រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលដែលបុរសម្នាក់បានប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ដោយបានចោទប្រកាន់ប្រពន្ធរបស់ខ្លួនថា លួចលាក់មានសាហាយស្មន់ក្បត់ចិត្តខ្លួន ហើយខ្លួនបានតាមទាន់នាងកំពុងដេកជាមួយប្រុសសហាយ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលបានចុះទៅកាន់ចំណុចផ្ទះជួលនោះភ្លាមៗ ប៉ុន្តែពេលទៅដល់បានស្រែកហៅឲ្យស្ត្រីនោះ បើកទ្វារចេញក្រៅ ដើម្បីត្រួតពិនិត្យហើយនាងបានបើកទ្វារ ហើយពេលមើលទៅក្នុងបន្ទប់នោះគ្មានឃើញប្រុសសហាយនោះឡើយ គឺមានតែនាងជាប្រពន្ធ ព្រមទាំងមិត្តភក្ដិស្រីម្នាក់ និងបុរសជាប្ដីមិត្តភក្ដិនោះម្នាក់ទៀត ប៉ុណ្ណោះ ។
ក្រោយមកទើបធ្លាយរឿងថា ប្ដីប្រពន្ធមួយគូនេះយកគ្នាដោយមិនបានរៀបការ ហើយរស់នៅមិនសូវចុះសម្រុងគ្នា និងបានរស់នៅបែកគ្នា គឺប្រពន្ធរស់នៅផ្សេង និងប្ដីរស់នៅផ្សេងមួយរយៈមកហើយ ចំណែកប្ដីដោយសារខឹងហៅឲ្យប្រពន្ធបើកទ្វារឲ្យ មិនព្រមបើកទើបចោទថាមានសហាយប្ដឹងនគរបាលបង្កការភ្ញាក់ផ្អើលបែបនេះតែម្ដង ។
ហេតុការណ៍នោះបានបង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលលេខA៦២៤ ជាន់ទី៦ ផ្ទះជួលមួយកន្លែងដែលមានទីតាំង ស្ថិតនៅខាងក្រោយអតីតឡឥដ្ឋ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្ដីដែលប្ដឹងនគរបាលចោទប្រពន្ធទាំងគ្មានការពឹត ថាលួចលាក់មានសហាយស្មន់នោះឈ្មោះ យឹម រិទ្ធី អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិករដ្ឋបាលក្រុមហ៊ុនមួយ និងស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ហើយមានស្រុកកំណើតនៅក្នុងស្រុកកំពង់បាយ ខេត្តកំពត ។ ដោយឡែកនាងជាប្រពន្ធឈ្មោះ ព.ច.ន អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ជាមួយមិត្តភក្ដិស្រីរបស់នាងម្នាក់ទៀត ។ នាងមានស្រុកកំណើតនៅក្នុងភូមិស្នាយព្រឹម ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នៅមុនពេលកើតហេតុ បុរសនោះបានប្ដឹងនគរបាលថា ប្រពន្ធរបស់ខ្លួនបាននាំគ្នាប្រុសសហាយចូលដេកនៅក្នុងផ្ទះជួល ហើយខ្លួនបានទាន់ជាក់ស្ដែង និងសុំឲ្យនគរបាលជួយអន្តរាគមន៍ ។ លុះពេលកម្លាំងចុះទៅដល់បានស្រែកហៅ ទើបប្រពន្ធបើកទ្វារ ហើយគ្មានប្រុសសហាយនោះឡើយ គឺមានតែនាងជាប្រពន្ធ រួមជាមួយមិត្តភក្ដិស្រីរបស់នាង ព្រមទាំងប្ដី និងកូនៗរបស់មិត្តភក្ដិតែប៉ុណ្ណោះ ហើយបុរសនោះខឹងប្រពន្ធ អត់បើកទ្វារឲ្យបែរជា ចោទថាមានសហាយទៅវិញ ចំណែកនាងជាប្រពន្ធខ្លាចប្ដីវាយ ទើបប្ដីហៅឲ្យបើកទ្វារមិនព្រមបើក ។
