ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ស.ត់ណាស់! ប្រវត្តិលោកតាលោកយាយ២នាក់ប្តីប្រពន្ធតស៊ូរស់យ៉ាង​លំបាក​

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សូមមហាជនក្រឡេកមើលជីវភាពលោកតា លោកយាយ​​២នាក់ប្តីប្រពន្ធ តស៊ូរស់នៅ

ខេត្តស្វាយរៀង ៖ សូមមហាជនក្រឡេកមើលជីវភាពលោកតា លោកយាយ​​២នាក់ប្តីប្រពន្ធ តស៊ូរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត​យ៉ាង​លំបាក ក្នុង​ខ្ទម​ដ៏​តូច​ចង្អៀត ក្បែរ​បង​សា​លាម​ត្តេ​យ្យ​គួរ​ឲ្យ​សង្វេគ ។

លោកតា​ឈ្មោះ ម៉ៅ សន អាយុ​៧៦​ឆ្នាំ លោកយាយ​ជា​ប្រពន្ធ​ឈ្មោះ ប៉ែន ហោ អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ លោកតា ម៉ៅ សន បាន​និយាយ​ទាំង​មុខក្រៀម​ក្រំ​ថា លោកតា​មានកូន ៧​នាក់ ចៅ​១៨​នាក់ (​ស្រី​៥​នាក់​) និង​មាន​ចៅទួត ៨​នាក់ ។ លោកតា លើក​ឡើង​ថា លោកតា លោកយាយ​មាន​មោទនភាព​ខ្លាំង​ណាស់ មានកូន​ច្រើន​នឹក​សង្ឃឹមថា ពេល​ខ្លួន​ចាស់​ទៅ គឺ​បាន​កូនចៅ​គេ​ថែ គេ​ចិញ្ចឹម ក៏​ប៉ុន្តែ​ក្តី​សង្ឃឹម ខុសស្រឡះ ។

លោកតា​បាន​រៀបរាប់​ទៀត​ថា កាល​នៅ​ពី​ក្មេង ខំ​រកស៊ី​ចិញ្ចឹម​កូន​ៗ លោក​អ្នក​គួរ​យល់​ហើយ​ថា ជីវិត​កសិករ​ដែល​មានកូន​ច្រើន ដីស្រែ​មាន​តិចតួច ធ្វើស្រែ​ហូប​មិន​គ្រប់គ្រាន់​ក៏​ចេញពីផ្ទះ​មក​រកស៊ី​ដឹក​អំបិល​ដូរ​ស្រូវ មក​លើក​ទំនិញ​ឲ្យ​គេ​បាន​ប្រាក់​ចិញ្ចឹម​កូន ។ ក្រោយ​ពី​រៀប​ការកូន​ប្រុស​ស្រី​អស់ទាំង ៧​នាក់ នឹក​ថា បាន​ធូរស្រាល​ហើយ​ពេល​ចាស់​ទៅ​បានកូន​ៗ​ចិញ្ចឹម​វិញ ។ ក៏​ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែប្រួល ជីវភាព​គ្រួសារ​របស់​កូន​ៗ គឺ​ក្រីក្រ ដោយ​ឪពុក​ម្តាយ រៀប​ការកូន​ឲ្យ​មាន​ប្តី​ប្រពន្ធ​ហើយ​គ្មាន​ទ្រព្យ​ចែក​ឲ្យ​មាន​តែ​ដី​បន្តិចបន្តួច​ចែក​ឲ្យ​ធ្វើ​ភូមិ​សង់​លំនៅ​ឋាន​រស់នៅ ។

