អៀរ បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​លោក​មិន​បានដឹង​ទេ​។

តែ​តាម​លោក​ដឹង កាលពី​កិច្ចប្រជុំ​វេទិការ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​កាលពី​ពេល​កន្លង​ទៅ ក៏​មាន​ប្រជាពលរដ្ឋ​បាន​លើក​សំណូមពរ​ឲ្យ​ជួសជុល​ផ្លូវ​នេះ​ដែរ ហើយ​កាលនោះ ខាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​ទទួលយក​សំណើ​នេះ​ទៅ​ពិភាក្សា​ហើយ មិន​ទាន់​ដឹង​ថា​បាន ឬ​មិន​បាន​ទេ​។ ចំពោះ​ការ​រៃ​ប្រាក់​នោះ លោក​ថា វា​មិន​ខុស​ទេ​ឲ្យ​តែ​មានការ​ស្ម័គ្រចិត្ត មិន​បង្ខំ​។ រឿង​នេះ​ប្រហែល​ពួក​គាត់​ចង់បាន​ការ​ជួសជុល​ឆាប់​ទេ​ដឹង ព្រោះ​បើ​រង់ចាំ​ប្រាក់​មូលនិធិ​ឃុំ ឬ​ការ​ជួសជុល​របស់​មន្ទីរ​អភិវឌ្ឍន៍ ក្រែង​វា​យូរ​។ លោក​ក៏​បាន​បញ្ជាក​ដែរ​ថា ផ្លូវ​នេះ​ខូច​ដោយសារ​កាលពី​ខែវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន គួប​ផ្សំ​នឹង​មាន​រថយន្ត​ដឹក​កម្មករ​ជា​ច្រើន​គ្រឿង ទាំង​យប់​ទាំង​ថ្ងៃ​ផង​ទើប​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បែប​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​ថា មិន​គួរ​រៃ​ប្រាក់​ច្រើន​ពី​ពួក​គាត់​បែប​នេះ​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