រាជធានីភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ បានគប់មកលើសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បណ្ដាឲ្យរងរបួសស្រាល ចំនួន៣នាក់ ខណៈពេលដែលម្ដាយរបស់បុរសញៀនថ្នាំ បានប្តឹងសមត្ថកិច្ចព័ទ្ធចាប់យកកូនប្រុសទៅអប់រំ នៅមណ្ឌលកែប្រែ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌខែឫស្សីកែវ រាជធានីភ្នំពេញ ។
បុរសញៀនថ្នាំរូបនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ប្រដាប់ទៅដោយដំបង និងខែល នាំគ្នាព័ទ្ធចាប់បញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសញៀនថ្នាំរូបនោះ ត្រូវបានម្ដាយប្ដឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ដើម្បីនាំខ្លួនបញ្ជូនទៅកាន់មណ្ឌលកែប្រែ ។ ខណៈពេលដែលសមត្ថកិច្ចចុះទៅចាប់ខ្លួនបុរសរូបនោះ ប្រដាប់ទៅដុំថ្ម ដែក ហើយតដៃ ដោយគប់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួស។ ភ្លាមៗកម្លាំងសមត្ថកិច្ចបានទៅអន្តរាគមន៍បន្ថែមប្រដាប់ទៅដោយដំបង នាំគ្នាព័ន្ធចាប់ឃាត់ខ្លួនរួចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរ ។
លោកវីរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា កម្លាំងនគរបាល ចំនួន៣នាក់ បានរងរបួសស្រាល បន្ទាប់ពីឪពុកម្ដាយរបស់បុរសញៀនថ្នាំរូបនេះ បានប្ដឹងសមត្ថកិច្ចឲ្យទៅអន្តរាគមន៍ ដើម្បីចាប់បញ្ជូនទៅមណ្ឌលកែប្រែ ។
លោកអធិការបានឲ្យដឹងទៀតថា បុរសរូបនោះ បានប្រើដុំថ្ម និងដែក គប់មកលើសមត្ថកិច្ច ហើយសមត្ថកិច្ចបានប្រើខែល និងដំបង ដើម្បីឃាត់ខ្លួនបុរសរូបនោះ។ នៅក្នុងការឃាត់ខ្លួនបុរសរូបនោះ បានវាយបណ្ដាលឲ្យខែលបែករងការខូចខាតផងដែរ។ បន្ទាប់ពីឃាត់ខ្លួន បុរសរូបនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលកែប្រែឱកាសខ្ញុំ ដើម្បីបន្សាបសារធាតុញៀន ៕





ចែករំលែកព័តមាននេះ