លោកតា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពី​ដើម​ឡើយ​លោកតា មាន​ទីលំនៅ​ក្នុងភូមិ​តា​នូ ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ជិត​ព្រំដែន​ប្រទេស​វៀតណាម ។ ដោយ​ជីវភាព​ក្រីក្រ​លំបាក លោកតា​ក៏​សម្រេចចិត្ត​នាំ​ប្រពន្ធ​មក​រកស៊ី នៅ​តាម​ផ្សារ​ក្នុង​ទី​រួម​ខេត្តស្វាយរៀង​វិញ ។ លោកយាយ​នៅ​មាន​កម្លាំង គឺ​ប្រកប​មុខរបរ​លក់​បបរ​បាញ់​កាញ់ នៅ​ក្នុង​ផ្សារ​វាល​យន្ត ជួនកាល​ទៅ​លក់​តាម​ចំណតរថយន្ត​(​បេនឡាន​) ។ ចំណែក​លោកតា មាន​ជំនាញ​ថតរូប​កាន់​កាមេរ៉ា​ម៉ា​ន់ ក៏​ត្រូវ​បាន​ម្ចាស់​ហាង​ថតរូប​គេ​ហៅ​ឲ្យ​ទៅ​ជួយ​ថតរូប​ឲ្យ​គេ​ក្នុង​ពិធីបុណ្យ​និង​ពិធី​អាពាហ៍ពិពាហ៍ ។ គេ​ឱ្យ​ភាគរយ​តាម​ទទួល​បាន ក៏​ប៉ុន្តែ​មិន​បាន​ទៅ​ថត​រាល់ថ្ងៃ​ទេ ។ ពេល​ណា​គេ​ទទួល​បាន​តិច​រោង​គេ​ទៅ​ថត​ខ្លួន​គេ លុះត្រា​គេ​ទទួល​បាន​ច្រើន​រោង ខ្វះ​កម្លាំង​ទើប​គេ​ហៅ ។ ដូច្នេះ យូរ​ៗ​បាន​ទៅ​ថត​មួយ​រោង គ្រាន់តែ​បាន​ប្រាក់​បន្តិចបន្តួច​ទិញ​អង្ករ និង​ជួយ​ដើមទុន​យាយ​លក់​បាញ់​កាញ់ បាន​ប្រាក់​ឆ្លៀត​ផ្ញើ​ឲ្យ​កូន​ៗ​ដែល​ខ្វះខាត ។

លោកតា​បាន​បន្ត​ទៀត​ថា ទើបតែ ៦​ទៅ​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រពន្ធ​គាត់ (​យាយ​ប៉ែន​ហោ​)​មាន​វ័យ​កាន់តែ​ចាស់ ក៏​ធ្លាក់ខ្លួន​មាន​ជំងឺ​ធ្ងន់ ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​លំបាក (​កើត​ពឹ​ស​ថ្ពាល់​ខាងស្តាំ​) គ្មាន​ពេល​ទៅ​រកស៊ី ។ ណាមួយ​ខ្ញុំ​ក៏​កាន់តែ​ចាស់​ទៀត ម្ចាស់​ហាង​ថតរូប​គេ​ក៏​លែង​ហៅ ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​លំបាក​យ៉ាង​ខ្លាំង ណាមួយ​ត្រូវការ​ប្រាក់​ថ្លៃ​ព្យាបាល​ជំងឺ​យាយ ។ ណាមួយ​ត្រូវការ ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

យាយ​មាន​ជំងឺ​ធ្ងន់​រហូត​សន្លប់​បាត់បង់​ស្មារតី គ្រូពេទ្យ​ប្រាប់​ថា យាយ​ស្លាប់​ហើយ ក៏​ហៅ​រថយន្ត​ដឹក​យាយ​ត្រឡប់​ទៅ​ស្រុក​កំណើត នៅ​ស្វាយ​ជ្រំ ក៏​ប៉ុន្តែ​សព លោកយាយ​ខ្លួន​នៅ​ទន់ ហើយ​នៅ​មាន​កម្តៅ លោក​អាចារ្យ​ឲ្យ​លើកសព​ដាក់​ក្នុង​ក្តារ​ម្ឈូស​យក​ទៅ​បូជា ក៏​ប៉ុន្តែ​លោកតា​មិន​អស់ចិត្ត​ដោយ​សព​នៅ​ទន់ ហើយ​នៅ​មាន​កម្តៅ លោកតា​មិន​ព្រម​ឲ្យ​លើកសព​ដាក់​ក្នុង​ម្ឈូស​ទេ លោកតា ទុក​សព បាន​៣​យប់​៤​ថ្ងៃ ស្រប់​តែ​លោកយាយ​ដឹងខ្លួន​រស់​ឡើង​វិញ​រហូត​សព្វថ្ងៃ គឺ​ភ្លឹក​៤​ថ្ងៃ ។

