ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកមាសាច់ថ្លៃម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទសង្ស័យ
ថា បានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីជាក្មួយ និងកូនចុងរបស់ខ្លួនបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ ។ រឿងរ៉ាវនេះត្រូវបានបែកការណ៍នៅពេលដែលបុរសល្មោភកាមនោះប្រុងធ្វើសកម្មភាពចាប់រំលោភក្មួយស្រីម្តងទៀតតែមិនបានសម្រេច ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២០ វិច្ឆិកា នៅចំណុចភូមិផ្លូវគោ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ។ ជនល្មោភកាមខាងលើឈ្មោះ ហង្ស ហ៊ីម អាយុ៤៤ឆ្នាំ រស់នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដែលត្រូវជាឪពុកមាសាច់ថ្លៃ រីឯក្មេងស្រីរងគ្រោះ អាយុ១៧ឆ្នាំ និងកូនចុងអាយុ១៥ឆ្នាំ ដែលរស់នៅជាមួយគ្នា ។
យោងតាមការសាកសួររបស់សមត្ថកិច្ចទៅលើក្មេងស្រីរងគ្រោះបានឱ្យដឹងថា ជនគម្រក់នោះ បានធ្វើសកម្មភាពចាប់រំលោភនាងជាបន្តបន្ទាប់នៅពេលដែលគ្មានមនុស្សចាស់នៅផ្ទះ។ សកម្មភារំលោភក្មេងស្រីរងគ្រោះទាំង២គឺតាំងពីឆ្នាំ២០១៥ ដល់ដើមឆ្នាំ២០១៦មកម្ល៉េះនៅខណៈដែលម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ ។
ប្រភពបានបញ្ជាក់ថា ជននេះតែងតែធ្វើសកម្មភាពរំលោភសេពសន្ថវៈផ្លាស់ប្តូរគ្នាម្នាក់ម្តងទៅលើក្មេងស្រីរងគ្រោះជារឿយៗ ថែមទាំងបានលួងលោម និងគំរាមមិនឱ្យប្រាប់នរណាឡើយ បើហ៊ានយករឿងនេះទៅនិយាយប្រាប់អ្នកដទៃ ខ្លួននឹងសម្លាប់ពួកនាងចោលភ្លាម ។ ដោយខ្លាចជននេះសម្លាប់ ទើបពួកនាងចេះតែលាក់រឿងនេះរហូតមក តែលើកចុងក្រោយនេះ ប្រុងចាប់រំលោភនាង(ក្មួយថ្លៃ)ម្តងទៀត ក៏បែកធ្លាយដល់ម្តាយនាង។
លោកវរសេនីយ៍ទោ ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានប្រាប់នៅថ្ងៃទី២៤ វិច្ឆិកា ២០១៧ថា ក្រោយពីបានដឹងរឿងដែលជនគម្រក់នោះប្រុងចាប់រំលោភកូនស្រីរបស់ខ្លួន ម្តាយក្មេងស្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី១៧ វិច្ឆិកា ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ក្រោយការដាក់ពាក្យបណ្តឹងរួច ជនល្មោភកាមហាក់បានដឹងខ្លួនមុនក៏បានរត់គេចខ្លួនបាត់រយៈពេល៣ថ្ងៃ ទើបវិលត្រឡប់ចូលភូមិវិញក៏ត្រូវសមត្ថកិច្ចរបស់លោកក្របួចនៅថ្ងៃទី២០ វិច្ឆិកាតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនល្មោភកាមខាងលើរួច ក៏បាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រយៈពេល៣ថ្ងៃ ហើយជនសង្ស័យក៏ព្រមសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈក្មួយស្រីប្រាកដមែន ។ ក្រោយពីបានសារភាពរួចហើយ សមត្ថកិច្ចក៏បានជជីកសួរនាំបន្ត ស្រាប់តែបែកធ្លាយរឿងដែលនឹកស្មានមិនដល់មួយទៀត គឺជននេះបានរំលោភកូនចុងខ្លួនឯងទៀតអស់រយៈពេលជិត២ឆ្នាំមកហើយដែរពោលគឺតាំងពីឆ្នាំ២០១៥មកម្ល៉េះ ។
ក្មេងស្រីរងគ្រោះទាំង២នាក់បាននិយាយប្រាប់សមត្ថកិច្ចឱ្យដឹងពីដំណើររឿងដំបូងថា កាលពីថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៥ នៅពេលដែលម្តាយធំមិននៅផ្ទះ ស្រាប់តែឪពុកមាសាច់ថ្លៃដែលជាឪពុកចុងប្អូនជីដូនមួយនាងបានវាយធ្វើបាបប្អូននាងរហូតសន្លប់នៅលើផ្ទះ ឃើញដូច្នោះនាងក៏ទៅជួយមើលប្អូនស្រាប់តែពេលនោះគាត់បានធ្វើសកម្មភាពចាប់នាងរំលោភតែម្តង ។ ក្មេងស្រីរងគ្រោះបន្តថា ក្រោយរំលោភនាងរួចហើយក៏បានរំលោភប្អូនជីដូនមួយរបស់នាងដែលត្រូវជាកូនចុងម្តង ។
ចំពោះមូលហេតុដែលនាងមិនហ៊ាននិយាយរឿងនេះប្រាប់បងប្អូននិងម្តាយដោយសារខ្លាចជនគម្រក់នេះសម្លាប់ពួកនាង ។ រហូតមកដល់ពេលនេះស្ត្រីដែលជាប្រពន្ធជនកំហូចនិងត្រូវជាម្តាយមីងនៅតែមិនជឿថាប្តីរបស់ខ្លួនបានប្រព្រឹត្តដូចការលើកឡើងរបស់ក្មួយនិងកូនស្រីឡើយ ។ មិនតែប៉ុណ្ណោះស្ត្រីរូបនេះថែមទាំងចង់លក់គោយកមករំដោះប្តីពីគុកទៀតផង ដោយលើកឡើងថា កូនខ្លួននិងក្មួយចេះតែនិយាយទម្លាក់កំហុសមកលើប្តីរបស់គាត់ទាំងយុត្តិធម៌ ។ នៅពេលឮម្តាយនិយាយដូច្នេះកូនស្រីរបស់ខ្លួនបាននិយាយប្រាប់ម្តាយថា ឪពុកចុងពិតជាបានរំលោភសេពសន្ថវៈលើនាងប្រាកដមែន គឺពេលដែលម្តាយមិននៅផ្ទះ ។
នៅពេលនេះសមត្ថកិច្ចបានបញ្ជូនក្មេងស្រីរងគ្រោះទាំង២នាក់ទៅឱ្យគ្រូពេទ្យពិនិត្យកោសល្យវិច័យហើយដែរ ។ក្រោយធ្វើការសាកសួរនិងបានចម្លើយសារភាពរួចមក ជនសង្ស័យ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរនិងការពា អនីតិជនកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