ស្ត្រីជាប្រពន្ធបាននិយាយថា នាង និងប្ដីខាងលើនេះបានយកគ្នាជាប្ដីប្រពន្ធដោយមិនបានរៀបការនោះទេ គឺស្រឡាញ់គ្នារស់នៅជាមួយគ្នាជាប្ដីប្រពន្ធ រំលងប្រពៃណី អស់រយៈពេល៧ឆ្នាំកន្លងមកហើយ និងបានកូនប្រុសម្នាក់ដែលពេលនេះមានអាយុ៥ឆ្នាំមកហើយ កាលពីមុនដំបូងការរស់នៅមានការចុះសម្រុងនិងគ្នាខ្លាំងណាស់ មិនដែលល្អក់កករនោះទេ ទើបតែមួយរយៈពេលចុងក្រោយនេះលោកប្ដីចេះតែរករឿងបង្កទំនាស់មិនឈប់សោះ ។ មិនតែប៉ុណ្ណោះបានប្រើអំពើហិង្សាវាយដំនាងជាញឹកញាប់ រហូតធ្វើឲ្យនាងមានការភ័យខ្លាចទៅហើយ ដោយសារតែភាពរកាំរកូសបែបនេះ ទើបនាងមិនហ៊ានរស់នៅជាមួយប្ដីទេ នាងបានចាកចេញពីប្ដីកាលពី១ខែមុន និងមកស្នាក់នៅ ជាមួយមិត្តភក្ដិស្រីម្នាក់នៅក្នុងបន្ទប់ជួលខាងលើ ដោយមិត្តភក្ដិនាងមានប្ដី និងកូនទៅហើយ ម្យ៉ាងទៀតនាងដេកនៅក្នុងបន្ទប់ជាន់ឡៅតឿ ចំណែកមិត្តភក្ដិនាង និងប្ដីព្រមទាំងកូនៗ បានដេកនៅខាងក្រោមគឺដាច់ដោយឡែកពីគ្នា ។
ស្ត្រីរូបនេះបានបន្តទៀតថា ថ្វីដ្បិតតែនៅឆ្ងាយពីប្ដីប៉ុន្តែ នាងមិនដែលមានចិត្តវៀចវេរ មានសហាស្មន់ក្បត់ចិត្តប្ដីនោះទេ សូម្បីតែគិតក៏មិនដែលផង ប៉ុន្តែកន្លងមកដោយសារតែទ្រាំ និងការវាយដំច្រំធាក់ពីសំណាក់ប្ដីមិនបាននោះ នាងបានសុំប្ដីលែងលះគ្នាតែម្ដង ព្រោះនាងមិនមែនជាបាវសាក់សម្រាប់ឲ្យប្ដីវាយគ្រប់ពេលនោះឡើយ ប៉ុន្តែនៅពេលដែលនាងសុំលែងលះម្ដងៗប្ដីនាងមិនព្រមជាដាច់ខាត ។ ដោយឡែករយៈពេល១ខែចុងក្រោយនេះ បន្ទាប់ពីចាកចេញពីប្ដីមកស្នាក់នៅជាមួយមិត្តភក្ដិ ក៏ប្ដីតែងតែតាមរករឿងមិនឈប់ដែរ និងចេះតែចោទប្រកាន់ថានាងមានប្រុសសហាយរហូត លុះដល់វេលាម៉ោង០៥ព្រឹក ថ្ងៃកើតហេតុ ខណៈនាងកំពុងដេកមិន ទាន់ភ្ញាក់នៅឡើយ ស្រាប់តែលោកប្ដីបានទៅគោះទ្វារ និងស្រែកហៅយ៉ាងខ្លាំងឲ្យបើកទ្វារ ។ ពេលនោះដោយសារតែខ្លាចប្ដីវាយធ្វើបាបនាងមិនហ៊ានបើកទ្វារនោះទេ ហើយក្រោយពីនាងមិនព្រមបើកទ្វារប្ដីនាងបែរជាប្ដឹងនគរបាលចោទប្រកាន់ថា នាងមានប្រុសសហាយបង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះទៅវិញ ។