ចំណែក​លោកយាយ ប៉ែន ហោ អាយុ​៧៥​ឆ្នាំ បាន​និយាយ​រឿង​ដែល​គាត់​ភ្លឹក​រយៈពេល ៣​យប់​៤​ថ្ងៃ​នោះ​ថា គាត់​ត្រូវ​បាន​មនុស្ស​មាឌធំ​ម្នាក់​នាំ​គាត់​ទៅ​ភូមិ​អមនុស្ស គេ​រស់នៅ​គឺ​មើលទៅ​ដូច​ស្រុកភូមិ​យើង​ដែរ មានផ្ទះ​តូច​ធំ មាន​ដំណាំ​ដាំ​ដុះ មាន​ធ្វើស្រែ ដូច​នៅ​ស្រុក​មនុស្ស​យើង​ដែរ ។ បន្ទាប់​មក​គេ​ក៏​នាំ​ឲ្យ​ទៅ​មើល ភូមិ​មនុស្ស​បាប គឺ​ឋាននរក ឃើញ​គេ​លេង​ជល់​មាន់ ខ្លួន ដៃជើង​មនុស្ស ឯ​ក្បាលមាន់ គឺ​ជល់​គ្នា ចឹក​គ្នា​ដាច់​សាច់ ក្បាល ដាច់​សាច់​ខ្លួន ឈាម​ហូរ​ហាម បន្ទាប់​មក​គេ​នាំ​ឲ្យ​ទៅ​មើល កន្លែង​មួយ​នោះ​គឺ​មនុស្ស​ស្រី​ប្រុស កំពុង​មុជទឹក​ក្នុង​ស្រះ​ភ្លើង​ទឹក​ពុះកញ្ជ្រោល ខ្លះ​ស្រែ​កថា​ក្តៅ​ណាស់ ខ្លះ​ស្រែ​កថា​សប្បាយ​ណាស់ ហៅ​លោកយាយ​ឲ្យ​ចុះ​មុជទឹក​ក្តៅ​កំពុង​ពុះ​ជាមួយ​គេ លោកយាយ​តប​វិញ​ថា ខ្ញុំ​មិន​មុជ​ទេ ពេល​នោះ​គេ​នាំ​ទៅ​មើល​កន្លែង​មួយទៀត​ឃើញ​មនុស្ស ពាក់កង​ចក្រ​នៅ​លើ​ក្បាល វិលខ្ញាល់​ហូរ​ឈាម​រហាម​ឮ​សម្រែក​យំ​ថ្ងូរ​ឈឺចាប់​យ៉ាង​ខ្លាំង ។

ពេល​នោះ​មាន​សត្វ​នរក​ម្នាក់​ស្រែ​កថា ស្រួលខ្លួន​ណាស់ សប្បាយ​ណាស់ ហើយ​ក៏​ស្រែកហៅ​លោកយាយ​ថា ម៉ោ ពាក់កង​ចក្រ​ក្បាល​លេង​ស្រួលខ្លួន​ណាស់ ។ លោកយាយ​តប​វិញ​ថា អញ​មិន​ឆ្កួត​ទៅ​ពាក់កង​ចក្រ ឲ្យ​ខ្វៀល​ក្បាល​ហើយ​ថា​ស្រួល​នោះ​ទេ អំបាញ់មិញ​អញ​ឮ​ពួក​ឯង​ស្រែក​ទ្រ​ហ៊ោ​យំ​សោះ​និង តប​ហើយ​ក៏​ដើរ​ចេញ​លែង​មើល ។ ខណៈនោះ​គាត់​បានឃើញ​ឪពុក​របស់​គាត់​ដែល​ស្លាប់​ទៅ ឈ្មោះ​តា​ពៅ និង​បងប្អូន​គាត់​បី​ទៅ​បួន​នាក់​ដែល​ស្លាប់​ទៅ​ហើយ នោះ​មក​ជួប​គាត់​។ ខណៈនោះ​ឪពុក​គាត់​បាន​សួរ​ថា អ្នក​ណាយ​កកូន​ឯង​មក​ភូមិ​នរក​នេះ តោះ​ទៅ​លេង​នៅ​ភូមិ​ខាងលើ​វិញ ។

ឪពុក​គាត់​ក៏​នាំ​ដើរ​មើល​ក្នុងភូមិ​នោះ មាន​មនុស្ស​រស់នៅ​ធ្វើស្រែ​ចម្ការ​លក់ដូរ​មាន​ផ្សារ​ដូច​ស្រុក​មនុស្ស​យើង​ដែរ​។ បន្ទាប់​មក​ឪពុក​គាត់​ក៏​និយាយ​ថា កូន​ឯង​មិន​ទាន់​អស់កម្ម​ជា​មនុស្ស​ទេ ពេល​ត្រឡប់​មក​វិញ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ ខំ​ធ្វើបុណ្យ​ដាក់​ទាន ទៅ​ផ្ទះ​វិញ​គេ​យក​មក​ច្រឡំ​ហើយ ។ និយាយ​រួច​ក៏​ប្រើ​បង​ៗ​ឲ្យ​ជូន​មក​ផ្ទះ​វិញ​ពេល​នោះ​បង​ៗ​គេ​ឡើង​ជិះ​លើ​សត្វ​ហង្ស​ហោះ​មក ចំណែក​រូប​គាត់​ដើរ​តាម​ក្រោយ​រហូត​មក​ដល់​ផ្ទះ​វិញ​ក៏​ដឹងខ្លួន​វិញ ហើយ​មានជីវិត​រស់នៅ​រហូត​សព្វថ្ងៃ ។ និយាយ​រឿង​ខាងលើ​នេះ​នៅ​ពេល​ដែល​ភ្លឹក​ទៅ​នោះ​ឱ្យ​អ្នក​ជិតខាង​ស្តាប់ ។

ក្រោយមក​លោកតា លោកយាយ​ក៏​ចេញពីផ្ទះ​កូន​មក​រស់នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង បាន​ទិញ​កូន​ឈើ និង​ស័ង្កសី​ចាស់​ៗ សង់​ខ្ទម​តូច​មួយ​នៅ​ជាប់​របង​សា​លាម​ត្តេ​យ្យ​ក្រុង​ស្វាយ​រៀង​ខាង​មុខ​ផ្សារ​ក្រមួន​ប្រកប​មុខរបរ​សំលៀងកាំបិត ពូថៅ ។ ចំណែក​លោ​យាយ ទិញ​ត្រកួន​មក​លក់​គ្រាន់​បាន​លុយកាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ក៏​ប៉ុន្តែ​ពី​៥​ទៅ​៦​ឆ្នាំ​ចុង​ក្រោយ​នេះ​លោកតា​លោកយាយ​កាន់តែ​ចាស់ជរា មុខរបរ​សំលៀងកាំបិត​នេះ ពីរ​ទៅ​បី​ថ្ងៃ​ទើប​មាន​គេ​យក​មក​ឲ្យ​សំលៀង​ម្តង កាំបិត​១ បាន​តម្លៃ ២.០០០​រៀល ពូថៅ​១​តម្លៃ ២.០០០​រៀល​ដែរ ជួនកាល​បាន​ប្រាក់ ៦.០០០​រៀល​ប៉ុណ្ណោះ ។

លោកយាយ​ថា ថ្ងៃ​ខ្លះ​ក៏​អត់​មាន ចំណែក​លោកយាយ​ឆាក​ត្រកួន​លក់ គឺ​ក្នុង​១​ថ្ងៃ​ទិញ​ត្រកួន​១០​ដុំ តម្លៃ​៥.០០០​រៀល យក​មក​ឆាក​បាន​១​គីឡូ​កន្លះ ។ ១​គីឡូក្រាម​លក់​បាន ៧.០០០​រៀល កន្លះ​គីឡូក្រាម​បាន ៣.៥០០​រៀល គិត​ទៅ​ចំណេញ​បាន​តែ​៥.៥០០​រៀល​ប៉ុណ្ណោះ បើ​លោកតា​បាន​សំលៀងកាំបិត គឺ​សរុបគ្នា​បាន​ប្រាក់ ១​ម៉ឺន​២​ពាន់​រៀល ក្នុង​១​ថ្ងៃ បើ​ថ្ងៃ​ណា​លក់​ត្រកួន​ឆាក​មិន​អស់ តា​គ្មាន​កាំបិត​មក​សំលៀង​គឺ អត់​មាន​ប្រាក់​ទិញ​ម្ហូប​ទេ ។

រាល់​យប់​ពេល​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​លោកតា​តែងតែ​ដើរ​រើស​អេ​ត​ចាយ តាម​ដងផ្លូវ​ក្នុង​ក្រុង​ស្វាយ​រៀង ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ត្រឡប់​មក​វិញ បាន​សម្បក​កំប៉ុង​និង​សម្បក​ដប​១​បាវ លក់​បាន​១​ពាន់​រៀល​ទៅ​១​ពាន់​៥​រយ​រៀល ។ រាល់​ថ្ងៃនេះ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ​បាន​អ្នក​ជិតខាង គេ​ឲ្យ​ភ្លើងអគ្គិសនី​ប្រើ គេ​ឲ្យ​ទឹក​ប្រើប្រាស់ ដង​មក​១​ធុង​២​ធុង​គ្រាន់​នឹង​ប្រើ​និង​ងូតទឹក​ដែរ ថ្ងៃ​ខ្លះ​អ្នកផ្សារ​មក​លក់ដូរ​ក្នុង​ផ្សារ​ក្រមួន​គេ​ឲ្យ​ម្ហូប សម្ល ខ្លះ​គេ​ឲ្យ​ជា​បន្លែ អ្នកខ្លះ​គេ​ឲ្យ​ត្រី យក​មក​ធ្វើ​ម្ហូប រស់​ទាំង​លំបាក ហើយ​ថ្ងៃសីល តែងតែ​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ធ្វើបុណ្យ​តាម​បណ្តាំ​ឪពុក ក៏​ប៉ុន្តែ​មិន​បាន​ទៅ​រាល់​សិ​ល​នោះ​ទេ ដោយសារ​គ្មាន​ប្រាក់ ។ លោកយាយ​ថា សង្ឃឹម​កូនចៅ គឺ​សង្ឃឹម​មិន​បាន គេ​ខំ​រកស៊ី​ចិញ្ចឹម​កូនចៅ​គេ​ដែរ កូន​៧​នាក់ ចៅ​១៨​នាក់ ចៅទួត​៨​នាក់ សុទ្ធតែ​ក្រីក្រ​ដូច​គ្នា ។

លោកតា​លើក​ឡើង​ថា កូនចៅ គេ​មក​លេង​និង​ជូន​លុយកាក់​តែ​ពេល​មានបុណ្យ​ទាន គឺ​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ កូន​ខ្លះ​ក៏​បាន​មក កូន​ខ្លះ​គេ​រវ់ល់ ក៏​មិន​បាន​មក កូន​ជូន​លុយ​បន្តិចបន្តួច​មិន​អាច​ចាយវាយ​ផ្គត់ផ្គង់​ជីវភាព​បាន​ទេ គាត់​ត្រូវការ​ប្រាក់​កាស់​ចាយ​រាល់ថ្ងៃ ហូប​បាយ ហូប​ចំណី​រាល់ថ្ងៃ ណាមួយ​ចាស់ជរា មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវការ​ប្រាក់​ទិញ​ថ្នាំសង្កូវ​ព្យាបាល ហើយ​បើ​១​ឆ្នាំ​ជូន​លុយកាក់​តែ​២​ដង តើ​សង្ឃឹម​អី ។

កូនចៅ​គួរ​ពិចារណា​ផង មាន​តែ​សប្បុរសជន​ទេ​មេត្តា​ជួយ​ជា​គ្រឿង​បរិភោគ ឧបភោគ​និង​ជា​ថវិកា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​នៅ​ជីវិត​ចុង​ក្រោយ​ផង​សូម​អគុណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