បុរសជាប្ដីបាននិយាយថា ខ្លួនមានប្រពន្ធមានកូនរួចទៅហើយ ប៉ុន្តែបានស្រឡាញ់ស្ត្រីខាងលើធ្វើជាប្រពន្ធចុង ដោយមិនបានរៀបការនិងគ្នានោះទេ គឺបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធអស់រយៈពេល៧ឆ្នាំមកហើយ ដោយសារតែជីវភាពខ្វះខាត ខ្លួននិងប្រពន្ធក្រោយបានផ្ញើកូនប្រុសឲ្យនៅជាមួយជីដូន បន្ទាប់មកបាននាំគ្នាមកធ្វើការនៅភ្នំពេញ ។ ពេលនោះខ្លួនធ្វើជាបុគ្គលិករដ្ឋបាលនៅក្នុងក្រុមហ៊ុនមួយ ចំណែកនាងជាប្រពន្ធបានធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ហើយមុនដំបូងបានស្នាក់នៅក្រោមដំបូលផ្ទះជួលជាមួយគ្នាទេ ប៉ុន្តែក្រោយមកមានចេះតែមានភាពរកាំរកូសជាមួយគ្នាកើតឡើង ទើបប្រពន្ធបានចុះទៅរស់នៅជាមួយមិត្តភក្ដិរបស់នាងវិញ ហើយភាពរកាំរកូសនោះគឺខ្លួនសង្ស័យថាប្រពន្ធលួចលាក់មានសហាយក្បត់ចិត្តខ្លួន ។ មិនតែប៉ុណ្ណោះអ្វីដែលធ្វើឲ្យខ្លួនកាន់តែសង្ស័យថាមានសហាយខ្លាំងឡើងថែមទៀតនោះ គឺនៅពេលដែលនាងលួចចុះចោលខ្លួន លុះពេលតាមរកឃើញហៅឲ្យបើកទ្វារមិនព្រមបើក ទើបខ្លួនប្ដឹងសុំឲ្យនគរបាលជួយសង្ស័យថានាងកំពុងដេកនៅជាមួយប្រុសសហាយ ។
នគរបាលបានឲ្យដឹងថា ក្រោយពេលមានរឿងបែបនេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ បានឲ្យអ្នកទាំងពីរទៅជួបដោះស្រាយគ្នា នៅសង្កាត់ចោមចៅ១ ហើយនៅខណៈនោះ មុនដំបូងបុរសជាប្ដីបានទាមទារយកកូនទៅចិញ្ចឹម និងសុំឲ្យនាងប្រពន្ធសងជំងឺចិត្ត ដោយចោទថានាងមានសហាយ ប៉ុន្តែនាងបានបដិសេធ មិនព្រមសង និងមិនឲ្យកូននោះទេ ជាពិសេសនាងប្រកែកយ៉ាងខ្លាំងថា នាងគ្មានប្រុសសហាយដូចជាការចោទប្រកាន់នោះឡើយ ។ ក្រោយពីប្ដីនិយាយបែបនេះ នាងជាប្រពន្ធបានសុំលែងលះគ្នា និងសុំឲ្យប្ដីដោះលែងនាងឲ្យមានសេរីភាពវិញ ព្រោះនាងមិនអាចទ្រាំនូវអំពើហិង្សាពីសំណាក់ប្ដីបានទេ ប៉ុន្តែនៅពេលប្រពន្ធសុំលែង ស្រាប់តែលោកប្ដីមិនព្រមលែងដាច់ខាត និងបានគំរាមប្រពន្ធថា បើហ៊ានតែលែងខ្លួន និងតាមធ្វើបាបមិនឲ្យសុខទេ បន្ទាប់មកបុរសនោះបានចាកចេញទៅបាត់ ។ ក្រោយពីប្ដីគំរាមបែបនាងជាប្រពន្ធបានសម្រេចចិត្តឈប់ធ្វើការតទៅទៀតហើយ និងបានធ្វើដំណើរទៅរស់នៅស្រុកកំណើតរបស់នាងនៅឯស្រុកព្រះស្ដេច ខត្តព្រៃវែងវិញហើយ ដើម្បីគេចចេញពីកណ្ដាប់ដៃប្ដីដែលវាយព្រឹកវាយល្ងាចនោះ ៕

ចែករំលែកព័តមាននេះ